​៣​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ​​សមត្ថកិច្ច​បង្ក្រាប​​និង​ចាប់​ជនសង្ស័យ​​លួច​ឆក់​ជាច្រើន​នាក់​​

02-07-2019 11:20 am 317
  ស្តាប់
ស្តាប់ជាសំឡេង

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ណែនាំ​កម្លាំង​នគរបាល​គ្រប់​អង្គភាព​ទាំងអស់ ដែលមាន​ភារកិច្ច​ក្នុង​គណៈបញ្ជាការ​នេះ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រួមគ្នា ដើម្បី​បង្ក្រាប​បទល្មើស​លួច ឆក់ សំដៅ​កាត់បន្ថយ​បទល្មើស​លួច ឆក់ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ខណៈ​រយៈពេល​៣​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់ បង្ក្រាប​បទល្មើស​លួច ឆក់ បាន​ចំនួន​សរុប​៤២​ករណី ចាប់បាន​ជនសង្ស័យ​៧០​នាក់​។

​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​បញ្ជាក់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈបញ្ជាការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ បានឲ្យដឹងថា ​រយៈពេល​៣​ខែ (​មេសា​, ឧសភា​, មិថុនា​) ក្នុង​ឆ្នាំ​២០១៩​នេះ កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់ បាន​សហការគ្នា​ចូលរួម​បង្ក្រាប​អំពើ​លួច ឆក់ បាន​ចំនួន​សរុប​៤២​ករណី ចាប់បាន​ជនសង្ស័យ​៧០​នាក់ ស្មើ​៧១​ភាគរយ ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាមរយៈ​គណៈបញ្ជាការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​កម្លាំង​នគរបាល​គ្រប់​អង្គភាព​ទាំងអស់ ដែលមាន​ភារកិច្ច​ក្នុង​គណៈបញ្ជាការ​នេះ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រួមគ្នា ដើម្បី​សំដៅ​កាត់បន្ថយ​បទល្មើស​លួច ឆក់ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក អិុន បូរ៉ា អគ្គស្នងការ​រង​នគរបាលជាតិ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ដក​ស្រង់​បទពិសោធន៍​ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ក្រើនរំលឹក​ដល់​កម្លាំង​នគរបាល​ទាំងអស់​ថា មិនត្រូវ​ប្រើប្រាស់​វប្បធម៌​ជះ​ទឹក​ដាក់គ្នា​ពេល​បទល្មើស​កើតឡើង​នោះ​ទេ ពោល​ត្រូវតែ​រួមដៃគ្នា​ដើម្បី​បង្ក្រាប​ក្នុង​គោលដៅ​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ តាម​អនុសាសន៍​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក អិុន បូរ៉ា ក៏បាន​ដាក់បទបញ្ជា​ជាថ្មី ដល់​កម្លាំង​ទាំងអស់ ក្នុង​គណៈបញ្ជាការ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ​ទៅ ត្រូវ​រៀបចំ​ប្រមូលផ្ដុំ​កម្លាំង​ឡើងវិញ នៅតាម​គោលដៅ​រៀងៗ​ខ្លួន​និង​ត្រៀម​គ្រប់ពេលវេលា​ទាំងអស់ ដើម្បី​ចេញ​ប្រតិ​បត្ដិការប​ង្ក្រា​បនៅពេល​មាន​បទល្មើស​កើតឡើង​។​

​ជាមួយគ្នានេះដែរ​នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ​វិញ ក៏បាន​សង្កត់ធ្ងន់ថា បទល្មើស​ឆក់ ជា​បទល្មើស​មួយ​ដែលមាន​បញ្ហា​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ខ្លាំងណាស់ ក្រៅពី​ប៉ះពាល់​ដល់​អាយុជីវិត​ជនរងគ្រោះ​ហើយ​នោះ បទល្មើស​នេះ​ក៏​ប៉ះ​ពាក់​ដល់​កិត្តិយស​ប្រទេសជាតិ​ដែរ ប្រសិន​ជនល្មើស​ប្រព្រឹត្តទៅ​លើ​ជនបរទេស ហើយ​មួយវិញទៀត​ក៏​បង្ហាញ​អំពី​ភាព​អសកម្ម​របស់​កម្លាំង​សមត្ថកិច្ច​ផងដែរ​។ លោក ហ៊ឹម យ៉ាន ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ចំពោះមុខ ដែល​ត្រូវតែ​អនុវត្ត​រួមគ្នា មានដូចជា បញ្ហា​កងកម្លាំង​, បញ្ហា​គោលដៅ​, បញ្ហា​រូបភាព និង​សកម្មភាព​, ពេលវេលា​នៃ​ការធ្វើសកម្មភាព​ត្រូវ​បត់បែន​តាម​កាលៈទេសៈ​, បញ្ហា​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ពោល​ត្រូវ​ផ្សព្វផ្សាយ​រូបថត​របស់​ជនល្មើស​ទៅតាម​បណ្ដាញ​សង្គម​ជាដើម​៕

ព័ត៌មានផ្សេងទៀត