កម្ពុជា​​ត្រូវការ​​«​វប្បធម៌​​នយោ​បាយ​ថ្មី​​»​ឬ​​?​

04-07-2019 3:16 pm 486
  ស្តាប់
ស្តាប់ជាសំឡេង

​ចាប់តាំងពី​ឆ្នាំ​១៩៩១ មកដល់​ពេលបច្ចុប្បន្ន គឺមាន​រយៈ​ជិត​៣​ទសវត្សរ៍​មកហើយ​ដែល​ប្រទេស​កម្ពុជា​ប្រកាន់យក​នូវរ​បប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​រយៈពេល​ជិត​៣០​ឆ្នាំ​មកនេះ គេ​មើលឃើញថា អ្នកនយោបាយ​ខ្មែរ ហាក់​មិនទាន់​ចេះ​បន្សាំ​ខ្លួន​ជាមួយនឹង​វប្បធម៌​ពហុ​គំនិត ពោលគឺ ពាក្យរិះគន់​ក្នុងន័យ​ស្ថាបនា ឬក៏​មតិផ្ទុយ​ពី​គំនិត​របស់ខ្លួន​។​ផ្ទុយទៅវិញ  វប្បធម៌​លាប​ពណ៌ ជេរប្រមាថ ធ្វើឱ្យមាន​ការ​ប្រេះឆា​នៅក្នុង​សង្គម​បែរជា​បន្ត​កើតមាន​ទៅវិញ​។​តើ​កម្ពុជា​ត្រូវការ​«​វប្បធម៌​នយោបាយ​ថ្មី​»​ឬ​?

​រយៈពេល​ជិត​៣០​ឆ្នាំ​មកនេះ គឺជា​រយៈ​ដ៏​សំខាន់​មួយ​សម្រាប់​វាស់​ស្ទង់​អំពី​កម្រិត​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តើ​កម្ពុជា​បាន​បណ្តុះ​គ្រាប់ពូជ​នៃ​វប្បធម៌​នយោបាយ​ថ្មី​នេះ​បាន​កម្រិតណា​? ដើម្បី​ឆ្លើយ​សំណួរ​នេះ គេ​គួរ​គប្បី​ពិនិត្យមើល​ចរិត​អ្នកនយោបាយ​ជាមុនសិន ពីព្រោះ​ពួកគេ គឺជា​តួអង្គ​សំខាន់ ក្នុង​ការបណ្តុះ​គ្រាប់ពូជ​ប្រជាធិបតេយ្យ​។​

​អ្នកនយោបាយ​ប្រជាធិបតេយ្យ គឺជា​អ្នក​ដែល​អាច​បន្សាំ​ខ្លួន​បាន​យ៉ាង​ល្អ​ទៅនឹង​វប្បធម៌​ពហុ​គំនិត ពោលគឺ ពាក្យរិះគន់​ក្នុងន័យ​ស្ថាបនា ឬក៏​មតិផ្ទុយ​ពី​គំនិត​របស់ខ្លួន មិនមែនជា​រឿង​គួរឱ្យ​ខឹងច្រឡោត​ទេ​។ ព្រោះថា មតិ​ផ្ទុយ ឬ​ការរិះគន់ វា​អាចជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត ដែល​ជួនកាល​ខ្លួនឯង​មើលមិនឃើញ​។​ដូច្នេះ​អ្នកប្រជាធិបតេយ្យ​តែង​ត្រៀមខ្លួន​ជានិច្ច ក្នុង​ការទទួល​យកពាក្យ​រិះគន់ និង ស្តាប់​មតិយោបល់​ពី​អ្នកដទៃ ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​របស់ខ្លួន​។​

​នៅ​កម្ពុជា ពោលគឺ​ចាប់តាំងពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣​មក គេ​វាស់​ស្ទង់​ឃើញថា អ្នកនយោបាយ​ហាក់ដូចជា​មិនទាន់​ចេះ​បន្សាំ​ខ្លួន​ជាមួយនឹង​វប្បធម៌​ពហុ​គំនិត​បានល្អ​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ​អ្នកនយោបាយ ច្រើនតែ​ប្រកួតប្រជែក​គ្នា​ដោយ​ប្រើ​ល្បិចកល​ផ្សេងៗ ដោយ​មិន​គិតគូរ​ពី​ការ​ប្រេះឆា​ក្នុងសង្គម​ជាតិខ្មែរ​ឡើយ​។​

​ជាទូទៅ​ជិត​៣០​ឆ្នាំ​មកនេះ ការប្រឈមមុខ​ដាក់គ្នា​រវាង​អ្នកនយោបាយ បាន​កើតមាន​ស្ទើរ​គ្រប់​អាណត្តិ​។​មិន​ថា​ក្នុង​បក្ស​កាន់អំណាច ឬ​ក្នុង​បក្សប្រឆាំង​ទេ ពួកគេ​ច្រើនតែ​សប្បាយ​តែ​នឹង​ពាក្យ​សរសើរ​។ តែបើ​មាន​ពាក្យរិះគន់​វិញ អ្នកនយោបាយ​ក៏​ផ្តើម​បញ្ចេញ​ប្រតិកម្ម​ច្រឡោត​ភ្លាម​មួយ​រំពេច​។ អ្នក​ដែល​ហ៊ាន​រិះគន់ បើជា​មនុស្ស​នៅក្នុង​បក្ស​ជាមួយគ្នា​នឹង​ត្រូវគេ​លាប​ពណ៌​ភ្លាម​ថា ជា​មនុស្ស​ក្បត់បក្ស ឬ​លក់ខ្លួន​ទៅឱ្យ​បក្ស​ដទៃ​។​ប្រសិនបើ​អ្នក​រិះគន់​នោះ ស្ថិតក្នុង​មជ្ឈដ្ឋាន​ផ្សេង​វិញ ពាក្យ​ជេរប្រមាថ ដៀលត្មះ ឬ​ប្រតិកម្ម​យ៉ាង​គំរោះគំរើយ​នឹង​កើតមាន​ជា​លំដាប់​។​

