ឆេះ​នាវា​មុជទឹក​​រុស្ស៊ី​មួយគ្រឿង​​សម្លាប់​​មនុស្ស​​១៤​នាក់​

03-07-2019 1:00 pm 909
នាវាមុជទឹកធុនតូចរបស់រុស្ស៊ី

​តាម​ការបញ្ជាក់​ពី​ក្រសួងការពារជាតិ​រុស្ស៊ី​បានឲ្យដឹងថា មាន​ករណី​ឆេះ​នាវាមុជទឹក​មួយគ្រឿង​កាលពី​ថ្ងៃ​ចន្ទ បានសម្លាប់​មនុស្ស​១៤​នាក់​នៅ​ក្នុងនោះ​។ មនុស្ស​នៅក្នុង​នាវា​ស្លាប់​ដោយសារតែ​ពុល​ឧស្ម័ន​កាបូនម៉ូណូអុកស៊ីត​។ ក្រសួង​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ពី​ប្រភេទ​នាវា​ទេ ប៉ុន្ដែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា វា​ជា​ប្រភេទ​នាវាមុជទឹក​ប្រើ​នុយក្លេអ៊ែរ​ធុន​តូច ប្រើ​សម្រាប់​បំពេញ​ប្រតិ​ប​ត្ដិ​ការពិសេស​។ បន្ទាប់ពី​ឆេះ​ភ្លើង​ក៏​ត្រូវបាន​ពន្លត់ ហើយ​ពេលនេះ​នាវា​ត្រូវបាន​នាំយកមក​មូលដ្ឋាន​យោធា​វិញ​។ 

​សូមបញ្ជាក់ថា នៅពេល​ឆេះ​នាវា​កំពុង​បំពេញ​ប្រតិ​បត្ដិការនៅ​ក្នុង​មហាសមុទ្រ​អាកទិ​ច ដែលជា​ដែន​អធិបតេយ្យ​រុស្ស៊ី​។ លោក​ប្រធានាធិបតី​រុស្ស៊ី​វ្លា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់ និង​បានចេញ​បញ្ជា​ឲ្យ​ស៊ើបអង្កេត​ករណី​ឆេះ​។ កាលពី​ឆ្នាំ​២០០០ នាវាមុជទឹក​ប្រើ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​មួយគ្រឿង បាន​លិច​នៅក្នុង​សមុទ្រ​បន្ទាប់ពី​ផ្ទុះ កាលនោះ​សម្លាប់​មនុស្ស​១១៨​នាក់​៕

ព័ត៌មានផ្សេងទៀត