អង្គការ​JCIA ​របស់​ជប៉ុន​ ចង់​វិនិយោគ​​លើ​វិស័យ​​សាធារណការ​ និង​ដឹកជញ្ជូន​​នៅ​កម្ពុជា​​

03-07-2019 3:20 pm 281
  ស្តាប់
គណៈប្រតិភូ​ប្រឹក្សា​ធុរកិច្ច​អង្គការ JCIA
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ពិភាក្សា​មួយ ជាមួយ​លោក​តូច ចាន់​កុសល ជា​រដ្ឋមន្ត្រី​ស្តីទី នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គណៈប្រតិភូ​ប្រឹក្សា​ធុរកិច្ច​អង្គការ JCIA ដឹកនាំ​ដោយ​លោក Takeshi Saito បានឲ្យដឹងថា ពេលនេះ អង្គការ​JCIA កំពុង ស្វែងរក​សក្ដានុពល និង​ឱកាស​វិនិយោគ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​។ ជំនួប​នេះ បានធ្វើ​បទ​បង្ហាញ​អំពី​ឧបករណ៍​បច្ចេកវិទ្យា​សម្រាប់​ពិសោធន៍​ដី មុននឹង​ធ្វើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​។​

​លោក​តូច ចាន់​កុសល បាន​ស្វាគមន៍​ចំពោះ​គម្រោង​នេះ និង​ថា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​តួនាទី​ក្នុង​ការសាងសង់​ផ្លូវ ស្ពាន កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដ៏​ទៃ​ជាច្រើន​។ ដូច្នេះ បើ​មាន​ឧបករណ៍​ទំនើប​សម្រាប់​ពិសោធន៍​ដី នោះ​នឹង​ធ្វើឱ្យ​គុណភាព​សំណង់​នឹង​រឹតតែ​មាន​គុណភាព​ថែមទៀត​។​

​លោក​តូច ចាន់​កុសល ស្នើឱ្យ​អង្គការ​នាំយក​ឧបករណ៍​បច្ចេកទេស​ទាំង​នោះមក​កម្ពុជា ដើម្បី​ធ្វើ​ពិសោធន៍ ព្រមទាំង​ស្នើឱ្យ​អង្គការ​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​របស់​ក្រសួង ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រើប្រាស់​ឧបករណ៍​ទំនើប​នោះ​។​

​សូមបញ្ជាក់ថា អង្គការ JCIA គឺជា​អង្គការ​មនុស្សធម៌ មាន​ទីស្នាក់ការ​នៅ​ប្រទេស​ជប៉ុន និង​បាន​ចុះ​ពិធីសារ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា ក្នុង​ភាពជា​ដៃគូ​តាំ​ពី​ឆ្នាំ​១៩៩៦​។ អង្គការ​នេះ​កំពុង​បន្ត​ការគាំទ្រ​ដល់​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​សង្គម ពោធិ៍​សែន​ជ័យ លើ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដូចជា​កាត់ដេរ​សម្លៀក​បំពាក់ ជួសជុល​ម៉ូតូ និង​ម៉ាស៊ីន​ធុន​តូច ជួសជុល​ទូរទស្សន៍ និង​បរិក្ខា​អគ្គិសនី កាត់សក់ ជួសជុល​ទូរ​សព្ទ បង្រៀន​កុំព្យូទ័រ  ភាសា​អង់គ្លេស ភាសា​ជប៉ុន សំណង់ និង​បដិសណ្ឋារកិច្ច​ជាដើម​៕

 ពាក្យគន្លឹះ  អង្គការJCIA

ព័ត៌មានផ្សេងទៀត