លោក​គួច ចំរើន​៖ កែលម្អ​តំបន់ឆ្នេរ​ឲ្យ​ស្រស់​ស្អាត​ជា​កំណែទម្រង់​ចម្បង​បំផុត​

02-07-2019 7:52 pm 569
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​គួច ចំរើន បាន​ចូល​កាន់តំណែង​ជា​អភិបាល​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ជំនួស​លោក​យន្ត មីន ដែល​ត្រូវ​បាន​ស្នើ​សុំ​លាលែង​ចេញពី​តំណែង​។ ការ​ចូល​កាន់​តំណែង​ពី​សំណាក់ លោក​គួច ចំរើន ត្រូវបាន​មហាជន​ច្រើន ផ្តល់​ក្តីសង្ឃឹម​ថា លោក​នឹង​ជួយ​អភិវឌ្ឍន៍ ខេត្ត​ជាប់​មាត់សមុទ្រ​មួយ​នេះ ឲ្យមាន​សក្តានុពល​ឡើងវិញ ក្រោយ​មាន​ការធ្លាក់ចុះ​នា​ប៉ុន្មាន​ចុងក្រោយ​នេះ​។ តើ​រហូតមកដល់​ពេលនេះ លោក​គួច ចំរើន បាន​រៀបចំ​ធ្វើ​កំណែទម្រង់​អ្វីខ្លះ សម្រាប់​ខេត្ត​ព្រះសីហនុ​នេះ​? សូម​ស្តាប់​សៅ វិសាល​

​បញ្ហា​នៃ​ការធ្លាក់​ចុះ​ភ្ញៀវទេសចរ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ពី​សំណាក់​ក្រុម​ជនជាតិ​ចិន រួម​នឹង​ការកកស្ទះ​ចរាច​រណ៍ នៅក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​ប្រជាពលរដ្ឋ​ភាគច្រើន សង្ឃឹមថា អាចនឹងទទួល​បាន​ភាពល្អប្រសើរ​ឡើង​វិញ តាមរយៈ​ការប្តេជ្ញា​ធ្វើកំណែទម្រង់ ពី​សំណាក់​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​ឡើងកាន់តំណែង​។​

​លោក​គួច ចំរើន ក្នុង​ពិធី​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា កន្លងទៅនេះ ធ្លាប់​បាន​សន្យា​ធ្វើការ​អភិវឌ្ឍន៍ ខេត្ត​ព្រះសីហនុ​ឡើងវិញ តាមរយៈ​ការប្តេជ្ញា​នូវ​ចំណុច​សំខាន់ៗ​ដូចជា​៖

១៖ ប្តេជ្ញា​ខិតខំ​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​

២៖ ប្តេជ្ញា​គោរព​គាំទ្រ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​

៣៖ ខិតខំ​គោរព និង​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ និង​រាល់​ការផ្តល់​នូវ​អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​នានា​ឱ្យបាន​ល្អ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​ក្នុង​ការបំពេញ​ភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

៤៖ បន្ត​ការខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​នានា​ទាំងឡាយ​ដែល​ធ្វើឱ្យ​ប៉ះពាល់ បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​លើក​កំពស់​ជីវភាព រស់នៅ សុខមាលភាព​ការ​
​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ពិសេស​អនុសាសន៍​លោកនាយក​រដ្ឋមន្ត្រី «​ពង្រឹង​ការអនុវត្ត​ច្បាប់ គ្មាន​ការលើកលែង​»

៥៖ យកចិត្តទុកដាក់​រៀប​ចំ​កសាង និង​អភិវឌ្ឍន៍​លើ​វិស័យ​នានា​ក្នុង​ខេត្ត ពិសេស​ការរៀបចំ​កែលំអរ​សោភ័ណភាព​ទីក្រុង​ឆ្នេរសមុទ្រ និង​ទីប្រជុំជន​ក្នុង​ការចូលរួម​ប្រលងប្រណាំង ទីក្រុង​
​ស្អាត ធានាបាន​នូវ​បរិស្ថាន​ល្អ ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ចសង្គម លើកស្ទួយ​ជីវភាព​រស់នៅ​ប្រកប​ដោយ​វិបុលភាព ផា​សុខភាព​សុខមាលភាព​ជូន​ប្រជាជន​ទូទាំង​ខេត្ត​ប្រកបដោយ​ចីរភាព​និង​បរិយាប័​ន្ន​

៦៖ ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បន្ត​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សា​ស្ថេរភាព​នយោបាយ និង​ភាព​សុខដុម​នីយកម្ម ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត យកចិត្តទុកដាក់ អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​មុត​ស្រួច ជាពិសេស​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដើម្បី​ការអភិវឌ្ឍន៍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​កម្មវិធី​ជាតិ រយៈពេល ១០​ឆ្នាំ ផែនការ​យុទ្ធសាស្ត្រ រយៈពេល ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ក្នុងតំណាក់កាល​បន្ត​ឲ្យទទួល​បាន លទ្ធផល​ជា​វិជ្ជមាន​

៧៖ ពង្រឹង​ថែរក្សា​ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង ជួរ​គណៈ​អភិបាល​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមប្រឹក្សា រួម​ទាំង​ក្រសួង ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូរ​អភិវឌ្ឍ លើក​កំពស់​សមត្ថភាព​មន្ត្រី​រាជកា​រ​ស៊ីវិល មន្ត្រី​ជំនាញ កងកម្លាំងប្រដាប់អាវុធ ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ខេត្ត​អនុវត្ត​មាន​ភាពរលូន ពង្រឹង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​គ្រប់គ្រង​ស្ថិតិ​ជនអន្តោប្រវេសន៍ កម្មករ​ចំណាកស្រុក​ឱ្យ បាន​ច្បាស់លាស់​

៨៖ ចូលរួម​សហ​ប្រត្តិ​ការអនុវត្ត សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មាការ​ត្រួតពិនិត្យ​គុណភាព​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​សំដៅ​ត្រួតពិនិត្យ​បទដ្ឋាន បច្ចេកទេស បទដ្ឋាន​គតិយុត្តិ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់ ព្រមទាំង​ត្រួតពិនិត្យ​លក្ខណៈសម្បត្តិ​របស់​ក្រម​ទទួល​ម៉ៅការ​សាងសង់​

៩៖ ដឹកនាំ​មន្ត្រី​រាជការ មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋាន និង​បម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​

១០៖ សម្របសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ និង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​

១១៖ ត្រៀមកម្លាំង​អន្តរាគមន៍ សម្រាប់​ដោះស្រាយ គ្រោះមហន្តរាយ និង​បញ្ហា​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​។​

​លោក​គួច ចំរើន អតីត​អភិបាលខេត្ត​កំពង់ចាម ត្រូវ​ផ្ទេរ​មក​កាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ បន្ទាប់ពី​លោក​យន្ត មីន បាន​លាលែង​ចេញពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ក្រោយ​កើតមាន​ឧប្បទ្ទវហេតុ បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​រាប់សិប​នាក់​។​

​យ៉ាងណាមិញ ក្រៅ​តែ​ពី​ការជំរុញ ឲ្យមាន​ការពង្រឹង​គុណភា​ព​សំណង់ នៅក្នុង​ខេត្ត​ព្រះសីហនុ​លោក​ស ខេង រដ្ឋ​មន្ត្រី​ខេត្ត​ព្រះសីហនុ ក៏​បាន​បង្ហាញ​បញ្ហា​ជាច្រើន​ទៀត ដែល​លោក​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​រូបនេះ ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។ បញ្ហា​ទាំងនោះ​រួមមាន ទំនាស់ និង​ការគ្រប់គ្រង​ដីធ្លី​, សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល​ចំណុះ​ក្រុង​ព្រះសីហនុ​, បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ និង​ការដោះស្រាយ​បញ្ហា​លូ និង​ទឹក​កខ្វក់​។​

​ពាក់ព័ន្ធ​នឹង​ការធ្វើកំណែទម្រង់​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ប្រកាស​ចាប់ផ្តើម​ធ្វើការ​កែលម្អ​តំបន់ឆ្នេរ​ទាំងអស់ ក្នុង​ខេត្ត​មួយ​នេះ ឲ្យមាន​សោភណ​ភាពស្រស់ស្អាត និង​មាន​សណ្តាប់ធ្នាប់​ឡើងវិញ សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​លម្ហែ ដោយ​ចាត់ទុក​វិធានការ​នេះ ជា​កត្តា​ដ៏​ចម្បង​បំផុត​របស់​ខ្លួន​។​

