លោក​ផៃ ស៊ីផា​ន​៖​សមរង្ស៊ី​គ្មាន​មូលដ្ឋាន​ចោទ​លោក​ហ៊ុន​សែន​ថា​យក​កម្ពុជា​ប្រឡូ​កក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

04-07-2019 7:00 pm 701
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​លោក​សម រង្ស៊ី បាន​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា បាន​យក​កម្ពុជា​ទៅ​ប្រឡូក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នោះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ការលើកឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ គ្រាន់តែ​ជា​ការចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​ដោយ​គ្មាន​មូលដ្ឋាន...

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៤ កក្កដា  បាន​អះអាង​ថា ការលើកឡើង​របស់​លោក​សម រង្ស៊ី ដែល​បាន​ចោទ​លោក​ហ៊ុន សែន ថា​បាន​យក​កម្ពុជា​ទៅប្រូ​ឡូក​ចូល​ក្នុង​សង្គ្រាមពា​ណិ​ជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នោះ គឺ​គ្រាន់តែ​ជា​ការចោទប្រកាន់​លើ​រាជរដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។​

​លោក ផៃ ស៊ីផា​ន ត្រូវបាន​ស្រង់​សម្តី​ដោយ​សារព័ត៌មាន​ដើមអម្ពិល នៅ​រសៀល​ថ្ងៃ​ដដែល​ថា រាជរដ្ឋាភិបាល​បាន​ប្រកាន់​ជំហរ មិន​ចំណុះ​ឱ្យ​ប្រទេស​ណាមួយ​ឡើយ ដោយ​កម្ពុជា​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ គឺ​បាន​ឈរ​ទៅលើ​គោលនយោបាយ ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក ដោយ​សេរី និង​បើកចំហរ ។​

​លោក​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រឆាំង​ជានិច្ច​ចំពោះ​ការ​គាំពារ​និយម​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក ជាមួយ​ចិន គឺ​នៅក្នុង​មូលបទ​មួយ​នៃ​ការការពារ​និយម ។ ទាំងនេះ​បាន​បញ្ជាក់ថា កម្ពុជា​មិនមែន​ស្ថិតនៅក្នុង​ដែន​សមរភូមិ​នៃ​វិវាទ​ពាណិជ្ជកម្ម​ពិភពលោក​ឡើយ ។​

​គូសបញ្ជាក់ថា លោក សម រង្ស៊ី នៅ​រសៀល​ថ្ងៃ​ទី​៤ កក្កដា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​ក្នុង​សំណេរ​ខ្លី​ដែល​មាន​ចំណងជើង​ថា លោក​ហ៊ុន សែន យក​កម្ពុជា​ទៅ​ប្រឡូក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ។​

​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​លើកយក​សំណេរ​ជា​ភាសា​អង់គ្លេស ក្នុង​ទស្សនា​វ​ដ្តី​អន្តរជាតិ Project Syndicate ជា​ភាសា​ខ្មែរ​ថា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កម្ពុជា​បាន​ក្លាយទៅជា​កន្លែង​លាក់​ពួន សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​គេចផុត​ពី​ច្បាប់ ដែល​ប៉ះពាល់​ដល់​ប្រាក់ចំណេញ​របស់ខ្លួន ។​

​លោក​ថា នេះ​ជា​កត្តា​មួយ​ដ៏​អាក្រក់ ដែល​កាត់បន្ថយ​លទ្ធភាព​របស់​សហរដ្ឋអាមេរិ​ក ក្នុងការ​ដំឡើងពន្ធដា​រ លើ​ទំនិញ​របស់​ចិន តែ វា​ក៏​ជា​កត្តា​មួយ​ដ៏​អាក្រក់​ដែរ សម្រាប់​អនាគត​ប្រទេស​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត