លោក​យ៉ង សាំង​កុមារ​៖​​បើ​ទោះ​កម្ពុជា​​មាន​EBA​​ក៏​ពិបាក​​ប្រកួត​​ជាមួយ​​វៀតណាម​ដែរ​​

02-07-2019 11:20 am 1127
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកជំនាញ​លើកឡើងថា ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA) រវាង​អឺរ៉ុប និង​វៀតណាម កាន់តែ​ធ្វើឲ្យ​កម្ពុជា​ខាតបង់​បន្ថែមទៀត​ក្នុងទំនាក់ទំនង និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អឺរ៉ុប​។ ជា​កិច្ចព្រមព្រៀង ដែល​នឹង​បើកផ្លូវ​ដល់​ប្រទេស​ជាប់​កម្ពុ​ជាមួយនេះ អាច​នាំ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​ស្ទើរតែ​គ្រប់មុខ​ដោយ​មិន​ជាប់ពន្ធ​។​

​វៀតណាម បាន​ខិតខំ​ប្រឹងប្រែង​ចរចា​អស់​រយៈពេល​៦​ឆ្នាំ ជាមួយ​សហភាព​អឺរ៉ុប ទម្រាំ​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​FTA​កាលពី​ថ្ងៃ​៣០​មិថុនា ឆ្នាំ​២០១៩​។​​ក្នុងចំណោម​សមាជិក​អាស៊ាន វៀតណាម​ជា​ប្រទេស​ទី​២ បន្ទាប់ពី​សិង្ហ​បុរី ដែលមាន​FTA​ជាមួយ​អឺរ៉ុប​។​ឯ​ថៃ​អាចជា​ប្រទេស​ទី​៣ ពីព្រោះ​រដ្ឋាភិបាល​ប្រទេស​នេះ​ចាប់ផ្តើម​ចរចារ​ឡើងវិញ​នៅពេល​មាន​រដ្ឋាភិបាល​ថ្មី​កើតចេញពី​ការបោះឆ្នោត​កាល​ពេល​ថ្មីៗ​នេះ​។​

​បើតាម​លោក​យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​សេដ្ឋកិច្ច ហើយក៏​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​តែងតែ​យកចិត្តទុកដាក់ បារម្ភ​ពី​សេដ្ឋកិច្ច​កម្ពុជា បាន​មើលឃើញថា កម្ពុជា​មិនទាន់មាន FTA ជាមួយ​អឺរ៉ុប​ទេ តែ​កម្ពុជា​ទទួលបាន​ការអនុគ្រោះ​ពន្ធ​EBA​នៅពេល​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយសារ​អឺរ៉ុប​ចាត់ទុក​កម្ពុជា ជា​ប្រទេស​ក្រីក្រ ឬ​មាន​ការអភិវឌ្ឍ​ទាប​បំផុត នៅឡើយ​។​

​លោក​ថា ខណៈដែល​វៀតណាម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប ដូច្នេះ បើទោះជា​កម្ពុជា​មានការ​អនុគ្រោះ​ពន្ធ​ក៏ដោយ ក៏​នៅមាន​ការលំបាក​ក្នុង​ការប្រកួតប្រជែង​ជាមួយ​វៀតណាម ដែរ​។ លោក​យ៉ង សាំង​កុមារ បន្ថែមថា នៅពេល​វៀតណាម​នាំចូល​ទីផ្សារ​អឺរ៉ុប​ដោយ​អត់​មាន​ពន្ធ ហើយ​នាំ​បច្ចេកវិទ្យា​ពី​អឺរ៉ុប​ដោយ​អត់​ពន្ធ កម្ពុជា​រិត​តែ​ពិបាក​ក្នុង​ការប្រកួតប្រជែង​ជាមួយ​វៀតណាម​ថែមទៀត ប្រសិនបើ​គ្មាន​ការកែទម្រង់​នយោបាយ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ទេនោះ​។ តែបើ​កម្ពុជា​លែង​បានទទួល EBA នៅ​ពេលខាងមុខ នោះ​ស្ថានភាព​រិត​តែ​គ្មាន​អំណោយផល ដល់​វិស័យសេដ្ឋកិច្ច និង​ការងារ នៅ​កម្ពុជា​។ 

​ការណ៍​នេះ លោក​ទទូច​ដល់​អ្នក​ដឹក​ប្រទេស ត្រូវ​គិតពី​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិ​ជាធំ ជាជាង​យក​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​គំនុំ​ផ្ទាល់ខ្លួន​ជា​ត្រីមុខ​។ លោក​មើលឃើញថា ការលើកស្ទួយ​សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​ដែលជា​រឿង​ល្អ​ក្នុង​ការដូរ​យក EBA ដើម្បី​សេដ្ឋកិច្ចជាតិ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជាតិខ្មែរ​ទាំងមូល​ក្នុងស្ថានភាព​ប​ច្ច​ប្បន្ន​។ លោក​វាយតម្លៃ​ទៀតថា តែ​នៅពេល​ខ្មែរ​បាត់ EBA ហើយ​វៀតណាម​ទទួលបាន FTA សេដ្ឋកិច្ច​ខ្មែរ​នឹង​អាស្រ័យ​វៀតណាម​កាន់តែខ្លាំង​ជាង​មុន មិន​ខាន​។​

​សូមបញ្ជាក់ថា ការបារម្ភ​នេះ ធ្វើឡើង ក្រោយពី​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម ដែលជា​ប្រទេសជិតខាង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជា​ផ្លូវការ​ជាមួយគ្នា ដែល​មានន័យថា វៀតណាម និង​អឺរ៉ុប មិន​យកពន្ធ​ពីគ្នា​ទៅវិញទៅមក​។ ការណ៍​នេះ អាច​នឹង​ធ្វើឲ្យ​កម្ពុជា​ខាតបង់​បន្ថែមទៀត​ក្នុង​ទំនាក់ទំនង និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អឺរ៉ុប​។​

​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​ផ្ដល់ឲ្យ​កម្ពុជា បានធ្វើឲ្យ​កម្ពុជា មិន​ត្រឹមតែ​ចំណេញ​លើ​ការលក់ទំនិញ​ទៅកាន់​សហគមន៍​នេះ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចំណេញ​លើ​កាតព្វកិច្ច​ពន្ធ​ទៀតផង ដែល​មានតម្លៃ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ដូច្នេះ រដ្ឋាភិបាល​ក្រៅពី​មាន​តួនាទី​បង្កើត​ទីផ្សារ​ថ្មី គឺ​ត្រូវតែ​ធ្វើយ៉ាងណា​រក្សា​ការអនុគ្រោះ​ពន្ធ​នេះ​ឲ្យខាងតែបាន​ដើម្បី​រក្សា​ប្រយោជន៍​ជាតិ​៕

 ពាក្យគន្លឹះ  លោកយ៉ងសាំងកុមារEBA

ព័ត៌មានផ្សេងទៀត