ប៉ូលិស​បង្ក្រាប​ក្រុមបាតុករ ដែល​សម្រុកចូល​សភា​ហុងកុង​

02-07-2019 12:29 pm 261
  ស្តាប់
ក្រុមបាតុករវាយកម្ទេចបង្អូចអគា​នៃ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ
ស្តាប់ជាសំឡេង

ហុងកុង​បាន​ប្រឈម​នឹង​បាតុកម្ម​ធំៗ​ជាច្រើន​សប្តាហ៍​កន្លងមក​ហើយ ប៉ុន្តែ​ការតវ៉ា​កាលពី​ថ្ងៃ​ចន្ទ​ទី​១​ខែកក្កដា​ឆ្នាំ​២០១៩ បាន​ឈានដល់​កម្រិត​ធ្ងន់ធ្ងរ ដែល​គេ​មិន​ធ្លាប់​បានឃើញ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង​ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅក្នុង​ខួប​លើក​ទី​២២ នៃ​ការប្រគល់​ហុងកុង​ឲ្យ​ចិន​គ្រប់គ្រង ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​។ ចេញពី​ការប្រមូលផ្តុំ ក្រុមបាតុករ​បាន​លើកគ្នា មក​សម្រុកចូល​ក្នុង​សភា​ហុងកុង នា​រសៀល​ថ្ងៃ​ដដែល និង​បាន​ចូលទៅ​គ្រប់គ្រង​អគា​នៃ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​។ 

​អំឡុងពេល​ចូល​គ្រប់គ្រង​អគារ ក្រុមបាតុករ​ភាគច្រើន​មាន​វ័យក្មេងៗ ដែល​ពាក់មួក វែន​តា និង​ម៉ាស​ការពារ​ផង​នោះ បាន​វាយកម្ទេច​ជញ្ជាំង​កញ្ចក់ បង្អួច បំផ្លាញ​គ្រឿងសង្ហារិម និង​សម្ភារៈ​នៅក្នុង​អគារ រួមទាំង​សម្រុកចូល​ទៅដល់​កន្លែង សម្រាប់​រៀបចំ​កិច្ចប្រជុំ​របស់​សមាជិក​សភា ដោយ​យក​ទង់ជាតិ តំណាងឲ្យ​ប្រទេស​អង់គ្លេស ទៅ​បិទ​គ្របពីលើ​និមិត្តសញ្ញា តំណាងឲ្យ​ហុងកុង​ទៀតផង​។ ក្រុមបាតុករ បាន​សរសេរ​អក្សរ​ដិត​ធំៗ​ពណ៌​ខ្មៅ លើ​ជញ្ជាំង ដែល​បង្កឲ្យមាន​ភាព​រញ៉ៃរញ៉ៃ​យ៉ាងខ្លាំង​។ បើទោះជា​មាន​ការព្រមាន​ថា ការធ្វើ​បែបនេះ ប្រឈម​នឹង​ទោសទណ្ឌ​យ៉ាងណាក៏ដោយ ក្រុមបាតុករ​មិន​ញញើត​ឡើយ ហើយ​អះអាងថា មុន​មក​ទីនេះ ពួកគេ​បាន​ត្រៀមខ្លួន​ទទួល​បញ្ហា​ប្រឈម​នានា​គ្រប់យ៉ាង​រួចហើយ​។​

​បន្ទាប់ពី​ពាក់កណ្តាល​អាធ្រា​ត្រ ប៉ូលិស​រាប់រយ​នាក់ បាន​រឹបអូស​យក​អគារ​ទាំងមូល​ពី​ពួក​បាតុករ​វិញ​។ ប៉ូលិស​បាន​បង្ក្រាប ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដាក់​ពួកគេ​។ យ៉ាងណា មកទល់ពេលនេះ ពុំមាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​របួស​ឬក៏​ចាប់ខ្លួន នៅក្នុង​ភាពចលាចល​ថ្មី​នេះ​នៅឡើយ​ទេ​។ ចំណែក​សភា​ហុងកុង ត្រូវ​បិទទ្វារ​បណ្តោះអាសន្ន នៅ​ថ្ងៃ​អង្គារ​នេះ​។​

​រីឯ​មេដឹកនាំ​ហុងកុង​លោក ស្រី Carrie Lam បាន​ចេញមក​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ខាងក្រៅ​ស្នាក់ការ​កណ្តាល​របស់​ប៉ូលិស ដោយ​ផ្តន្ទាទោស សកម្មភាព​របស់​ក្រុមបាតុករ ថា​ជា​ទង្វើ​គួរឲ្យ​ស្អប់ខ្ពើម​។ អំពើហិង្សា ការបំផ្លិចបំផ្លាញ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមបាតុករ គឺ​លើសពី​ការបង្ហាញ​ពី​ការទាមទារ​ដោយ​សន្តិភាព​។ លោកស្រី​បាន​ថ្លែងប្រាប់​អ្នកកាសែត ដោយ​សង្ឃឹមថា សហគមន៍​ទាំងមូល នឹង​យល់ស្រប​ដូច​លោកស្រី ថា​ការ​ថ្កោលទោស​លើ​អំពើហិង្សា​នេះ ជា​រឿង​ត្រឹមត្រូវ ហើយ​មេដឹកនាំ​ស្ត្រី​រូបនេះ សង្ឃឹមថា សង្គម​នឹង​វិល​ត្រលប់​មករក​ភាពប្រក្រតី​វិញ​ក្នុងពេល​ឆាប់ៗ​។​

​គួរ​ជម្រប​ជូន​ថា ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រង នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​១៩៩៧ គិត​មកទល់​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​២២​ឆ្នាំ​ហើយ​។ បច្ចុប្បន្ន​ហុងកុង​ជា​តំបន់​ពាក់កណ្តាល​ស្វយ័ត ស្ថិតនៅក្រោម​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ ក្រុម​សកម្មជន បានរៀបចំ​ពិធី រំលឹក​ខួប​អនុស្សាវរីយ៍​នៃ​ការប្រគល់​ហុងកុង​ឲ្យ​ចិន​គ្រប់គ្រង​ជា​រៀងរាល់ឆ្នាំ ដោយ​អំពាវនាវ​ឲ្យមាន​សេរីភាព ប្រជាធិបតេយ្យ​កាន់តែ​ច្រើនឡើងៗ ដូចជា​សិទ្ធិ នៅក្នុង​ការជ្រើសរើស​មេ​ដឹកនាំ​ហុងកុង​ជាដើម​៕


 ពាក្យគន្លឹះ  ហុងកុងបាតុកម្ម

ព័ត៌មានផ្សេងទៀត