តួ​ក​គី​បញ្ជា​ឲ្យ​ចាប់ខ្លួន​ទាហាន​១២២​នាក់​

02-07-2019 6:05 pm 198
  ស្តាប់
ស្តាប់ជាសំឡេង

៣​ឆ្នាំក្រោយ​ការធ្វើ​រដ្ឋប្រហារ រដ្ឋាភិបាល​នៃ​ប្រទេស​តួ​ក​គី នៅតែ​បន្ត​តាម​ប្រមាញ់​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ការធ្វើ​រដ្ឋប្រហារ​នេះ​។ យោងទៅតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Anadolu ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យដឹងថា អាជ្ញាធរ​តួ​ក​គី បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ទាហាន​រហូតដល់​១២២​នាក់​បន្ថែមទៀត ដែល​សង្ស័យ​ជា​ខ្សែបណ្តាញ​របស់លោក Fethullah Gulen ។ លោក Fethullah Gulen ដែល​តួ​ក​គី​ចោទថា​ជា​មេខ្លោង​ធំ​នៅ​ពីក្រោយ​ការធ្វើ​រដ្ឋប្រហារ​មិន​បានសម្រេច ហើយ លោក​ម្នាក់​នោះ​កំពុង​ស្ថិតនៅ​អាមេរិក​។ តែ លោក​Gulen​បាន​បដិសេធ​ពី​ចម្ងាយ​ថា មិន​ពាក់ព័ន្ធ​ការវាយប្រហារ​នេះ​ទេ​។​

​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​នៅ​អ៊ី​ស្តង់​ប៊ុល ខណៈ អាជ្ញាធរ​ក៏​បានចាប់ផ្តើម​ប្រតិបត្តិការ​ដាច់ដោយឡែក នៅក្នុង​ខេត្ត​ភាគ​ខាងលិច Izmir និង​ខេត្ត​ភាគ​កណ្តាល Konya​។ ប៉ូលីស​ដែលមាន​មូលដ្ឋាន​នៅ Izmir កំពុង​ស្វែងរក​ជនសង្ស័យ ៤២ នាក់​នៅ​ទីនោះ និង​ខេត្ត ១៧ ផ្សេងទៀត​។ អាជ្ញាធរ​ជឿជាក់ថា សមាជិក​នៃ​បណ្តាញ​របស់លោក Gulen បាន​ប្រើប្រាស់​ទូរស័ព្ទ ដើម្បី​ទាក់ទង​គ្នា​។ ទីភ្នាក់ងារ​ព័ត៌មាន​បាន​រាយការណ៍​ថា​អាជ្ញាធរ​នៅ Konya កំពុង​ស្វែងរក​ជនសង្ស័យ​ចំនួន ៤០​នាក់​ផ្សេងទៀត រួមមាន​ទាហាន​នៅក្នុង​កាតព្វកិច្ច នៅ​ទីនោះ និង​ក្នុង​ខេត្ត​ចំនួន ២៥ ផ្សេងទៀត​។ ការិយាល័យ​រដ្ឋអាជ្ញារ​បស់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និយាយថា ជនសង្ស័យ ៤០ នាក់​ផ្សេងទៀត រួមមាន​បុគ្គលិក​យោធា​ជាន់ខ្ពស់​ផង​នោះ ត្រូវបាន​គេ​ស្វែងរក​នៅក្នុង​ទីក្រុង​និង​ខេត្ត​ចំនួន ១៤​។​

​គួរ​ជម្រាបជូន​ថា ៣​ឆ្នាំក្រោយ​ការធ្វើ​រដ្ឋប្រហារ មាន​មនុស្ស​ចំនួន​៧៧ ០០០​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​និង​រង់ចាំ​ការកាត់ទោស ហើយ​មន្ត្រីរាជការ​ស៊ីវិល​ចំនួន​ប្រហែល​១៥០ ០០០​នាក់​, បុគ្គលិក​យោធា​និង​អ្នក​ផ្សេងទៀត ត្រូវបាន​គេ​បញ្ឈប់​ឬ​ព្យួរការងារ​របស់​ពួកគេ​។ ក្រុម​សិទ្ធិមនុស្ស​និង​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​ប្រទេស​តួ​ក​គី​ផ្ទាល់ បាន​រិះគន់​វិសាលភាព​នៃ​ការបង្ក្រាប​នេះ ដោយ​និយាយថា លោក​ប្រធានាធិបតី​តួ​ក​គី​Tayyip Erdogan បាន​ប្រើ​រដ្ឋប្រហារ​មិនបាន​សម្រេច​នេះ ជា​លេស​ដើម្បី​កម្ទេច​ក្រុម​ប្រឆាំងនឹង​លោក​។  យ៉ាងណា​រដ្ឋាភិបាល​និយាយថា វិធានការ​សន្តិសុខ គឺ​ចាំបាច់​ដោយសារតែ​ភាព​ធ្ងន់ធ្ងរ នៃ​ការគំរាមកំហែង ដែល​ប្រទេស​តួ​ក​គី​កំពុង​ប្រឈមមុខ ហើយ​បាន​ប្តេជ្ញា​លុបបំបាត់​បណ្តាញ​របស់លោក Gulen ឲ្យអស់​ពី​ក្នុងប្រទេស​៕

 ពាក្យគន្លឹះ  តួកគី

ព័ត៌មានផ្សេងទៀត