​លោក គួច ចំរើន បាន​ប្រកាស​ក្នុង​គេហទំព័រ​ហ្វេ​សប៊ុក​របស់លោក កាលពី​ថ្ងៃអាទិត្យ ស្រប​ពេល​លោក​បាន​ចុះ​ពិនិត្យ​ឆ្នេរ​ឯករាជ្យ និង​ជួប​សំណេះសំណាល​ជាមួយ​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​នៅ​តាម​តំបន់ឆ្នេ​រថា នឹង​រៀបចំ​កែលម្អ​សួន​កន្លែង​ដើរ​ថ្មើរជើង និង​មាន​អ្នក​សម្អាត​សួន​ឆ្នេរ​ជាប្រចាំ ធានា​ឲ្យមាន​ភាពស្រស់ស្អា​ត​របស់​ឆ្នេរ ពិសេស​ការចូលរួម​លើកកម្ពស់ និង​ថែរក្សា​បរិស្ថាន​ឆ្នេរ​ឲ្យ​កាន់តែ​មាន​សោភណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ដ​។​

​លោក​បញ្ជាក់ថា ក្រោម​ការគ្រប់គ្រង​រប​ស់លោក​នឹង​បំពេញ​នូវ​អ្វី ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូច្នេះ​ការចុះ​ស្តាប់​ពី​តម្រូវការ​របស់​ពលរដ្ឋ គឺជា​កត្តា​សំខាន់​ដំបូង​បំផុត​ក្នុង​ការដឹកនាំ​របស់​លោក ឲ្យចំ​គោលដៅ​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បញ្ជាក់ថា​៖ «​ការចូលរួម​សហការ គាំទ្រ និង​លើកទឹកចិត្ត ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្រុង​ព្រះសីហនុ ដើម្បី​កែលម្អ​តំបន់ឆ្នេរ​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ ឲ្យមាន​សោភណ​ភាពស្រស់ស្អាត ដូចជា​ក្រាល​ឥដ្ឋ​ការ៉ូឡា សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​លម្ហែ រៀបចំ​សណ្តាប់ធ្នាប់​អនាម័យ និង​បរិស្ថាន​ឲ្យ​ស្រស់បំព្រង គឺជា​កត្តា​សំខាន់​ដ៏​ចម្បង​បំផុត​»​។​

​យ៉ាងណាមិញ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា លោក​អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បានឲ្យ​ដឹង​ដែរថា លោក​មាន​គម្រោង​បង្វែរ​រថយន្ត​ដឹក​កុងតឺន័រ ឲ្យទៅ​តាមផ្លូវ​ស្ទឹងហាវ និង​បញ្ហា​មួយទៀត គឺ​ចង់​សិក្សា​ផ្លូវ​មួយ​ខ្សែ​ចេញពី ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ រាម កាត់​តាម​អូរត្រេះ​មក ក្រុងព្រះសីហនុ ដើម្បី​ជួយ​សម្រួល កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ពី​ផ្លូវជាតិ​លេខ​៤​។​

​ការព្រលយ​ឲ្យដឹង​នេះ បាន​ធ្វើឡើង ខណៈ​លោក​អភិបាលខេត្ត បានអនុញ្ញាត​ឲ្យ​សភាពា​ណិ​ជ្ជកម្ម​ខេត្ត​ព្រះសីហនុ ចូលជួប​សម្ដែង​ការគួរសម នៅ​សាលាខេត្ត​ព្រះសីហនុ​។​
​នៅក្នុង​ជំនួប​នោះ លោក គួច ចំរើន បាន​គូសបញ្ជាក់​ល​ថា ការផ្លាស់ប្តូរ​ចូលកាន់​តំណែង​អភិបាលខេត្ត​ព្រះសីហនុ​នាពេលនេះ ជា​បន្ទុក​មួយ​ដោយសារតែ​បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និង​បរិស្ថាន​កំពុង​ប្រឈម​ទាមទារ​ដោះស្រាយ​បន្ទាន់​។​

​លោក​ថា «​ជំហាន​ដំបូង​សិក្សា​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូទឹកស្អុយ​ហើយ បានឱ្យ​ក្រុម​ការងារ​បច្ចេកទេស​សិក្សា​ពីប្រព​ន្ធ​លូ​ទឹកភ្លៀង និង​ប្រព័ន្ធ​លូទឹកកខ្វក់​មានដូចជា​៖ ទី​១-​ប្រវែង​លូ​, ទី​២- តម្លៃ​នៃ​ការសាងសង់​, ទី​៣-​ប្រើ​រយៈពេល នៃ​ការសាងសង់ និង​ទី​៤-​ការវិនិយោគ​ប្រពន្ធ​លូទឹកកខ្វក់ និង​លូរ​ទឹកភ្លៀង​។​

