កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​​វៀតណាម​-​អឺរ៉ុប​​អាច​ចាប់ផ្ដើម​​អនុវត្ដ​ចុង​ឆ្នាំនេះ​

01-07-2019 3:55 pm 449
  ស្តាប់
រូបភាពទង់ជាតិអឺរ៉ុប(ឆ្វេង)​និងទង់ជាតិវៀតណាម
ស្តាប់ជាសំឡេង

​ប្រទេស​វៀតណាម​និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី​៣០​មិថុនា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA)​ជាមួយគ្នា​ហើយ​។ កិច្ចព្រមព្រៀង​នេះ​ចុះ​ចន្លោះពេល​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ច្របូកច្របល់ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន និង​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ បញ្ហា​ទាំងពីរ​នេះ​កំពុង​ក្លាយជា​ពពក​ខ្មៅ មក​បាំងបិទ​កំណើន​សេដ្ឋកិច្ចពិភពលោក​។ 

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​វៀតណាម គាំទ្រ​យ៉ាងខ្លាំង​ដោយ​អ្នកស្រី​Cecilia Malmstrom តំណាង​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម ដោយ​ចាត់ទុកជា​ការ​ឈានដល់​ចំណុច​មួយ​ដ៏​សំខាន់បំផុត​នៃ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​។ អ្នកស្រី​បាន​សង្កត់ធ្ងន់​នៅក្នុង​ពិធី​ចុះហត្ថលេខា​ថា “​យើង​ចង់​ធ្វើឲ្យ​ប្រាកដថា ការធ្វើ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​នៅក្នុង​តំបន់​នេះ​មាន​ផល​វិជ្ជមាន ដូច្នេះ​យើង​អាច​បញ្ជាក់​ពី​ស្ដង់ដា​ខ្ពស់​នៅក្នុង​កិច្ចព្រមព្រៀង​។​”

​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​អាច​នឹង​ចូល​ជា​ធរមាន​ឲ្យ​អនុវត្ដនៅ​ចុងឆ្នាំ​២០១៩​នេះ​។ កិច្ចព្រមព្រៀង​នឹង​ផ្ដល់ឱកាស​ដើម្បី​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម គាំទ្រ​ការងារ និង​គាំទ្រ​កំណើនសេដ្ឋកិច្ច​​ភាគី​ទាំងពីរ តាមរយៈ​ការ​លុប​៩៩​ភាគរយ​នៃ​ពន្ធ​លើ​ទំនិញ កាត់បន្ថយ​ច្បាប់​ដែលជា​ឧបសគ្គ​សម្រាប់​ប្រទេស​ទាំងពីរ ធានា​នូវ​ការការពារ​សូចនាករ​ភូមិសាស្ដ្រ បើកទូលាយ​លើ​សេវាកម្ម​និង​ទីផ្សារ​លទ្ធកម្ម​សាធារណៈ ធ្វើឲ្យ​ប្រាកដថា​ច្បាប់​ដែលបាន​ព្រមព្រៀងគឺ​អាច​ប្រតិបត្ដិបាន​។ 

​សូមបញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប​បានដាក់​សំណើសុំ​ចុះហត្ថលេខា និងសេចក្ដីសម្រេច​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​ទាំងពីរ​ទៅកាន់​ក្រុមប្រឹក្សា​អឺរ៉ុប​ហើយ​។ នៅពេល​ក្រុមប្រឹក្សា​អនុញ្ញាត កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ហើយ​ដាក់ជូនទៅ​សភា​អឺរ៉ុប​អនុម័ត​។ បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​សភា ក្រុមប្រឹក្សា​អាច​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បាន​ហើយ ដែល​ពេលនោះ​កិច្ចព្រមព្រៀង​នឹងត្រូវ​ចូល​ជា​ធរមាន​តែម្ដង​៕

 ពាក្យគន្លឹះ  អឺរ៉ុបវៀតណាមFTA

ព័ត៌មានផ្សេងទៀត