ខេត្ត​ត្បូងឃ្មុំ​ដាក់ចេញ​វិធានការ​៦​ចំណុច​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

04-07-2019 3:18 pm 222

​កាលពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​ផលិតកម្ម​បសុព្យាបាល​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រក​ឃើញ​វត្តមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ហើយ​ក៏​ត្រូវបាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កំណត់​ជា​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ផងដែរ​។​

​ជា​ការកត់សម្គាល់ ក្រោយ​មាន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​មួយ​នេះ នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន ៦​ចំណុច ដើម្បី​ជា​ការចូលរួម​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​។​វិធានកា​រទាំង ៦​ចំណុច​នោះ​រួមមាន​៖

១.​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បន្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព សត្វ​និង​ផលិតកម្ម​សត្វ​សម្របសម្រួល​អនុវត្តតាម​ខ្លឹមសារ​ប្រកាស​ស្តីពី​ការកំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកឲ្យ​បានរ​លូន និង​ការទទួលខុសត្រូវ​ខ្ពស់​។​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ចាត់​មន្ត្រី​បសុព្យាបាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បាញ់​ថ្នាំ​រម្ងាប់​មេរោគ ក្នុង​ភូមិសាស្ត្រ និង​ច្រកចេញ ចូល ភូមិ​ទាំង​ពីរ ជាប្រចាំ​រហូត​មាន​ប្រកាស​ថ្មី​

២.​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ចាត់​មន្ត្រី​បសុព្យាបាល សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ មេភូមិ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ស្រង់​ស្ថិតិ​ឲ្យបាន​ច្បាស់​អំពី​ចំនួន​គ្រួសារ កសិករ​មាន​ចិញ្ចឹម​ជ្រូក​ចំនួន​ជ្រូក​កំពុង​មាន​វត្តមាន​ក្នុង​ទ្រុង​ស្ថានភាព​សុខភាព​សត្វ ទាំង​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​និង​តំបន់​ក្នុង​រង្វង់​កាំ​៣​គីឡូម៉ែត្រ និង​១០​គីឡូម៉ែត្រ​

៣.​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​អូររាំងឪ មេឃុំ​គ្រប់​ឃុំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មៀន និង​មេភូមិ ត្រូវតែ​ចូលរួម​គាំទ្រ និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បសុព្យាបាល ធ្វើការ​អប់រំ​ផ្សព្វផ្សាយ ប្រកាស​ស្តីពី​ការកំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ផលវិបាក​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ឲ្យបាន​ទូលំទូលា​យ និង​តាមដាន​ស្ថានភាព​សុខភាព​សត្វ​នៅ​កន្លែង​ចិញ្ចឹម និង​ទប់ស្កាត់​ការទិញ លក់ ដឹកជញ្ជូន​សត្វ​ចេញ ចូល​ក្នុង​និង​ឆ្លងកាត់​តំបន់​ផ្ទុះ​ជំងឺ​

៤.​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​នូវ​ផលវិបាក នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ចំពោះ​សេដ្ឋកិច្ច​កសិករ ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​រាយការណ៍​ជា​បន្ទាន់​ដល់​មន្ត្រី​ជំនាញ​បសុព្យាបាល​ខេត្ត​ត្បូងឃ្មុំ ក្នុងករណី​មាន​សត្វ​ជ្រូក​ឈឺ ឬ​ងាប់ ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព​

៥.​អង្គភាព​ប្រចាំការ​តាម​ច្រកព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ទាំងអស់ ត្រូវ​ពង្រឹង​ការហាមឃាត់​និង ទប់ស្កាត់​ចរាចរ​សត្វ​ជ្រូក និង​ផលិតផល​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ឆ្លងកាត់​ព្រំដែន​ដោយ​គ្មាន​លិខិតអនុញ្ញាត​

៦.​ម្ចាស់​សត្តឃាតដ្ឋាន ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បសុព្យាបាល ទប់ស្កាត់​ការនាំ​ចូល​សត្វ ជ្រូក​រស់​គ្មាន​លិខិតបញ្ជាក់​អនាម័យ​សត្វ​ពី​សមត្ថកិច្ច​បសុពេទ្យ​ចូល​ក្នុង​សត្តឃាតដ្ឋាន និង​ជួយ​ណែនាំ​ដល់​អាជីវករ​ពិឃាតសត្វ​ជ្រូក ត្រូវ​ទិញ​ជ្រូក​ដែល​មាន​ប្រភព​ពី​តំបន់​គ្មាន​ជំងឺឆ្លង មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ និង​មិន​អនុញ្ញាត​ឱ្យ​ពិឃាតសត្វ​ជ្រូក​ក្រៅ​សត្តឃាតដ្ឋាន​ឡើយ​។

​គូសបញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ជំងឺ​នេះ បានធ្វើឱ្យ​សត្វ​ជ្រូក​ប្រហែល​៤០០​ក្បាល​ស្លាប់ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នៅក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ៕

ព័ត៌មានផ្សេងទៀត