​លោក​ស៊ុន ចាន់ថុល​​ចេញ​វិធាន​៣​ចំណុច​​ឆ្លើយតប​តាម​សំណើGMAC​

03-07-2019 2:46 pm 741
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានសម្រេច​ដាក់ចេញ​វិធានការ​បន្ទាន់​ចំនួន​៣​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​តប​តាម​សំណើ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​កំពុង​ប្រឈម​ក្នុងកំលុងពេល​នៃប្រតិបត្តិ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​បណ្ណ​បើកបរ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុងព្រះសីហនុ​។ ថ្លែងប្រាប់​សារព័ត៌មាន fresh News ពី​ទីក្រុង​ប៉េកាំ ប្រទេស​ចិន លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា វិធានកា​រទាំង​៣ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​រួមមាន​៖

១. បើក​ការបង្រៀន​អ្នកបើកបរ​មិនទាន់មាន​បណ្ណ​បើកបរ​ប្រមាណ ៧០​នាក់ ដោយ​ឥតគិតថ្លៃ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ពីថ្ងៃ​ចន្ទ​ដល់​សុក្រ ហើយ​ប្រលង​យក​បណ្ណ​បើកបរ​នៅ​ថ្ងៃ​សៅរ៍​។ ជំហាន​បន្ទាប់​នឹង​អនុវត្តន៍​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

២. ដាក់​រថយន្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) ចល័ត​ចំនួន​ពីរ​គ្រឿង​នៅ​ជិត​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដើម្បី​ឆៀករថយន្ត​ដែល​រកឃើញថា មិនទាន់បាន​ឆៀក​។​

៣. កន្លែង​ឆៀករថយន្ត​ក្នុង​រាជធានី​ភ្នំពេញ​ទាំង ៥​ទីតាំង នឹង​បន្ថែម​ម៉ោង​ផ្តល់​សេវា​រហូតដល់​ម៉ោង ១០ យប់ ដើម្បី​ជួយ​សម្រួល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ឱ្យបាន​ទាន់ពេលវេលា​។​

​គួរ​បញ្ជាក់ថា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​០២ កក្កដា ឆ្នាំ​២០១៩ បានស្នើ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឱ្យមាន​វិធានការ​ដោះស្រាយ​បណ្ដោះអាសន្ន ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ ជាមួយគ្នា​នោះ (GMAC) ក៏បាន​ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យមាន​ដំណោះស្រាយ​បណ្ដោះអាសន្ន​មួយ​ជាមួយ​សមាគម​ដឹកជញ្ជូន​កម្ពុជា ពាក់ព័ន្ធ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​គណៈកម្មកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​សមាគម បាន​អះអាងថា សមាជិក​របស់ខ្លួន បាននិងកំពុង​ក្លាយជា​ជនរងគ្រោះ នៅក្នុង​បញ្ហា​នេះ​ដោយ​មិន​ដឹងខ្លួន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសម្រេច​ចុះ​ធ្វើ​ប្រតិបត្តិ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​ដោយផ្ទាល់​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។ រយៈពេល ១៥​ថ្ងៃ (១៥-៣០ មិថុនា​) នៃ​ប្រតិបត្តិការ​នេះ គេ​បាន​ពិនិត្យ​ទៅលើ​រថយន្ត​ចំនួន ១,៩៥៤​គ្រឿង នៅ​កំពង់ផែ​ទាំងពីរ ហើយ​រកឃើញ​រថយន្ត​ល្មើសច្បាប់ ២២៤​គ្រឿង ស្មើនឹង ១១​ភាគរយ​៕ 

 ពាក្យគន្លឹះ  លោកស៊ុនចាន់ថុលGMAC

ព័ត៌មានផ្សេងទៀត