បន្ទាប់ពីមានការផ្សាយលើទំព័រកាសែតក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ ដែលបានលើកឡើងថា កម្ពុជាបដិសេធមិនព្រមទទួលជំនួយអាមេរិក ក្នុងការជួយជួសជុលអគារបញ្ជាការសន្តិសុខលំហសមុទ្ររាម អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការផ្សាយនោះ គឺជាដំណឹងមិនពិត...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃនេះបានអះអាងថា ការផ្សព្វផ្សាយចោទប្រកាន់ថា «ក្រសួងការពារជាតិកម្ពុជា បានបដិសេធជំនួយអាមេរិក ដែលសុំជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកនាវា របស់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា» គឺជាដំណឹងមិនពិតទាល់តែសោះ ដោយហេតុថា ក្រសួងការពារជាតិពុំដែលស្នើទៅអាមេរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ ។
ថ្លែងលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃទី៤ កក្កដា លោក ឈុំ សុជាតិ បានបញ្ជាក់ថា អគារហ្វឹកហ្វឺន និងផ្ទុកសម្ភារ ដែលរងការចោទប្រកាន់នេះ គឺមិនមែនចំណុះឱ្យមូលដ្ឋានកងទ័ពជើងទឹករាមទេ តែជាអគាររបស់គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ មានទីតាំងបណ្តោះអាសន្ននៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលនឹងត្រូវផ្លាស់ប្តូរទៅកាន់កន្លែងថ្មី ក្នុងពេលឆាប់ៗនេះ ហើយមិនទាន់មានភាពចាំបាច់ក្នុងការជួសជុលទេ ។
លោកបន្តថា ពាក់ព័ន្ធនឹងលិខិតរបស់ឧបការីរងក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអនុព័ន្ធយោធាប្រចាំការនៅក្នុងស្ថានទូតអាមេរិក មកស្តាប់ការបំភ្លឺអំពីមូលហេតុដែលកម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការទទួលជំនួយសហរដ្ឋអាមេរិក ដើម្បីជួសជុលអគារខាងលើដែរ ។
កាលពីថ្ងៃទី៣ កក្កដា កាសែតក្នុងស្រុកមួយបានផ្សព្វផ្សាយថា មានមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានស្នើភាគីកម្ពុជា ឱ្យពន្យល់ជុំវិញមូលហេតុដែលកម្ពុជា ផ្លាស់ប្តូរជំហរ មិនព្រមទទួលយកសំណើរបស់អាមេរិក ក្នុងការជួយជួសជុលអគារបញ្ជាការសន្តិសុខលំហសមុទ្ររាម និងបានធ្វើការកាត់ស្មានថា កម្ពុជា អាចនឹងមានផែនការអនុញ្ញាតឱ្យមានទីតាំងយោធារបស់ប្រទេសចិននាពេលអនាគត ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាត បានថ្លែងថា ក្នុងនាមលោកជាអ្នកនាំពាក្យ លោកស្នើដល់សារព័ត៌មានទាំងអស់ កុំបន្តធ្វើការបកស្រាយចំពោះដំណឹងមិនពិត ដែលអាចនាំឱ្យមានការភាន់ច្រឡំមកលើក្រសួងការពារជាតិកម្ពុជា ៕