ពលរដ្ឋ​​​ហុងកុង​​ប្រមូលផ្ដុំ​​តវ៉ា​​ជា​សញ្ញា​​មិន​ពេញចិត្ដ​​នឹង​ឥទ្ធិពល​​ចិន​

02-07-2019 3:49 pm 1018
រូបភាពក្រុមបាតុករហុងកុងកំពុងតវ៉ា និងរូបប្រធានាធិបតីចិន

​មិនមែនជា​លើកទីមួយ​ទេ​ដែល​ប្រជាជន​រាប់ម៉ឺន​នាក់ នាំគ្នា​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ហុងកុង ជុំវិញ​កិច្ចការ​ដែល​ពួកគេ​មើលឃើញថា រដ្ឋាភិបាល​មាន​ទំនោរ​ចង់ឲ្យ​ចិនពង្រីក​ឥទ្ធិពល​លើ​ហុងកុង​។ ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ធ្លាប់​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៤ ហើយ​ថ្មីៗ​នេះ​ក៏​ផ្ទុះ​ការតវ៉ា​ម្ដងទៀត​រហូត​ក្លាយជា​អំពើហិង្សា​។ ការតវ៉ា​ជាថ្មី​ដោយសារ​ប្រជាជន​ហុងកុង ជំទាស់​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ក្រុង​ប៉េកាំង​។ ក្រុមបាតុករ​ហុងកុង​ថា​ស្ថិតក្រោម​ច្បាប់​នេះ​ប្រសិនបើ​អនុម័ត​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ចិន​នឹង​ប្រើ​ប្រព័ន្ធ​ច្បាប់​បែប​កុម្មុយនីស្ដ​មក​កាត់ក្ដី ដែល​ធ្វើ​ដូច្នេះ​ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​ហុងកុង​។ តើ​ហុងកុង​ពិតជា​រង​ផលប៉ះពាល់​ខ្លាំង​មែន​?

ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

សំឡេង៖ 

​ដ្បិត​មានឈ្មោះ​ជា​ដែនដី​ចិន ប៉ុន្ដែ​ក្រុង​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដាច់ដោយឡែក​ពី​ទីក្រុង​ប៉េកាំង​។ ហុងកុង​ប្រើ​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ តាំងពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​កាលពី​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​១៩៩៧​មកម្ល៉េះ​។ នេះ​គឺ​អនុលោម​ទៅ​តាមច្បាប់​ប្រទេសមួយ​ប្រព័ន្ធ​ដឹកនាំ​ពីរ មានន័យថា​ចិន​ដឹកនាំ​បែប​កុម្មុយនីស្ដ ហើយ​ហុងកុង​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​។ ប្រជាជន​ហុងកុង​ពិតជា​រីករាយ​នឹង​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ខ្លាំងណាស់ ដោយ​រាល់ពេល​ប្រារព្ធ​ខួប​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ថ្ងៃទី​០១​ខែកក្កដា ពួកគេ​តែងតែ​នាំគ្នា​ប្រមូលផ្ដុំ​ដង្ហែ​ក្បួន​តវ៉ា បង្ហាញ​ពី​ការទាមទារ​សិទ្ធិសេរីភាព​ពេញលេញ​បែប​ប្រជាធិបតេយ្យ និង​បង្ហាញ​ចេតនា​ចង់​ទប់ស្កាត់​ឥរិយាបថ​ងាក​ទៅ​ស្ថិតក្រោម​ការគ្រប់គ្រង​តាម​បែក​កុម្មុយនីស្ដ​ដូច​ចិន​។ 