​ទន្ទឹម​នោះ​អភិបាលខេត្ត​ថ្មី​រួប​នេះ ក៏បាន​លើកឡើង​ពី​បញ្ហា​ខ្សាច់​សមុទ្រ និង​ខ្សាច់​នៅ​ខេត្ត​កំពង់ស្ពឺ​ផងដែរ ដោយ​លោក​អះអាងថា «​បញ្ហា​ខ្សាច់​សមុទ្រ​យក មក​លាយ​ជាមួយ​ខ្សាច់​កំពង់ស្ពឺ ក៏​ជា​បញ្ហា​ប្រឈម​ដល់​ការដ្ឋាន​សំណង់​នានា ក្នុង​ក្រុង​ព្រះសីហនុ តម្រូវឱ្យ​ក្រុម​ការងារ​សិក្សា ផលប៉ះពាល់​ដល់​ការដ្ឋាន​សំណង់​នានា​ក្នុង​ក្រុង​ព្រះសីហនុ​»​។​

​វិទ្យុ​វាយោ​មិនអាច​សុំ​ការអធិប្បាយ​បន្ថែម ជុំវិញ​គម្រោង​នៃ​ការធ្វើកំណែទម្រង់ ខេត្ត​ព្រះសីហនុ ឲ្យបាន​លម្អិត​នោះទេ ដោយសា​រខ​ល​ទាក់ទង​ទៅ​លោក​គួច ចំរើន លោក​ជាប់រវល់​បំពេញភារកិច្ច​។​

​តែ​យ៉ាងណាមិញ លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​ការប្រកាស​យ៉ាង​ដូច្នេះ អាជ្ញាធរ​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​ពី​វិធានការ​នានា ដែល​អាច​នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា វិធានការ​ដែល​ដាក់​ចេញ​ទាំង​អម្បាល​មាណ នឹង​ចាប់ផ្តើម​នៅពេលណា ដោយ​គ្រាន់តែ​អះអាងថា ជា​ជំហាន​ដំបូង​ដែល​អាច​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​ក្នុង​ការកែប្រែ​តំបន់ឆ្នេរ គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ចាប់ផ្តើម​ក្រុមការងារ ដើម្បី​រៀបចំ​ផែនការ​ដែល​នឹង​មាន​កិច្ចប្រជុំ​បន្ទាន់ ក្នុង​ការបែងចែក​តួនាទី ភារកិច្ច​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​បើ​យើង​និយាយ​ពី​ឧបសគ្គ​ក្នុង​ការងារ​នេះ គឺ​សំខាន់​ការចូលរួម ព្រោះ​បើ​ខ្វះ​ការចូលរួម​ពី​ប្រជាពលរដ្ឋ នឹង​អ្នកពាក់ព័ន្ធ នោះ​នឹង​មិន​អាច​សម្រេច​បាន​ទេ ដូច្នេះ​ទាមទារ​ឲ្យមាន​ការចូលរួម ទើប​បរិស្ថាន និង​ឆ្នេរ​យើង​ស្អាត​»​។​

​ជាមួយគ្នានេះ លោក ភារម្យ ក៏​បានឲ្យ​ដឹង​ផងដែរ​ចំពោះ​បញ្ហា​ប្រឈម​នានា​ទៅ​នឹង​បញ្ហា​ទឹក​កខ្វក់ ដែល​កំពុងតែ​កើត​ឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ខណៈ​ដែល​រដ្ឋបាល​ខេត្ត​ក៏​កំពុងតែ​ពិភាក្សាគ្នា ដោយ​រង់ចាំ​គោលការណ៍​បន្ថែម​ពី​ថ្នាក់ជាតិ ក្នុង​ការដោះស្រាយ​បញ្ហា​នេះ ដែល​អាច​នឹង​ឈាន​ដល់​ការបង្កើត​អាង​ចម្រោះ​ទឹក​កខ្វក់​បន្ថែម​ពីលើ​អាង​ដែល​មាន​ស្រាប់​ចំនួន ៤ បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវការ ស្រប​ពេល​ការអភិវឌ្ឍ​កើតមាន​យ៉ាង​គំហុក​៕

 


ព័ត៌មានផ្សេងទៀត