អាមេរិក​​នៅតែ​រឹតបន្ដឹង​​ទណ្ឌកម្ម​​​​ទោះ​លោក​គីម​​និង​លោក​ត្រាំ​​ជួបគ្នា​

04-07-2019 1:34 pm 285
  ស្តាប់
លោកគីម ជុងអ៊ុន(ស្ដាំ)និងលោកដូណាល់ ត្រាំពេលជួបគ្នា​នៅព្រំដែនកូរ៉េ
ស្តាប់ជាសំឡេង

​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​០៣​កក្កដា បាន​ត្អូញត្អែ​លើ​ករណី​អាមេរិក​ទទួច​ឲ្យ​បណ្ដា​ប្រទេ​សនានា បញ្ជូន​ពលករ​កូរ៉េខាងជើង​ត្រឡប់​ទៅវិញ ស្របពេល​លោក​ដូណាល់ ត្រាំ​បាននិងកំពុង​អញ្ជើញលោក​គីម ជុង​អ៊ុ​នឲ្យចូលរួម​កិច្ចច​រចា​ជាថ្មី​។ តាម​ការបញ្ជាក់​ពី​មន្ដ្រី​កូរ៉េខាងជើង​ទទួលបន្ទុក​បេសកកម្ម​នៅ​អាមេរិក​បានឲ្យដឹងថា អាមេរិក​នៅតែ​អនុវត្ដ​គោលការណ៍​តឹងរ៉ឹង​ប្រឆាំង​កូរ៉េខាងជើង​ដដែល ទោះបីជា​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​ស្វែងរក​កិច្ចចរចា​ជាមួយគ្នា​ក្ដី​។​

​មន្ដ្រី​កូរ៉េខាងជើង​និយាយថា អាមេរិក​រួមជាមួយ​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ផ្ញើលិខិត​ទៅកាន់​បណ្ដា​ប្រទេស​ជាច្រើន ទទូច​ឲ្យ​បញ្ជូន​ពលករ​កូរ៉េខាងជើង​ត្រឡប់​ទៅវិញ​។ លិខិត​នេះ​បាន​ផ្ញើ​ទៅ​កាលពី​ថ្ងៃទី​២៩​មិថុនា មួយ​ថ្ងៃមុន​លោក​ត្រាំ​ជួប​លោក​គីម​នៅ​ព្រំដែន​កូរ៉េ​។ ចំពោះ​លិខិត​របស់​អាមេរិក​តាមពិត​ផ្ញើ​ទៅ​តាំងពី​ថ្ងៃទី​២៧​មិថុនា​មកម្ល៉េះ អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​អនុវត្ដ​តាម​ទណ្ឌកម្ម ដែល​ស្នើឲ្យ​បញ្ជូន​ប្រជាជន​កូរ៉េខាងជើង​ធ្វើ​ការនៅ​ក្រៅប្រទេស​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​នៅត្រឹម​ចុងឆ្នាំ​២០១៩​។ 

​មន្ដ្រី​កូរ៉េខាងជើង​សង្កត់ធ្ងន់ថា កូរ៉េខាងជើង​មិន​ស្រេកឃ្លាន​ឲ្យ​អាមេរិកដក​ទណ្ឌកម្ម​ពេក​ទេ ប៉ុន្ដែ​វា​ជា​រឿង​គួរឲ្យ​អស់សំណើច​ខ្លាំងណាស់ ដែល​អាមេរិក​ចាត់ទុក​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ជា​ដំណោះស្រាយ​សម្រាប់​គ្រប់​បញ្ហា​ទាំងអស់​។ 

​នៅក្នុង​លិខិត​ប្រទេស​ទាំង​បួន​កត់សម្គាល់​ឃើញថា មានតែ​៣៤​ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​រាយការណ៍​ទៅ​អង្គការសហប្រជាជាតិ ជុំវិញ​ការចាត់វិធានការ​បញ្ជូន​ពលករ​កូរ៉េខាងជើង​ត្រឡប់​ទៅវិញ​។ តាម​ការប៉ាន់ប្រមាណ​ពី​អ្នកជំនាញ​អង្គការសហប្រជាជាតិ មាន​ប្រជាជន​កូរ៉េខាងជើង​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​ឲ្យទៅ​ធ្វើការ​នៅក្រៅ​ប្រទេសជា​រៀងរាល់ឆ្នាំ ភាគច្រើន​ទៅកាន់​ប្រទេស​ចិន​និង​រុស្ស៊ី ដើម្បី​ស្វែងរក​ប្រាក់ចំណូល​សម្រាប់​ក្រុង​ព្យុងយ៉ាង​។ កន្លងមក​អាមេរិក​ធ្លាប់​អះអាងថា កូរ៉េខាងជើង​ប្រមូលប្រាក់​ពី​ពលរដ្ឋ​ធ្វើការ​នៅ​ក្រៅប្រទេស ដើម្បី​ប្រើប្រាស់​លើ​ការអភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​។ 

ចំពោះ​កាលបរិច្ឆេទ​កំណត់​សម្រាប់​ការបញ្ជូន​ពលរដ្ឋ​កូរ៉េខាងជើង ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​ត្រឡប់​ទៅវិញ គឺ​ត្រឹម​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៩​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត