ក្រុមបាតុករ​​ហុងកុង​​ផ្ទុះ​ហិង្សា​ជាថ្មី​​​ឈានដល់​​បង្ក​ការខូចខាត​​ដល់​អគារ​រដ្ឋ​

01-07-2019 5:41 pm 662
រូបភាពក្រុមបាតុករហុងកុងកំពុងវាយកម្ទេចកញ្ចក់អគាររដ្ឋ

​ក្រុម​តវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង​បាន​ព្យាយាម​សម្រុកចូល​ទៅក្នុង​អគា​ក្រុមប្រឹក្សា​នីតិប្បញ្ញត្ដិ ដោយ​ពួកគេ​ទាមទា​រឲ្យរដ្ឋាភិបាល​ដកចេញ​ទាំងស្រុង​នូវ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ នៅ​ថ្ងៃទី​០១​កក្កដា​នេះ​ស្ថានភាព​ហាក់​តានតឹង​ខ្លាំង​នៅ​ខាងក្រៅ​អគារ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្ដិ ជា​ទីតាំង​ដែល​ប៉ូលិស​និង​ក្រុមបាតុករ​កំពុង​ប្រឈមមុខ​ដាក់គ្នា​។ ក្រុមបាតុករ​ខ្លះ​បាន​វាយកម្ទេច​បង្អួច​កញ្ចក់​អគារ ប៉ុនប៉ង​សម្រុកចូល​ទៅក្នុង​អគារ​តែម្ដង ប៉ុន្ដែ​ក៏ត្រូវ​ប៉ូលិស​ទប់ស្កាត់​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ក្នុង​រសៀល​ថ្ងៃទី​០១​កក្កដា​នេះ សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ក៏​បានធ្វើ​ពិធី​ដង្ហែ​ក្បួន​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង​ផងដែរ​។​

​សូមបញ្ជាក់ថា ការតវ៉ា​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន បាន​ផ្ទុះឡើង​តាំងពី​ខែ​មុន​មកម្ល៉េះ រហូត​មាន​ជា​អំពើហិង្សា​កើតឡើង និង​មាន​ការទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង​ចុះ​ចេញពី​តំណែង​ទៀតផង​។ ចំពោះ​មូលហេតុ​នៃ​ការទាមទារ​ឲ្យ​លុប​ច្បាប់​នេះ​ចោល ក្រុម​តវ៉ា​លើកឡើងថា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ប្រជាជ​ន​ហុងកុង ខ្លាច​ចិន​មាន​ឥទ្ធិពល​កាន់តែខ្លាំង​មកលើ​ក្រុង​ហុងកុង ព្រមទាំង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្ដិធម៌​នៅ​ហុងកុង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត