ការតវ៉ា​​នៅ​ហុងកុង​​ក្រៅពី​ប៉ះពាល់​​ស្ថិរភាព​​កំពុង​​បង្ក​​ក្ដីបារម្ភ​​ដ​ល់​ការធ្វើ​​អាជីវកម្ម​

03-07-2019 4:47 pm 510
  ស្តាប់
ស្តាប់ជាសំឡេង

​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​ឈានដល់​សភាព​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ កំពុង​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​កាន់តែខ្លាំង​។ កាលពី​ថ្ងៃ​ចន្ទ​ក្រុមបាតុករ​បាននាំគ្នា​វាយ​បំបែក​កញ្ចក់​អគារ​សភា​ហុងកុង ហើយ​ចូលទៅ​បង្ក​ភាព​អាណាធិបតេយ្យ​ក្នុងនោះ​ដោយបាន​បំផ្លាញ​សម្ភារ​មួយចំនួន ព្រមទាំង​បាន​ឡោមព័ទ្ធ​បិទផ្លូវ​សំខាន់ៗ​ក្នុង​ទីក្រុង​ថែមទៀត​។ រហូតដល់​ព្រឹក​ថ្ងៃ​អង្គារ​នៅតែមាន​ក្រុមបាតុករ​ប្រមូលផ្ដុំ ជំរុញ​ឲ្យ​ប៉ូលិ​សបន្ដ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ពួកគេ​។​

​ចលនា​តវ៉ា​របស់​ក្រុមបាតុករ​ហុងកុង ដើមហេតុ​មកពី​រដ្ឋាភិបាល​ប្រកាស​ចង់​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​ប្រជាជន​គិតថា​ជាការ​បោះដៃ​និង​ផ្ដល់ឱកាស​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សាបព្រោះ​ឥទ្ធិពល​លើ​ហុងកុង​។ ច្បាប់​នេះ​នឹង​អនុញ្ញាតឲ្យ​បញ្ជូនជន​សង្ស័យ​ប្រព្រឹត្ដ​បទល្មើស​ទៅកាត់​ទោសនៅ​ចិន​តាម​លក្ខខណ្ឌ​កំណត់ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធតុលាការ​ហុងកុង និង​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ផងដែរ​។ ដូច្នេះហើយ​ទើប​ក្រុមបាតុករ​ហុងកុង​មិន​ចង់ឲ្យ​រដ្ឋាភិបាល​អនុម័ត ទាមទារ​ឲ្យ​លុប​សេចក្ដីព្រាងច្បាប់​ចោល​តែម្ដង​។ ប៉ុន្ដែ​រដ្ឋាភិបាល​មិនទាន់​យល់ព្រម ទើប​ការតវ៉ា​ផ្ទុះ​កាន់តែខ្លាំង​។​

​ពាក់ព័ន្ធ​នឹង​ការព្រួយបារម្ភ​ក្រៅតែពី​ប៉ះពាល់​ដល់​ស្ថិរភាព​នៅក្នុង​ក្រុង​ហើយ នៅមាន​ការបារម្ភ​ចំពោះ​ស្ថានភាព​អាជីវកម្ម​បន្ថែមទៀត​។ ដូច​ដឹង​ហើយ​ថា​ហុងកុង​គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ដោយមាន​ក្រុមហ៊ុន​ពហុ​ជាតិ​ប្រហែល​១,៥០០​ក្រុមហ៊ុន​ប្រមូលផ្ដុំ​នៅ​ទីនោះ​។ ក្រុមហ៊ុន​បរទេស​ទាំង​អស់​ចាត់ទុក​ហុងកុង​ដូចជា​ផ្ទះ​របស់គេ​នៅ​អាស៊ី ដោយសារ​តែមាន​ស្ថិរភាព​ល្អ​និង​នីតិរដ្ឋ​ល្អ​។ ប៉ុន្ដែ​បើ​ការប្រមូលផ្ដុំ​តវ៉ា​ឈានដល់​ហិង្សា​នៅតែ​បន្ដធ្វើ លែងមាន​ស្ថិរភាព នីតិរដ្ឋ​ផ្លាស់ប្ដូរ ច្បាស់​ណាស់​ថា​ក្រុមហ៊ុន​បរទេស​ទាំងអស់​នេះ​នឹង​គិតពី​ការតាំង​ទីលំនៅ​នៅ​កន្លែង​ផ្សេង​។​

​គួររម្លឹកថា ហុងកុង​បាន​រួច​ពី​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ ប៉ុន្ដែ​ចិន​គ្រប់គ្រង​ហុងកុង​ដោយ​ប្រើ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ មានន័យថា​ចិន​ដឹកនាំ​តាមបែប​កុម្មុយនីស្ដ រីឯ​ហុងកុង​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​។ ប្រជាជន​ហុងកុង​រីករាយ​និង​ចង់បាន​ការដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ព្រោះ​ពួកគេ​គិតថា​មិន​រង​ការគំរាមកំហែង​មាន​សិទ្ធិសេរីភាព​ពេញលេញ​។ ហេតុនេះហើយ​ឲ្យតែ​រដ្ឋាភិបាល​ហុង​កុងមា​ន​ទំនោរ​ទៅរក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ពួកគេ​តែង​ប្រឆាំង​ខ្លាច​ឆ្លង​ការដឹកនាំ​តាមបែប​កុម្មុយនីស្ដ​៕

ព័ត៌មានផ្សេងទៀត