ជម្លោះ​អ្នកនយោបាយ ពេលខ្លះ​បង្ក​ឱ្យ​ប្រជាជន​កម្ពុជា ព្រួយបារម្ភ​ខ្លាច​សង្គ្រាម​ផ្ទុះឡើង​សាជាថ្មី​។ ពេល​ជិត​បោះឆ្នោត​ម្តងៗ ពលរដ្ឋ​ខ្លះទៀត ត្រៀម​ទិញ​គ្រឿង​បរិភោគ​ទុក អ្នកខ្លះ​ត្រឡប់​ចេញទៅ​ស្រុកកំណើត ដើម្បី​ជួប​ក្រុមគ្រួសារ​វិញ​។ ចំណែក​ពលរដ្ឋ​ដែលជា​សកម្មជន​នយោបាយ​មួយចំនួន ត្រូវ​រងគ្រោះ​ដោយសារ​សកម្មភាព​នយោបាយ​ជាដើម​។ តើ​កម្ពុជា​ត្រូវ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ​ថ្មី​ឬ​?

​ម្លោះ​ហើយ​បានជា​ពេល​ថ្មីៗ​នេះ ក្រុមអ្នកវិភាគ​នយោបាយ និង អ្នកឃ្លាំមើល​សង្គម បាន​បង្កើត​ចលនា​វប្បធម៌​នយោបាយ​ថ្មី​។ ចលនា​វប្បធម៌​នយោបាយ​ថ្មី​នេះ គឺជា​របៀប​ថ្មី ទស្សនៈ​ថ្មី ឥរិយាបថ​ថ្មី និង​ថាមពល​ថ្មី​នៃ​ការធ្វើ​នយោបាយ​។ ពួកគេ​បាន​លើកឡើងថា ការបង្កើត​វប្បធម៌​នយោបាយ​ថ្មី​នេះ គឺ​ចាំបាច់​សម្រាប់​កម្ពុជា ដើម្បី​ផ្សះផ្សា​ជាតិ​ដែល​បែកបាក់​ដោយសារ​ទម្លាប់​ធ្វើ​នយោបាយ​បែប​ចាស់គំរិល​របស់​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​។​

​ចលនា​បង្កើតជា «​វប្បធម៌​នយោបាយ​ថ្មី​»​នេះ បន្ទាប់ពី​ពួកគេ​សង្កេតឃើញថា វប្បធម៌​នយោបាយ​ខ្មែរ​បច្ចុប្បន្ន មិនល្អ និង បាន​បង្កឱ្យមាន​ការ​ប្រេះឆា មាន​អ​រី​ភាព បែកបាក់​សាមគ្គី​រវាង​ខ្មែរ​។ «​វប្បធម៌​នយោបាយ​ថ្មី​» គឺ​បើកចំហ​យក​មតិ​ពី​គ្រប់​និន្នាការ និង គ្រប់​សមាសភាព ដើម្បីឱ្យ​កម្ពុជា​អាច​ចូលរួម​ក្នុង​ដំណើរការ​កសាង​ប្រជាធិបតេយ្យ​ពិតប្រាកដ និង លើក​កំពស់​ការបង្រួបបង្រួម​ខ្មែរ និង ការឯកភាព​ជាតិ​។​

​ជា​ពិត​នៅក្នុង​យុគសម័យ​ថ្មី​នេះ ការប្រឹងប្រែង ដើម្បី​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ គឺជា​រឿង​អត្តិភាព​សម្រាប់​កម្ពុជា ជាង​ការឈ្លោះទាស់ទែង​គ្នា​ផ្ទៃក្នុង​។​ទាំង​អ្នកវិនិយោគ និង ប្រជាពលរដ្ឋ សុទ្ធតែ​មិន​ចង់ឃើញ ការប្រឈមមុខគ្នា​របស់​អ្នកនយោបាយ ព្រោះថា​វា​មិន​ផ្តល់​ផលចំណេញ​អ្វី​ដល់​សង្គមជាតិ​។​ប្រជាពលរដ្ឋ ចង់ឃើញ​អ្នកនយោបាយ ប្រកួត​គ្នា​ដោយ​ប្រើ​គោលនយោបាយ ជាង​ប្រជែង​យក​អំណាច​រៀងៗ​ខ្លួន​។ អ្នកនយោបាយ​គួរតែ​បានដឹងថា ពលរដ្ឋ​ត្រេតអរ ពេល​អ្នកនយោបាយ​អង្គុយ​ជជែក​គ្នា​។ ប៉ុន្តែ​ការភ័យខ្លាច​នឹង​ត្រឡប់មកវិញ នៅពេលដែល​អ្នកនយោបាយ​មាន​វិវាទ​នឹង​គ្នា​៕

ព័ត៌មានផ្សេងទៀត