ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥៣ (53rd Joint Advisory Group Meeting) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា លោកប៉ាន សូរស័ក្តិ បានអំពាវនាវដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO), មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងអង្គការ UNCTAD បន្តផ្តល់ជំនួយ និងគម្រោងនានា ជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល កាត់បន្ថយភាពក្រក្រី និងបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជា។
សារៈសំខាន់នៃកិច្ចប្រជុំនេះ គឺរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងផ្តោតសំខាន់លើទំនាក់ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងទន់ខ្សោយ តាមរយៈការផ្តល់គម្រោងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និងជួយឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។
ក្រុមអង្គការពាណិជ្ជកម្មអន្តរជាតិទាំងនេះ បានបញ្ជាក់ពីជំហរក្នុងបន្តសកម្មភាព និងគម្រោងនានា ក្នុងការបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយជំរុញការអភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម តាមរយៈការផ្តល់អនុសាសន៍ និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ។
លោកប៉ាន សូរស័ក្តិ បានចាត់ទុកការបញ្ជាក់ជំហរខាងលើ ថាជាការចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម សម្រាប់កម្ពុជាកន្លងមក ក្នុងនោះ មានការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញ ការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងការជួយដល់សហគ្រាសកម្ពុជាមួយចំនួនចូលរួមក្នុងពិព័រណ៍នាំចេញនាំចូលចិនលើកទី២ នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០១៩៕