លោកហ៊ុន សែន អំពាវនាវឲ្យសមាជិកWTOបន្តគាំទ្រកម្ពុជា

03-07-2019 6:03 pm 1644

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានអំពាវនាវដល់បណ្តារដ្ឋ ជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក(WTO) ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្រ ដល់​ប្រទេសកម្ពុជាបន្តទៀត ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំ«ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពា​ណិជ្ជកម្ម ឆ្នាំ២០១៩»នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ថា  ក្នុងឆ្នាំ២០១៩នេះ កម្ពុជា បានធ្វើបច្ចុប្បន្នភាពលើកទីបី រួចរាល់ជាស្ថាពរ នូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និង អនាគត នៃពាណិជ្ជកម្មតំបន់ និងពិភពលោក ។ ជាលទ្ធផលពីកិច្ចខំប្រឹងប្រែងខាងលើ, កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌, ក្នុងរយៈពេល ២ ទស្សវត្សចុងក្រោយនេះ។ កម្ពុជាថែមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប ជាផ្លូវការក្នុងឆ្នាំ ២០១៥ ។

សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ, អត្រាកំណើន សេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥% និង ត្រូវបានព្យាករណ៍ថា នឹងឤចបន្តរក្សាបាន ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ ។ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះពី៥៣,២% ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០% ក្នុងឆ្នាំ ២០១៨ ។ ជាមួយគ្នានេះដែរ, កម្ពុជាបានធ្វើពិពិធកម្ម, ទាំងផលិតផល និង ទីផ្សារ, ដែលក្នុង នោះការនាំចេញរបស់កម្ពុជា បានកើនពី ៥,៧ ប៊ីលានដុល្លារ (ស្មើនឹង ៤០,៥% នៃ ផសស) នៅឆ្នាំ ២០១២ មកដល់ ១៣ ប៊ីលានដុល្លារ (ស្មើនឹង ៥៣,២% នៃ ផសស) នៅឆ្នាំ២០១៨ និងបានធ្វើពិពិធកម្មបន្តិចម្តងៗ ពីការនាំចេញសម្លៀកបំពាក់ ទៅកាន់ ផលិតផលផ្សេងទៀត។ ដូចគ្នានេះដែរ, គោលដៅនាំចេញត្រូវបានធ្វើ ពិពិធកម្ម ពីការផ្តោតលើទីផ្សារសហរដ្ឋឤមេរិក ទៅផ្តោតលើទៅផ្សារអឺរ៉ុប, ជប៉ុន, តំបន់ឤស៊ាន និងប្រទេសដទៃទៀត ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្ត ថា”សម្រាប់កម្ពុជា ចក្ខុវិស័យរបស់យើង គឺការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០ ៥០”។

ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅនេះ ក៏ដូចជាដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ឲ្យឤចចាកចេញពីភាពក្រីក្របានឆាប់រហ័ស ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាព ឆ្នាំ២០៣០ លោក នាយករដ្ឋមន្រ្ដីហ៊ុន សែន បានអំពាវនាវដល់បណ្តារដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀត តាមវិស័យសំខាន់មួយចំនួន ដូចខាងក្រោម៖

១)ការពង្រឹងភាពប្រកួតប្រជែងរបស់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងជួយគាំទ្រដល់កម្មវិធី និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

២)ការបន្ត និងបង្កើនការផ្តល់ភាពអនុគ្រោះនានា តាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឬ ឯក​តោភាគី ហើយសូមធ្វើការពិចារណាឱ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាព អនុគ្រោះពីប្រទេស អភិវឌ្ឍន៍តិចតួច ញ្រេះការព្យួរ ឬ ដកចេញនេះ នឹងធ្វើឱ្យប្រទេសទាំងនោះ មិនឤចជួយពិភពលោក ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនឤចជួយពួកគេឱ្យ ចាកចេញពីឋានៈ ជាប្រទេ សអភិវឌ្ឍន៍តិចតួចបានឡើយ ដែលចលនានេះ គឺជាដំណើរផ្ទុយទាំងស្រុងទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ និង អង្គការពាណិជ្ជកម្មពិភពលោក ។

៣)ការសាងសមត្ថភាព ដើម្បីទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី, ជាពិសេស ផ្នែកសេវាកម្ម និង ការទទួលយកបដិវត្តឧស្សាហកម្មទី៤ ដើម្បីទាញយកផលប្រយោជន៍ដែលឤចទទួលបានពីសេដ្ឋកិច្ចឌីជីថល ។

៤)ការរៀបចំយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ច និង ផលិតផលចម្រុះ សំដៅបង្កើនការនាំចេញ ដែលជាប្រភពចំណូលសម្រាប់លើកកម្ពស់សុខមាលភាព និង ការងារដល់ស្ត្រី ។

៥)ការតភ្ជាប់គោលនយោបាយ, យុទ្ធសាស្ត្រ និង ចក្ខុវិស័យនានា របស់ប្រទេសអភិវឌ្ឍន៍តិចតួច ជាមួយនឹងការវិវត្តិសេដ្ឋកិច្ចតំបន់ និងពិភពលោក។

៦)ការបង្កើតនវានុវត្ត និងជំរុញលើកម្ពស់ការអនុវត្តថ្មីៗ តាមរយៈកៀងគរហិរញ្ញប្បទានបន្ថែម​ពីដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ក្រោមក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំផ្សេងទៀត។

៧)ការបន្តផ្តល់ជំនួយនានា សម្រាប់ការកែទម្រង់ និង សម្រាប់ការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម, ពិសេសលើការងារកែទម្រង់លិខិតបទដ្ឋានគតិយុត្តិនានា៕

 ពាក្យគន្លឹះ  លោកហ៊ុន សែនអង្គការWTO

ព័ត៌មានផ្សេងទៀត