ក្រសួង​វប្បធម៌​ ត្រៀម​ទទួល​វត្ថុ​បុរាណ​ចំនួន​៨៥ ​ពី​ជនជាតិ​ជប៉ុន​

04-07-2019 2:34 pm 307
  ស្តាប់
ស្តាប់ជាសំឡេង

លោកស្រី​បណ្ឌិត​ហ្វូ​មីកូ តា​កាកុ​វ៉ា​ជនជាតិ​ជប៉ុន បាន​ស្ម័គ្រចិត្ត​ប្រគល់ ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ៨៥​មុខ​/​បំណែកជូន​រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​របស់​ស្វាមី​លោកស្រី​គឺ​លោក​បណ្ឌិត សាស្ត្រាចារ្យ ម៉ូ​រី​ហ្វូ​មី តា​កាកុ​វ៉ា​។ ​អំណោយ​វត្ថុ​បុរាណ​ទាំង​៨៥​មុខ ត្រូវបាន​នាំ​តាមរយៈ​លោក ម៉ាសា​ម៉ូតូ ហូ​ស៊ីណូ និង​ភរិយា កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​នឹងត្រូវ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រៀបចំ​ពិធី​ប្រគល់​និង​ទទួល​នៅ​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​។​

វត្ថុ​បុរាណ​ទាំងនេះ ជា​បដិមា​ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿង​លម្អ ត្រា​មាន​លម្អរូប​សត្វ​ធ្វើ​ពី​សំរឹទ្ធ បំណែក​តុបតែង ខ្សែក​ធ្វើ​ពី​មាស កុលាលភាជន៍ និង​អកកំបោរ​ធ្វើ​ពី​ស្ពាន់​។ វត្ថុ​បុរាណ​ទាំងនេះ​មាន​អាយុកាល ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ សម័យមុន​អង្គរ សម័យអង្គរ និង​សម័យ​ក្រោយ​អង្គរ​។ នេះបើយោងទៅតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​កោតសរសើរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកស្រី​បណ្ឌិត ហ្វូ​មីកូ តា​កាកុ​វ៉ា​ដែលមាន​ចិត្តសប្បុរស​ប្រគល់​វត្ថុ​បុរាណ​ទាំងនេះ ជូន​រដ្ឋាភិបាល​។ ជាមួយគ្នានេះដែរ លោកស្រី​ភឿង សកុណា​រដ្ឋមន្ត្រី​នៃ​ក្រសួង​វប្ប​ធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែងថា ការស្ម័គ្រចិត្ត​ប្រគល់​នូវ​វត្ថុ​បុរាណ​មកកាន់​ប្រទេស​កំណើត​វិញ បង្ហាញឲ្យឃើញពី​ការលើ​កត​ម្លៃសម្បត្តិ​វប្បធម៌​នៃ​មនុស្សជាតិ និង​ការប្រសើរ​ឡើងវិញ នូវ​ក្រមសីលធម៌​នៃ​អ្នកធ្វើ​សមុច្ច័យ​វត្ថុ​បុរាណ​។ 

​ទន្ទឹមនឹងនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកទឹកចិត្ត​ដល់​បុគ្គល​ឯកជន សារមន្ទីរ ក្រុមហ៊ុន ក៏​ដូច​ស្ថាប័ន​នានា​លើ​សកលលោក​ ដែល​កំពុង​តាំង​បង្ហាញ និង​រក្សាទុក​វត្ថុ​បុរាណ​របស់​កម្ពុជា ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​តាមរយៈ​ស្ថានទូត​កម្ពុជា​នៅតាម​ប្រទេស​នីមួយៗ ក្នុង​ការស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ​ទាំងនោះ​មក​កម្ពុជា​វិញ​៕

 ពាក្យគន្លឹះ  វត្ថុបុរាណ

ព័ត៌មានផ្សេងទៀត