​រដ្ឋមន្ត្រីក្រសួង​ដែនដី​​ព្រមាន​ក្រុមហ៊ុន​សាងសង់​ណា​​ដែល​នៅតែ​ល្មើសច្បាប់​​

04-07-2019 4:00 pm 1122
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ បាន​បណ្ដាលឱ្យ​កម្មករសំណង់​ជាច្រើន​នាក់​ស្លាប់ និង​របួស លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ទាំងអស់ ត្រូវ​សាងសង់​គោរព​តាមច្បាប់​ដែល​បានកំណត់ និង​ព្រមាន​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​សាងសង់​ណា ដែល​នៅតែ​បន្ត​ល្មើសច្បាប់ ដោយ​គ្មាន​ការលើកលែង​។

​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​សាងសង់​ទាំងអស់ នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវ​សាងសង់​សំណង់​ទៅតាម​ច្បាប់​ដែល​បានកំណត់ ដោយ​មិនត្រូវ​សាងសង់​លើសពី​ច្បាប់​កំណត់ ដែល​ក្រសួង​បាន​អនុញ្ញាត​ឡើយ ក្នុងករណីរកឃើញ​ក្រុមហ៊ុន​ណានៅតែសាងសង់​លើ្មស​ច្បាប់​ ក្រសួង​មិន​ទទួលខុសត្រូវ​នោះឡើយ​។ ការអំពាវនាវ​របស់​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការងារ​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​អគារ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​សុខា​ភ្នំពេញ​។ 

​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​រូបនេះ ក៏បាន​គូសបញ្ជាក់ថា អ្នកទទួលខុសត្រូវ​ទៅលើ​សំណង់ ដែល​សាងសង់​មិន​ត្រឹមត្រូវ​តាម​លក្ខ​ខណៈ​បច្ចេកទេស មិនមែន​អាជ្ញាធរ​ទេ គឺ​អគ្គនាយក​សំណង់ រហូតដល់​ភូមិបាល ដូច្នេះ​ភូមិបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ ជាមួយគ្នា​នោះ​លោក ជា សុផារ៉ា ក៏បាន​ព្រមាន​ផងដែ​រថា បើ​រកឃើញ​សំណង់​ណា​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ក្នុងករណី​ល្មើស​ជាមួយនឹង​ការហាមឃាត់​របស់​អាជ្ញា​ធរ ត្រូវអនុវត្ត​វិធានការ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​…………

​សំឡេង​៖

​ពាក់ព័ន្ធ​បញ្ហា​វិស័យ​សំណង់​នេះដែរ លោក ជា សុផារ៉ា ក៏បាន​បង្ហើប​ឱ្យដឹងថា មាន​ក្រុមហ៊ុន​រោងចក្រ​ផលិត​ស៊ីម៉ង់​មួយចំនួន ផលិត​ស៊ីម៉ង់​មិន​ត្រឹមត្រូវ​តាម​លក្ខ​ខណៈ​បច្ចេក​ទេ ដោយ​លួច​លាយ​ខ្សាច់​សមុទ្រ ហើយ​លក់​ក្នុង​តម្លៃថោក​ជាងគេ​។ លោក បាន​ចោទ​ជា​សំណួ​រថា សំណង់​បែបនេះ តើ​មានគុណ​និង​មាន​ភាពរឹងមាំ​ដែរឬទេ​? ដោយ​លោក​បាន អះអាងថា នៅ​ខាងមុខនេះ​នឹងមាន​បិទ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​ខ្លះ​ចោល ហើយ​លោក​បាន​សំណូមពរ​ទៅ​វិទ្យាស្ថាន​ជាតិ​បច្ចេកទេស ដើម្បី​ឱ្យធ្វើ​សេចក្ដីសន្និដ្ឋាន​ទៅលើ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង និង​ធ្វើ​ការតាមដាន បើ​រកឃើញថា​មាន​កំហុស គឺ​បិទ​ចោល​តែម្ដង ហើយពី​ថ្ងៃនេះ​ទៅ​លែងមាន​អ្នក​អន្តរាគមន៍​នៅក្រោយ​ហើយ​។​

​សូមបញ្ជាក់ថា ការរៀបចំ​កិច្ច​ប្រជុំស្ដីពី​ការងារ​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​អគារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា​នេះ គឺ​ធ្វើ​ឡើងក្រោយពី​មាន​ករណី​ដួលរលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ បាន​បណ្ដាលឱ្យ​កម្មករសំណង់​២៨​នាក់​បាន​ស្លាប់ និង​របួស​ចំនួន​២៦​នាក់ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ អគារ​ដែលរ​លំបាក់​នេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែន បញ្ជាក់ថា សំណង់​អគារ​នេះ គឺ​សាងសង់ឡើង​ដោយ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ចុះទៅ​ឃាត់​ចំនួន​២​ដង​ហើយ​ តែម្ចាស់អគារមិនស្ដាប់។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ចុះទៅ​ស៊ើបអង្កេត​ក្នុងករណី​បាក់​រលំ​អគារនេះ ដើម្បី​ស្វែងរក​ការពិត​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត