លោក​ហ៊ុន សែន ស្នើ​អន្តរជាតិ​គិត មុន​ដក​ភាពអនុគ្រោះ​ពី​កម្ពុជា​និង​រដ្ឋ​ក្រីក្រ​ដទៃទៀត​

03-07-2019 7:23 pm 1105
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស នា​ថ្ងៃ​ទី​៣​កក្កដា លោក​ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​អន្តរជាតិ ពិចារណា​បន្ត​ផ្តល់​ការគាំទ្រ និង​ស្នើ​ឱ្យ​គិតគូរ​មុន​សម្រេច​ដក​ភាពអនុគ្រោះ​ពី​កម្ពុជា និង​ប្រទេស​ក្រីក្រ​ដទៃទៀត ។ លោក​ថា ការព្យួរ​ឬ​ដក​ភាពអនុគ្រោះ គឺ​ពិតជា​មិន​អាច​ជួយ​ប្រទេស​ទាំងនោះ​អាច​ដើរ​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​បានឡើយ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បាន​ថ្លែង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​អភិវឌ្ឍ​តិចតួច ហើយ​ជួយ​គាំទ្រ​ដល់​កម្មវិធី និង​ដំណើរ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ក៏ដូចជា បន្ត​និង​បង្កើន​ការផ្តល់​ភាពអនុគ្រោះ​នានា តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឬ​ឯកតោភាគី ។​

​ថ្លែង​ចំពោះមុខ​មេដឹកនាំ​លើ​ពិភពលោក ក្នុង​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស នា​ព្រឹក​ថ្ងៃទី​៣ កក្កដា មេដឹកនាំ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អន្តរជាតិ​ពិចារណា​ឱ្យបាន​ដិតដល់ មុន​នឹង​ដាក់​វិធានការ​ព្យួរ ឬ​ដក​ចេញ​នូវ​ភាពអនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ។ 

​លោក​អះអាង​ថា ការព្យួរ ឬ​ការដក​នេះ បាន​ដើរ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក …
​សំឡេង​លោក ហ៊ុន សែន ៖

​ការលើក​ឡើង​ជា​សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​ជា​ការឆ្លើយតប​ទៅនឹង​ការប្រឹងប្រែង​របស់​កម្ពុ​ជា ក៏ដូចជា ប្រទេស​ក្រីក្រ​ដទៃទៀត ក្នុង​ការចាកចេញ​ពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស ។ លោក​បន្តថា ចក្ខុវិស័យ​របស់​កម្ពុ​ជា គឺ​ការ​ប្រែ​ក្លាយខ្លួន​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ 

ដើម្បី​ឱ្យ​កម្ពុជា​សម្រេចបាន​គោលដៅ​នេះ ក៏ដូចជា​ជួយ​ប្រទេស​អភិវឌ្ឍ​តិចតួច​ទាំងអស់នោះ លោក​នាយករដ្ឋមន្ត្រី​ស្នើ​ដល់​បណ្តា​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ពិចារណា​បន្ត​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​បន្តទៀត ៕​

ព័ត៌មានផ្សេងទៀត