​និយាយ​ដល់​ការគ្រប់គ្រង​ដែល​ទទួល​ឥទ្ធិពល​ពី​ក្រុង​ប៉េកាំង ធ្វើឲ្យ​គេ​នឹកឃើញ​ចលនា​តវ៉ា​ក្នុង​ឆ្នាំ​២០១៤ ដែល​កាលនោះ​ធ្វើឲ្យ​ល្បី​រន្ទឺ​ទូទាំង​ពិភពលោក​។ ការតវ៉ា​ក្នុង​ឆ្នាំ​២០១៤​ដោយសារតែ​ប្រជាជន​មិន​ពេញចិត្ដ​នឹង​ប្រព័ន្ធ​ចាត់តាំង​មេដឹកនាំ​ហុងកុង ស្ថិតក្រោម​ការចង្អុលបង្ហាញ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ប្រជាជន​ហុងកុង​ចង់​ជ្រើសរើស​មេដឹកនាំ​កើតចេញពី​ការបោះឆ្នោត ស្របតាម​ការសម្រេចចិត្ដ​របស់​ប្រជាជន មិន​ចង់ឲ្យ​ចិន​លើក​បន្ដុប​នរណា​ឡើយ​។ ព្រោះតែ​បែបនេះ​បានធ្វើឲ្យ​ការតវ៉ា​កាលនោះ អូសបន្លាយ​ពេល​ប្រមាណ​ជា​៣​ខែ​ទើប​បិទ​បញ្ចប់​ទៅវិញ​។​

​ស្ងប់ស្ងាត់​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ការតវ៉ា​ក៏​ផ្ទុះឡើង​ម្ដងទៀត​កាលពី​ថ្ងៃទី​០៩​ខែមិថុនា​ឆ្នាំ​២០១៩​។ ប៉ុន្ដែ​ការតវ៉ា​លើក​នេះ​មាន​ប្រធានបទ​ខុសគ្នា​។ ប្រជាជន​ហុងកុង​ចាប់ផ្ដើម​ប្រឆាំង​ក្រោយ​រដ្ឋាភិបាល​ហុងកុង​ប្រកាស​ចង់​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ស្ថិតក្រោម​ច្បាប់​ធ្វើ​បត្យាប័ន ជនសង្ស័យ​ប្រព្រឹត្ដ​បទល្មើស នឹងត្រូវ​បញ្ជូនទៅ​កាត់ទោស​នៅ​ចិនដីគោក​តាម​លក្ខខណ្ឌ​កំណត់​។ ប៉ុន្ដែ​ប្រជាជន​ហុងកុង​ជំទាស់​ដាច់ខាត​ដោយ​លើក​ហេតុផល​ថា អាចធ្វើឲ្យ​ប្រជាជន​ហុងកុង​ទទួល​រងនូ​វ​ការ​ឃុំឃាំង​ទាំង​បំពាន ការកាត់ទោស​ដោយ​អ​យុត្ដិធម៌ និង​ការធ្វើ​ទារុណកម្ម​នៅក្រោម​ប្រព័ន្ធ​យុត្ដិធម៌​របស់​ចិន​។ 

​ប្រជាជន​ហុងកុង​យល់ឃើញ​ទៀតថា ច្បាប់​នេះ​មាន​ទំនោរ​ទៅរក​ប្រព័ន្ធ​យុត្ដិធម៌​ចិន ហើយ​វា​នឹង​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ​ហុងកុង​។ ដូច្នេះ​ប្រសិនបើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​ត្រូវអនុម័ត មិន​ខុស​អី​ពី​ការប្រគល់​រឿងក្ដី​ឲ្យ​ចិនជា​អ្នកសម្រេច ទាំង​ហុងកុង​ក៏មាន​ប្រព័ន្ធ​ច្បាប់​ដោយ​ខ្លួនឯង​។ មើលឃើញ​ពី​ទិដ្ឋភាព​បែបនេះ ទើប​ប្រជាជន​ប្រជាធិបតេយ្យ​ហុងកុង​នាំគ្នា​តវ៉ា​ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន គឺ​ទាមទារ​ឲ្យ​លុប​សេចក្ដីព្រាងច្បាប់​នេះ​ចោល​ទាំងស្រុង​តែម្ដង​។ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​ហុងកុង​នៅ​ពុំទាន់​ប្រកាស​ដក​ចោល​ឡើយ គ្រាន់តែ​ផ្អាក​ដំណើរការ​ពិភាក្សា​អនុម័ត​ប៉ុណ្ណោះ​។ 

