រដ្ឋសភា​អនុម័ត​លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ចំនួន​៣​បន្ថែមទៀត

01-07-2019 3:13 pm 1204

​រដ្ឋសភាជាតិ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា​នេះ បានសម្រេច​អនុម័ត លើ​សេចក្តីព្រាងច្បាប់​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ចំពោះ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​គ្គិ​ស​នី​ចំនួន ៣ ដូចខាងក្រោម​៖

១.​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ អានុភាព ៨០ មេហ្កា​វ៉ាត់ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​

២.​គម្រោង​វិយោគ​បន្ថែម​សមត្ថភាព ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ២០​មេហ្កា​វ៉ាត់ថែម​ពី​លើ​គម្រោ​ងចាស់ ៦០​មេហ្កា​វ៉ាត់ នៅ​ស្រុក​ឧត្តុង្គ ខេត្ត​ពោធិ៍សាត់ សរុប​ទាំងអស់ ៨០​មេហ្កា​វ៉ាត់​

៣.​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ថ្មី​ពីរ​កន្លែង មាន​អានុភាព ១២០​មេហ្កា​វ៉ាត់ នៅ​កំពង់ឆ្នាំង​អានុភាព ៦០​មេហ្កា​វ៉ាត់ និង​នៅ​ពោធិ៍សាត់​អានុភាព ៦០​មេហ្កា​វ៉ាត់​។​

​គោលដៅ នៃ​គម្រោង​ទាំង​៣​ខាងលើ គឺ​ដើម្បី​ជួយ​បន្ថែម​សមត្ថភាព​ប្រភព​អគ្គិសនី​ទប់ទល់​នឹង​កំណើន​នៃ​សេចក្តីត្រូវការ​អគ្គិសនី​នៅក្នុង​ឆ្នាំ ២០២១, ២០២២ និង​ឆ្នាំ​២០២៣ ។

​គួរបញ្ជាក់​ថា នៅ​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ប្រឈម​នឹង​ការខ្វះខាត​ថាមពល​អគ្គិសនី ប្រើប្រាស់ ដែល​បង្ក​ការលំបាក​យ៉ាងខ្លាំង សម្រាប់​ក្រុមហ៊ុន​វិនិយោគ និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដោយសារ​ការ​ដាច់​ភ្លើង​ស្ទើរ​ជា​រៀងរាល់​។​

​លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​មានប្រសាសន៍ថា ការខ្វះ​ថាមពល​អគ្គិសនី​នេះ បាន​ផ្តល់​បទពិសោធន៍​ឱ្យ​កម្ពុជា​ជាច្រើន សម្រាប់​ឱ្យ​កម្ពុជា​ត្រូវ​រក​វិធី​ដោះស្រាយ ដើម្បី​ជៀសវាង​បញ្ហា​ច្រំ​ដែល​នៅ​ឆ្នាំ​ខាង​មុខ​។ លោក​ថា នៅពេល​ខាងមុខ​កម្ពុជា នឹង​បង្កើត​ប្រភព​ថាមពល​អគ្គិសនី​បន្ថែម​ដែល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ វា​រី​អគ្គិសនី ធ្យូ​ថ្ម ហ្គាស និង ប្រេង​ឥន្ទនៈ​៕

ព័ត៌មានផ្សេងទៀត