តួ​ក​គី​៖​​បើ​អាមេរិក​​មិន​ប្រគល់​​យន្ដហោះ​F-35​​តាម​សន្យា​​វា​ដូចជា​​ការ​ប្លន់​យក​​អ៊ីចឹង​

04-07-2019 3:41 pm 571

​យោងតាម​ការចុះផ្សាយរ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី ដោយ​ដកស្រង់​សម្ដី​ប្រធានាធិបតី​លោក​Tayyip Erdogan​បានឲ្យដឹងថា រឿង​ដែល​អាមេរិក​មិន​ព្រម​ប្រគល់​យន្ដហោះ​ចម្បាំង​F-35​ឲ្យ​តួក​គី ប្រៀបដូចជា​ការ​ប្លន់​យក​យន្ដហោះ​ទាំងនោះ​ពី​តួ​ក​គី​អ៊ីចឹង​ដែរ​។ មន្ដ្រី​អាមេរិក​ធ្លាប់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters​ថា រដ្ឋបាល​លោក​ត្រាំ​នៅតែមាន​ផែនការ​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី ហើយ​ដក​តួ​ក​គី​ចេញពី​កម្មវិធី​យន្ដហោះ​ចម្បាំង​F-35 ប្រសិនបើ​ប្រទេស​សមាជិក​ណា​តូ​មួយ​នេះ បន្ដ​ចង់បាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ពី​រុស្ស៊ី​។​

​លោក​Erdogan​បាន​ប្រាប់​អ្នកសារព័ត៌មាន​ពេលធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ថា “​ប្រសិនបើ​អ្នកមាន​អតិថិជន​ដែល​បង់លុយ​ឲ្យ​អ្នក តើ​អ្នក​មិន​ប្រគល់​ទំនិញ​ឲ្យ​អតិថិជន​យ៉ាងម៉េច​បាន​? បើ​ធ្វើដូច្នេះបាន​មែន វា​ដូចជា​ការ​ប្លន់​យក​អ៊ីចឹង​ដែរ​។​” លោក​បន្ថែមថា តួ​ក​គី​បាន​ចំណាយ​អស់​១.៤​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​យន្ដហោះ​F-35​ពី​អាមេរិក ដោយ​តួ​ក​គី​ទើប​ទទួលបាន​ចំនួន​៤​គ្រឿង​ទេ ហើយ​អ្នកបើក​យន្ដហោះ​តួ​ក​គី​នឹង​ទៅ​អាមេរិក​ដើម្បី​ហ្វឹកហាត់​បច្ចេកទេស​។ លោក​Erdogan​សង្កត់ធ្ងន់ថា “​យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះ​F-35​ចំនួន​១១៦​គ្រឿង​។ យើង​មិន​ត្រឹមតែ​ជា​ទីផ្សារ​របស់​អាមេរិក​ទេ ប៉ុន្ដែ​យើង​ក៏​ជា​អ្នកចូលរួម​ផលិត​ដែរ​។ យើង​បាន​ផលិត​ផ្នែក​ខ្លះ​នៃ​យន្ដហោះ​នេះ​នៅ​តួ​ក​គី​។​”

​សូមបញ្ជាក់ថា បន្ទាប់ពី​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក នៅក្រៅ​កិច្ចប្រជុំ​G20​ក្នុងប្រទេស​ជប៉ុន​កាលពី​ចុង​សប្ដាហ៍​មុន លោក​Erdogan​និយាយថា​ទីក្រុង​អង់កា​រ៉ា​អាច​នឹង​លុបចោល​ទណ្ឌកម្ម​អាមេរិក នៅពេលដែល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​បញ្ជូន​មកដល់​តួ​ក​គី​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ ចំពោះ​លោក​Donald Trump​បានបង្ហាញ​ពី​ទំនាក់ទំនង​ជាមួយ​លោក​Erdogan ថា​នៅតែ​អាច​ផ្លាស់ប្ដូរ​បាន​តាមរយៈ​ការបោះបង់ចោល​ឬ​ផ្អាក​ទណ្ឌកម្ម​។ ប៉ុន្ដែ​បើ​ធ្វើ​ដូច្នេះ​លោក​Trump​នឹង​ធ្វើឲ្យ​សម្ព័ន្ធមិត្ដ​ក្នុង​សភា​អាមេរិកខក​ចិត្ដ​មិនខាន​។​

​ជា​ការកត់សម្គាល់​ប្រសិនបើ​អាមេរិក​ដក​តួ​ក​គី​ចេញពី​កម្មវិធី​យន្ដហោះ​F-35 ហើយ​បន្ដ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​សម្ព័ន្ធមិត្ដ​ណាតូ​មួយនេះ វា​នឹង​ក្លាយជា​ការបំផ្លិចបំផ្លាញ​ដ៏​ធំ​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​៕

ព័ត៌មានផ្សេងទៀត