​និយាយ​ពី​ចលនា​តវ៉ា​របស់​ប្រជាជន​ហុងកុង កាលពី​ថ្ងៃទី​០១​ខែកក្កដា​នេះ​ក្រុមបាតុករ​បាន​សម្រុកចូល​ទៅ​កាន់កាប់​ក្នុង​វិមាន​សភា និង​បាន​ឡោមព័ទ្ធ​បិទ​ផ្លូវធំៗ​នៅក្នុង​ក្រុង​ផងដែរ​។ ការប៉ះទង្គិច​រវាង​ក្រុមបាតុករ​ជាមួយ​ប៉ូលិស បណ្ដាលឲ្យ​របួស​មនុស្សជា​ច្រើននាក់ ហើយ​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ប្រើ​ដំបង ដើម្បី​វាយ​បំបែក​ក្រុមបាតុករ​ដែល​ចូលទៅ​កាន់កាប់​អគារ​សភា បិទ​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​។ វា​ពិតជា​មិន​ងាយស្រួល​ឡើយ​ក្នុង​ការបង្ក្រាប ព្រោះ​ប្រជាជន​ហុងកុង​នៅតែ​ប្រកាន់​ជំហរ​ប្រឆាំង​។ ចំណែក​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម ក៏ត្រូវ​ក្រុមបាតុករ​ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង ដោយ​ចោទថា​មាន​ទំនោរ​ទៅរក​ទីក្រុង​ប៉េកាំង​។​

​ការតវ៉ា​ក្លាយជា​អំពើហិង្សា​ផ្ទុះឡើង​ដូច្នេះ មេដឹកនាំ​ហុងកុង​បាន​ថ្លែង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ក្នុង​ពេលធ្វើ​សន្និសីទកាសែត ដោយ​ប្រកាស​នឹង​ចាត់វិធានការ​ក្ដៅ​។ លោកស្រី​ថា​ពេលនេះ​គ្មានអ្វី​សំខាន់​ជាង​នីតិរដ្ឋ​ហុងកុង​ឡើយ​។ ចំណែក​ទីក្រុង​ប៉េកាំង​ដែល​រង​ការចោទប្រកាន់ថា កំពុង​ព្យាយាម​ប្រើ​ឥទ្ធិពល​មក​គ្រប​លើ​ហុងកុង​នោះ ក៏​ទទូចថា​មិនត្រូវ​លើកលែងឲ្យ​អ្នក​បំពាន​ច្បាប់​ដាច់ខាត​។ 

​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​មិនទាន់​អាចនិយាយបាន​ទេ​ថា រដ្ឋាភិបាល​ហុងកុង​ព្រមធ្វើ​តាម​សំណើ​ក្រុមបាតុករ ឬ​ក្រុមបាតុករ​ត្រូវ​ឯកភាព​តាម​គោលជំហរ​របស់​រដ្ឋាភិបាល​។ តែ​មិនត្រូវ​ភ្លេច​ឡើយ​ប្រជាជន​ហុងកុង​ពិតជា​ចង់​រស់នៅ​ក្រោម​ការដឹក​នាំ​បែប​ប្រជាធិបតេយ្យ ដូច្នេះ​ពួកគេ​នឹងមិន​អនុញ្ញាតឲ្យ​ចិន​ចូលមក​គ្របដណ្ដប់ងា​យៗ​ឡើយ​។ ប្រជាជន​ហុងកុង​ថាបើ​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដូច​បោះដៃ​ឲ្យ​ចិន​សាបព្រោះ​ឥទ្ធិពល​លើ​ហុងកុង​។ រីឯ​ការតវ៉ា​កំពុង​កើតឡើង​ពេលនេះ បើ​គ្មាន​ដំណោះស្រាយ​សមស្រប ការតវ៉ា​នឹង​ផ្ទុះឡើង​កាន់តែខ្លាំង​ដូច​ការតវ៉ា​ក្នុង​ឆ្នាំ​២០១៤​អ៊ីចឹង​៕

ព័ត៌មានផ្សេងទៀត