រក​ឃើញ​ប្រាសាទ​ថ្មី​មួយ​មានឈ្មោះ​ថា កំពង់​ដំរី នៅ​ខេត្ត​ក្រចេះ​

03-07-2019 4:52 pm 877

​ក្រោយពី​ធ្វើ​ការស្រាវជ្រាវ ចាប់តាំងពី​ឆ្នាំ​២០១៥​មកដល់ពេលនេះ លោក សាស្ដ្រាចារ្យ បណ្ឌិត ធុយ ចាន់​ធួន និង​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​ជាច្រើនរូប​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​បង្ហាញ​ពី​លទ្ធផល ស្រាវ​ជ្រាវ ដោយ​រក​ឃើញ​ប្រាសាទ​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា ប្រាសាទកំពង់​ដំរី ស្ថិតក្នុង​ភូមិ កំពង់​ដំរី ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ក្រុម​ស្រាវជ្រាវ​អំពី​ទីក្រុង​សម្ភុ​បុរៈ ។​ដែល​ទីតាំង​នេះ​ក្រុម​ស្រាវជ្រាវ​បាន​ចូលរួម​ស្រាវជ្រាវ​យ៉ាង​សកម្ម​ទៅលើ​ក្រុង​បុរាណ ប្រាសាទបុរាណ​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ និង ទីតាំង​បុរាណ​ស្ថាន​មាន​ទំនាក់ទំនង​នឹង​អរិយធម៌​ចេនឡា ។ 

​លោក​សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់​ធួន បានឱ្យដឹង​ទៀត​ថា យើង​បាន​អនុវត្តន៍​នូវ​វិធីសាស្ដ្រ​ស្រាវជ្រាវ​ដោយ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជាមួយនឹង​អត្ថបទ​ស្រាវជ្រាវ​មុនៗ ដែល​ជា​ភស្ដុតាង​ទិន្នន័យ​ទី​២ (Secondary data) ដូចជា​ប្រជុំរឿងព្រេង​ខ្មែរ ពង្សាវតារ​ខ្មែរ ប្រាសាទ​បុរាណ​ខ្មែរ សាស្ដ្រា​ស្លឹករឹត ជាមួយ​ឯកសារ​បរទេស​ដូចជា សៀវភៅបញ្ជី​សារពើ​ភណ្ឌ​ពិពណ៌នា នៃ​ប្រាសាទ​នៅ​កម្ពុជា ដោយ​លោក​លុយ​ណេ​ដឺ​ឡា​ហ្សុ​ង​គ្យែ បោះពុម្ព​ក្នុង​ឆ្នាំ​១៩០២ -១៩០៧ និង​១៩១១ ជាដើម​។​លើសពី​នេះ​យើង​បាន​ចុះ​អនុវត្តន៍ ធ្វើ​សម្ភាសន៍ និង​ពិនិត្យ​ភស្ដុតាង​ពិត​នៃ​អរិយធម៌​សម្ភុ​បុរៈ​បុរាណ មាន​ប្រាសាទ សិលា​ចារិក បុរាណ​វត្ថុ ។​


​គួរ​រំលឹក​ដែរ​ថា នៅ​ថ្ងៃ​៦ ខែ​មេសា ឆ្នាំ ២០១៩ កន្លង​ទៅ​ក្រុម​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​នេះ ក៏​បាន​រកឃើញ​ទីតាំង​គ្រឹះ​ប្រសាទ​ថ្មី​មួយ​នៅ​ខាងកើត​ឃុំ​សំបុក មាន​សិលា​ចារិក​មួយ​ផ្ទាំង​ថ្មី ដែល​មិន​ទាន់​មាន​ការសិក្សា​នៅឡើយ​ប្រាសាទ​នោះ​មានឈ្មោះ​ថា ប្រាសាទត្រពាំង​ព្រៃ  ចម្ងាយ ១២.​គ​.​ម​. ខាងកើត​ភូមិ​កាកុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី នៃ​ខេត្ត​ក្រចេះ ។  ហើយក៏​បាន​ទៅ​ទទួលយក​សិលា​ចារិក​១​ផ្ទាំង​មក​រក្សាទុក​ក្នុង​សារមន្ទីរ​ខេត្ត កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩ ៕

ព័ត៌មានផ្សេងទៀត