ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​២​កន្លែង​នៅ​ត្បូងឃ្មុំ ខណៈ​ក្រសួង​បញ្ជា​ចាត់ការ​បន្ទាន់​

02-07-2019 8:11 pm 450
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅថ្ងៃនេះ បាន​បញ្ជាក់​អំពី​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្រិកជា​ថ្មី​ម្តងទៀត នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​ជំងឺ​នេះ បាន​កើតឡើង​ម្តង​រួច​មក​ហើយ នៅក្នុង​ខេត្ត​រតនគិរី កាលពី​ចុង​ខែ​មីនា ។ ក្នុងករណីនេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​ប្រកាស​ឱ្យ​កម្លាំង​ជំនាញ​ចាត់វិធានការ​បន្ទាន់​៣​ចំណុច...

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២ កក្កដា បានប្រកាស​កំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បាន​កើតឡើង​ចំនួន​២​កន្លែង ស្ថិតនៅក្នុង​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំ​មាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។​

​តាមរយៈ​លិខិត​នោះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា បានប្រកាស​បញ្ជា​ឱ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចាត់វិធានការ​បសុព្យាបាល​ជាបន្ទាន់ នៅ​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទាំងពីរ​ខាងលើ ចំនួន​៣​ចំណុច ក្នុងនោះ​រួមមាន ១.​បំផ្លាញចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ ក្នុង​តំបន់​ផ្ទុះ​ជំងឺ ទៅ​តាម​វិធានការ​បសុព្យាបាល ។ 

២. ផ្អាក​ទិញ លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ ចូល ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង​៣​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ និង​ដាក់​តំបន់​នេះ ជា​តំបន់​ត្រួតពិនិត្យ និង​តាមដាន ។ 

​និង​ទី​៣. សិក្សា ស្រាវជ្រាវ​ប្រភព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ត្រួតពិនិត្យ​ឃ្លាំ​មើល​ចលនា​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ជាប្រចាំ ក្នុង​រង្វង់​ដែលមាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ ។​

​លោក​រដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ថា ការចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ នៅក្នុង​តំបន់​ផ្ទុះ​ជំងឺ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ។ ជន​ណា​ប្រព្រឹត្តល្មើស នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ។ ការអនុញ្ញាត នឹង​ត្រូវ​កំណត់​ដោយ​ប្រកាស​ជា​ថ្មី ។ 

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង និង​ប៉ះពាល់​មនុស្ស​ទេ តែ​ជំងឺ​នេះ បណ្តាល​ឱ្យ​ជ្រូក​ឈឺ និង​ងាប់ មាន​អត្រា​ខ្ពស់​រហូតដល់​១០០​ភាគរយ ដែល​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែប៉ុណ្ណោះ ដូច្នេះ ហាម​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទុយ​នឹង​ខ្លឹមសារ ។​

​គូសបញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ជំងឺ​នេះ បានធ្វើឱ្យ​សត្វ​ជ្រូក​ប្រហែល​៤០០​ក្បាល​ស្លាប់ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំនេះ ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។ 

​មន្ត្រីជាន់ខ្ពស់​នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ផ្ទុះឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគិរី​នេះ មិនមែន​មកពី​ការនាំ​ចូល​ជ្រូក​ពី​វៀតណាម​ទេ តែ តាម​ការសន្និដ្ឋាន​បឋម អាច​ដោយសារ​ក្រុម​ឈ្មួញ​វៀតណាម ដឹក​បន្លែ និង​សាច់​គ្រប់​ប្រភេទ​មក​លក់​ក្នុង​ខេត្ត​នេះ ទើប​ឆ្លង​ជំងឺ​ទៅ​សត្វ​ជ្រូក​នៅ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត