App “City Bus Official”​នឹង​ទាក់ទាញ​ពលរដ្ឋ​ឲ្យប្រើ​រថយន្តក្រុង​កាន់តែច្រើ​ន​

04-07-2019 4:45 pm 376
  ស្តាប់
ស្តាប់ជាសំឡេង

​គិត​មកដល់ពេលនេះ មាន​រយៈពេល​៥​ឆ្នាំ​ហើយ ដែល​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់ឲ្យ​ដំណើរការ សេវា​រថយន្តក្រុង​សាធារណៈ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត​នៅក្នុង​ក្រុង សម្រួល​ដល់​ការកកស្ទះ​ចរាច​រណ៍​។​​យ៉ាងណាមិញ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង និង​ក្រុម​អ្នកជំនាញ JICA បាន​បង្កើត និង​ដាក់​ដំណើរការ App “City Bus Official” ដែល​អាច​គ្រប់គ្រង​ប្រតិបត្តិការ រថយន្តក្រុង និង​តាមដាន ទីតាំង​ចលនា​បម្លាស់​ទី​រថយន្តក្រុង ដើម្បី​បន្ថែម ភាពងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ប្រព័ន្ធ APP​នេះ នឹង​ផ្តល់​ភាព​ងាយ ស្រួល​បន្ថែមទៀត ដល់​អ្នកប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​។ ក្នុងនោះ នឹង​កាន់តែ​ទាក់ទាញ​ពលរដ្ឋ​កាន់តែ ច្រើន​ឲ្យ​ងាក​មក ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​នេះ​។ កម្មវិធី​នេះ អាច​ផ្តល់​ដំណឹង​ដល់​អ្នកបើកបរ​អាច​បញ្ជៀស កុំឲ្យ​រថយន្តក្រុង​ពីរ ឬ​ច្រើន​គ្រឿង មក​ដល់​ក្នុង​ពេល​តែមួយ និង​ផ្តល់ដំណឹង​ដល់​អ្នកប្រើប្រាស់​សេវា​អាច​ដឹង​ជាមុន អំពី​ពេលវេលា​ដែល​រថយន្ត​នឹង​មកដល់ ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា​រង់ចាំ​យូរ នៅតាម​ចំណត​ដូច​មុន​ទៀតឡើយ​។​

​លោក​អភិបាលក្រុង​រូបនេះ មានប្រសាសន៍​ទៀត​ថា ចាប់ពី​ឆ្នាំ​២០១៤ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ដៃគូ​ពាក់ព័ន្ធ​តែងតែ​យកចិត្ត ទុកដាក់​ធ្វើយ៉ាងណា​ឲ្យ​ការផ្តល់សេវា សាធារណៈ​មួយ​នេះ មាន​ភាពល្អប្រសើរ សំដៅ​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ពលរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កីឡាករ កីឡា​ការិនី និង​កម្មករ កម្មការិនី ដែលជា​អ្នក​ប្រើប្រាស់​។​

​លោក អ៊ាន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បានឲ្យ​ដឹង​ដែរថា “​ក្នុង​គម្រោង​រយៈពេល​៤​ឆ្នាំ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៧ ដល់​ខែ​ធ្នូ ឆ្នាំ​២០២០ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន និង​ក្រុម​ជំនាញការ JICA បាន​ដាក់​ឲ្យ​ដំណើរ ការ​សេវា​ដឹកជញ្ជូន​សាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​១៣​ខ្សែ ប្រើប្រាស់​រថយន្ត ២៣៥​គ្រឿង និង​មាន​អ្នក​ជិះ​រថយន្តក្រុង​ពី​២៦.០០០​នាក់ ទៅ​៣០.០០០​នាក់ ក្នុង​មួយ​ថ្ងៃ​”៕

ព័ត៌មានផ្សេងទៀត