លោក​ហ៊ុន សែន​ ប្រាប់​ប្រមុខ​WTO​​ថា​ចំណាត់ការ​​អឺរ៉ុប​រឿង​EBA​​លើ​កម្ពុជា​​មាន​ស្តង់ដារ​ច្រើន​​

04-07-2019 10:50 am 768
  ស្តាប់
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន បាន​និយាយប្រាប់ លោក រ៉ូ​ប៊ែរ​តូ អា​ហ្ស​វ៉េដូ (Roberto Azevedo) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ដោយ​រិះគន់​ចំៗ​ទៅលើ​ចំណាត់ការ​របស់​គណៈកម្មកា​រ​អឺរ៉ុប (EU) ដែល​កំពុង​អនុវត្តន៍​នីតិវិធី​ក្នុង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្តោះអាសន្ន សម្រាប់​ទំនិញ​កម្ពុជា ឬ​ហៅថា EBA  ដោយ​ហៅ ចំណាត់ការ​របស់ EU ក្នុង​ការព្យួរ EBA សម្រាប់​កម្ពុជា ជា​ការអនុវត្តន៍​នូវ​ស្តង់ដារ​ច្រើនយ៉ាង​។​

​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​រក្សា​ជំហរ​មួយ​ច្បាស់លាស់​ដដែល​ពាក់ព័ន្ធ​នឹង​បញ្ហា EBA ។ លោក បញ្ជាក់ប្រាប់​លោក រ៉ូ​ប៊ែរ​តូ អា​ហ្ស​វ៉េដូ ថា ទោះបី​ទទួលបាន​EBA ក៏​កម្ពុជា​មិនអាច​ក្លាយជា​អ្នកមាន ហើយ​បើ​បាត់បង់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ដែរ​។ ប៉ុន្តែ លោក​ថា កម្ពុជា​នៅតែ​បន្ត​ពង្រឹងពង្រីក​ទីផ្សារ​របស់ខ្លួន ហើយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅតែ​ជា​ដៃគូ​ល្អ​ជាមួយ​កម្ពុជា ហើយ​កម្ពុជា​ក៏​នៅតែ​ជា​ដៃគូ​ល្អ​ជាមួយ​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​ដដែល​។​

​លោក​ហ៊ុន សែន បាន​ប្រាប់​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា លោក​មិនមែនជា​អ្នកនយោបាយ​ឯកោ​និយម​នោះឡើយ​។​ជំហរ​នយោបាយ​របស់​លោក ក៏ដូចជា​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា គឺ​តែងតែ​ប្រកាន់​នូវ​នយោបាយ​សមូហភាព និង​បានបង្ហាញ​ពី​ការធ្វើកំណែទម្រង់​ពាណិជ្ជកម្ម​របស់ខ្លួន​ជាច្រើន​ផងដែរ​។​

​យ៉ាងណា លោក​ហ៊ុន សែន បាន​ថ្លែង​អរគុណ​ដល់​អង្គកា​រ​ពាណិជ្ជកម្ម​ពិភពលោ​ក ដែល​បាន​បន្ត​ជួយ​កម្ពុជា​ក៏ដូចជា​ជួយ​ដល់​ប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតួច​ដទៃទៀត​។ លោក​និយាយថា សម្រាប់​ស្ថានភាព​វិវាទ​ពាណិជ្ជកម្ម​នា​ពេលបច្ចុប្បន្ន​ជា​ពេលវេលា​ដែល​ល្អ​ជាង​ពេលណា​ទាំងអស់ គឺជា​ការទទួល​បានកា​រ​គាំទ្រ​អំពី​តួនាទី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មិនបាន​ឆ្លើយតប បែបណា ពី​អ្វីដែល លោក​ហ៊ុន សែន រិះគន់​អឺរ៉ុប រឿង​EBA​នោះទេ តែ​លោក បានបញ្ជាក់​អំពី​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​មហាអំណាច​សេដ្ឋកិច្ច ដែល​កំពុងមាន​ភាព​តានតឹង ជាពិសេស​មហាអំណាច​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​ចិន ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹង​បន្ត​តាមដាន​នូវ​សេដ្ឋកិច្ចពិភពលោក​នាពេល​បច្ចុប្បន្ន​។ ទោះ​យ៉ាណា លោក រ៉ូ​ប៊ែរ​តូ អា​ហ្ស​វ៉េដូ ថា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅតែ​បន្តធ្វើ​ការកែទម្រង់ ដើម្បី​ឆ្លើយតប ទៅនឹង​ការ​ប្រឈម​នានា ដូចជា​ការស្នើសុំ​របស់​បណ្ដា​ប្រទេស ដែលជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ដែល​ការកែទម្រង់​នេះ ចាំបាច់ ត្រូវតែ​ធ្វើ​ក្នុង​គ្រប់​វិស័យ​នៃ​ពាណិជ្ជកម្ម​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនEBAWTO

ព័ត៌មានផ្សេងទៀត