ហ្វីលីពីន​​កំពុង​ប្រឈម​​ការអំពាវនាវ​​ឲ្យ​ស៊ើបអង្កេត​​លើ​សង្គ្រាម​​ប្រឆាំង​គ្រឿងញៀន​

05-07-2019 10:36 am 477
  ស្តាប់
ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែតេ
ស្តាប់ជាសំឡេង

​មាន​ប្រទេស​ជាង​២០​កាលពី​ថ្ងៃទី​០៤​កក្កដា បានចេញ​សេចក្ដីអំពាវនាវ​មួយ​ឲ្យ​អង្គការសហប្រជាជាតិ បើក​ការស៊ើបអង្កេត​លើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។ ប្រទេស​អ៊ី​ស្លង់​បាន​បញ្ជូន​ពង្រាង​សេចក្ដីសម្រេច​មួយ គាំទ្រ​ភាគច្រើន​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ដោយ​នៅក្នុង​សេចក្ដី​ពង្រាង​នោះ​ជំរុញ​ឲ្យ​រដ្ឋាភិបាលលោក​ឌុយ​ទែ​តេ រារាំង​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ស្នើឲ្យ​ដោះស្រាយ​ជាបន្ទាន់​។​

​រដ្ឋាភិបាល​លោក​ឌុយ​ទែ​តេបាន​ទទូចថា មាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជាង​៥​ពាន់​នាក់ ត្រូវបាន​ប៉ូលិស​សម្លាប់​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​កន្លងមក​។ ប៉ុន្ដែ​ក្រុម​សកម្មជន​ថា​មិនមែន​៥​ពាន់​នាក់​ទេ យ៉ាងហោចណាស់​ក៏​២៧,០០០​នាក់​ដែរ ត្រូវបាន​ប៉ូលិស​សម្លាប់​ចាប់តាំងពី​លោក​ឌុយ​ទែ​តេ​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៦​។ អ្នកនាំពាក្យ​ក្រុម​អង្គការ​សិទ្ធិមនុស្ស មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​បានឲ្យដឹងថា នៅក្នុង​រយៈពេល​បី​ឆ្នាំកន្លងមក មនុស្ស​២៧,០០០​នាក់​ត្រូវ​បានសម្លាប់ នៅក្នុង​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​។ ក្រុម​សិទ្ធិមនុស្ស​និយាយថា ក្នុង​បរិបទ​ជម្លោះ​គ្មាន​អាវុធ​នេះ គឺជា​ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ដ៏​អាក្រក់​បំផុត​ក្នុង​ពិភពលោក​។​

​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​នឹង​បោះឆ្នោត​លើ​សេចក្ដីសម្រេច​នេះ មុនពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​បី​សប្ដាហ៍​នៅ​ថ្ងៃទី​១២​កក្កដា​។ សម្រាប់​ប្រទេស​នៅ​អាស៊ី​ទំនង​មិន​គាំទ្រ​លើ​សេចក្ដីសម្រេច​នេះឡើយ ស្របពេល​អគ្គរដ្ឋទូត​ប្រទេស​នៅ​អាស៊ី​មួយរូប​បាន​និយាយថា ប្រទេស​របស់លោក​នឹងមិន​គាំទ្រ​ទេ ព្រោះ​មានរឿង​អាក្រក់​ជាច្រើន​កំពុង​កើតឡើង​ក្នុង​ពិភពលោក​។​

​ជា​ការកត់សម្គាល់​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ ធ្លាប់​រង​ការរិះគន់​មិនតិច​ដង​ទេ ជុំវិញ​ការដឹកនាំ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។ ក្រុម​អ្នក​រិះគន់​លើកឡើងថា​យុទ្ធនាការ​នេះ រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស​។ ប៉ុន្ដែ​លោក​ឌុយ​ទែ​តេមិន​ខ្វល់​ឡើយ និង​ឆ្លើយតប​ទៅវិញ​ថា​លោក​ធ្វើ​ដូច្នេះ ដើម្បី​លុបបំបាត់​ឲ្យបាន​ការ​ប្រើប្រាស់​និង​ការជួញដូរ​គ្រឿងញៀន​នៅ​ហ្វីលីពីន​។ ហ្វីលីពីន​ជា​ម្ចាស់​ប្រទេស ដូច្នេះ​ដឹងថា​ត្រូវធ្វើ​អ្វី​អនុវត្ដ​តាមច្បាប់​យ៉ាងម៉េច​ហើយ អន្ដរជាតិ​មិនគួរ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ហ្វីលីពីន​ទេ​៕

ព័ត៌មានផ្សេងទៀត