លោក​ហ៊ុន សែន​៖ កម្ពុជា​មាន​សិទ្ធិ​បរិបូរណ៍​បើ​ធៀប​នឹង​សម័យ​ខ្មែរក្រហម​

04-07-2019 8:45 pm 2226
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស នា​ថ្ងៃ​ទី​៤ កក្កដា នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​មាន​សិទ្ធិ​បរិបូរណ៍ បើ​ធៀប​នឹង​សម័យ​ខ្មែរក្រហម...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​លោក​ស្រី មី​ឆែ​ល បា​ឆេ​ឡេ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្សថា ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ពី​ដើម​មក បើ​មើលទៅ​សម័យ​ខ្មែរក្រហម គឺ​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ ហើយ​ជា​ការពិត អ្វី​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃនេះ មាន​បរិបូរណ៍​ដោយ​សិទ្ធិ​នៅ​ក្នុង​ប្រទេស ។​

​ថ្លែង​ក្នុង​ជំនួប​នា​ថ្ងៃ​ទី​៤ កក្កដា លោក​ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា នៅពេល​គេ​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ច្រើន លោក​តែងតែ​ស្វាគមន៍​អំពី​តម្រូវការ​សិទ្ធិមនុស្ស ។ លោក​ថា កន្លងមក មានការ​លាប​ពណ៌​កម្ពុជា ដោយ​រូបភាព​ផ្សេងៗ តែ អ្វី​ដែល​កម្ពុជា​នៅតែ​ធ្វើ គឺ​ការងារ​អភិវឌ្ឍ​, ការ​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ​, ការការពារ​និង​លើកតម្កើង​សិទ្ធិមនុស្ស ។​

​លោកនាយក​រដ្ឋមន្ត្រី​ថា កន្លងមក លោក​បាន​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ការពារ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូច​ជា​ថ្មីៗ​នេះ លោក​បាន​បង្កើត​ក្រុម​មេធាវី​ត្រៀម​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី​មាន​ក្តីក្តាំ ដោយ​ឥតគិតថ្លៃ ។ លោក​ថា លោក​បាន​បង្កើន​ថវិកាជាតិ​សម្រាប់​ក្រសួង​កិច្ចការនារី ក៏ដូចជា​ក្រសួង​យុត្តិធម៌ សម្រាប់​ធ្វើ​ការងារ​ជួយ​ដល់​សំណុំរឿង​របស់​ស្ត្រី​ដែល​ខ្វះ​មេធាវី ។​

​លោកស្រី មី​ឆែ​ល បា​ឆេ​ឡេ បាន​ថ្លែងថា ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ ទទួលស្គាល់ ដឹងថា អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ធ្វើ បាន​ដឹក​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ខ្លាំង ពិសេស សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម របស់​ប្រជាពលរដ្ឋ ។​

​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​រូប​នេះ​ថា របាយការណ៍​នៅក្នុង​ការត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​នេះ នឹង​ចេញ​នៅ​ថ្ងៃ​ទី​៥ កក្កដា ហើយ​លោក​ស្រី​ថា លោកស្រី​បាន​ឮ​ថា​កម្ពុជា​បាន​ទទួលយក​នូវ​អនុសាសន៍​ជា​ច្រើន ដែល​បាន​លើកឡើង​នា​ពេលកន្លងមក ។ លោកស្រី​បន្ត​ថា ការិយាល័យ​របស់​លោក​ស្រី ត្រៀម​ក្នុង​ការជួយ​ដល់​កម្ពុជា​ជានិច្ច ពិសេស​ក្នុង​ការរៀបចំ និង​ការពិនិត្យ​មើល​ឡើងវិញ នៅ​ពាក់កណ្តាល​អាណត្តិ​របាយ​ការណ៍​នេះ ៕

ព័ត៌មានផ្សេងទៀត