កម្ពុជា​ពុំ​អាច​ស្វែងរក​មេដាយ​សូម្បី​មួយ​គ្រឿង​ក្នុង​ការប្រកួត​ហែល​ទឹក​ជើងឯក​យុវជន​អាស៊ាន​

01-07-2019 8:05 pm 267
  ស្តាប់
ស្តាប់ជាសំឡេង

​ទីបំផុត​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ហែល​ទឹក ជ្រើសរើស​ជើងឯក​យុវជន​អាស៊ាន លើក​ទី​៤៣ ដែល​ប្រកួត​រយៈពេល​៣​ថ្ងៃ នា​ពហុ​កីឡដ្ឋាន​មរតក​តេជោ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​វៀតណាម​ទទួលបាន​មេដាយ​ច្រើនជាងគេ លេខ​២​បាន​ទៅ​លើ​ថៃ និង​លេខ​៣​បាន​ទៅ​លើ​សិង្ហ​បុរី ខណៈ​ម្ចាស់ផ្ទះ​កម្ពុជា ពុំ​ទទួលបាន​មេដាយ​សោះ...

​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ាន លើក​ទី​៤៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ក្រោយ​ប្រកួត​រយៈពេល​៣​ថ្ងៃ នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ក៏ប៉ុន្តែ ម្ចាស់ផ្ទះ​កម្ពុជា ពុំ​ទទួលបាន​មេដាយ​សូម្បី​១​គ្រឿង ។​

​យ៉ាងណាក៏ដោយ ការប្រកួត​នេះ វៀតណាម​បាន​ដណ្តើម​មេដាយ​ច្រើនជាងគេ​សរុប​១០៩​គ្រឿង ក្នុងនោះ​មេដាយមាស​៤៣ ប្រាក់​៤១ និង​សំរឹទ្ធិ​៤១ ខណៈ​ថៃ ឈរ​លេខ​២ ទទួលបាន​មេដាយ​សរុប​៧៦​គ្រឿង រួមមាន មេដាយមាស​២៨ ប្រាក់​១៨ និង​សំរឹទ្ធិ​១៨ ។​

​ចំណែក​លេខ​៣ បាន​ទៅ​លើ​សិង្ហ​បុរី ទទួលបាន​មេដាយ ៤៣​គ្រឿង រួម​មាន​មេដាយមាស​១១ ប្រាក់​១៨ និង​សំរឹទ្ធ​១៨ ហើយ​ឥណ្ឌូនេស៊ី លេខ​៤ ទទួលបាន​មេដាយ​២០​គ្រឿង ក្នុងនោះ​មាស​១០ ប្រាក់​៣ សំរឹទ្ធ​៧ និង​លេខ​៥ បាន​ទៅ​លើ​ហ្វីលីពីន ដោយ​ដណ្តើមបាន​មេដាយ​សរុប​៣០​គ្រឿង ក្នុងនោះ មាស​៨ ប្រាក់​១៣ និង​សំរឹទ្ធ​៩ ។ 

​ព្រឹត្តិការណ៍​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩ ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​២៨ មិថុនា នា​ពហុ​កីឡដ្ឋាន​មរតក​តេជោ រាជធានី​ភ្នំពេញ ។​

​ការប្រកួត​ថ្នាក់​តំបន់ ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​មាន​ការចូលរួម​ពី​សំណាក់​កីឡាករ កីឡា​ការិនី ចំនួន ៤០៦​រូប មកពី​១០​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍ ក្នុងនោះ កីឡាករ​កម្ពុជា មាន​ចំនួន​២០​រូប និង​បរទេស​ចំនួន ៣៨៦ រូប ៕

ព័ត៌មានផ្សេងទៀត