កូរ៉េខាងជើង​​សាទរ​​ជំនួប​​លើក​ទី​បី​​លោក​ត្រាំ​​លោក​គីម​​ឯ​អ្នកវិភាគ​ថា​​ជា​សញ្ញា​ល្អ​

01-07-2019 12:20 pm 336
  ស្តាប់
លោកត្រាំ(ឆ្វេង)លោកគីមពេលជួបគ្នា
ស្តាប់ជាសំឡេង

​មួយថ្ងៃ​បន្ទាប់ពី​កិច្ច​ជំនួប​លើក​ទី​បី​រវាង​លោក​ដូណាល់ ត្រាំ ជាមួយ​លោក​គីម ជុង​អ៊ុន នៅ​តំបន់​គ្មាន​យោធា​ព្រំដែន​កូរ៉េ​ទាំងពីរ កូរ៉េខាងជើង​នៅ​ថ្ងៃទី​០១​កក្កដា​នេះ បានចេញ​សារ​អបអរសាទរ​នឹង​កិច្ច​ជំនួប ដោយ​ចាត់ទុកជា​រឿង​ក្នុង​ប្រវត្ដិសាស្ដ្រ និង​ជា​រឿង​អស្ចារ្យ​បំផុត​។ តាម​ការចុះផ្សាយ​នៅលើ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បានឲ្យដឹងថា មេដឹកនាំ​ទាំង​ពីរបាន​ព្រមព្រៀង​បន្ដ​ជំរុញ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ដើម្បី​ធ្វើឲ្យមាន​របកគំហើញ​ថ្មី​មួយ​ក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ កូរ៉េខាងជើង​បន្ថែមថា នេះ​គឺជា​លើកដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ ដែល​ប្រធានា​ធិបតិ​អាមេរិក​ជាន់ទឹក​ដីកូ​រ៉េ​ខាងជើង​។​

​សម្រាប់​អ្នកវិភាគ​បាន​លើកឡើងថា មេដឹកនាំ​ទាំងពីរ​កំពុង​ជំរុញឲ្យមាន​សន្ទុះ​ជាថ្មី​ក្នុង​កិច្ចចរចា​នុយក្លេអ៊ែ​រ ខណៈ​បច្ចុប្បន្នកំពុង​ជាប់គាំង​។ ម្យ៉ាងវិញទៀត​ទង្វើ​នេះ​ជា​ការ​បង្ហាញឲ្យឃើញការ​ពិត ពី​ចេតនា​ចង់​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ កិច្ចប្រជុំ​កំពូល​លើកដំបូង​រវាង​លោក​ត្រាំ​និង​លោក​គីម បាន​ធ្វើឡើង​ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំមុន ដោយ​បង្កើតបាន​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ ការសន្យា​នឹង​លុបបំបាត់​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ នៅតែ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។​

​កិច្ច​ជំនួប​លើក​ទី​ពីរ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាលពី​ចុង​ខែកុម្ភៈ​ឆ្នាំនេះ បិទ​បញ្ចប់​ទាំង​បរាជ័យ ពោល​គឹ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។ គ្មាន​កិច្ចព្រមព្រៀង​ដោយសារតែ​មិន​ឯកភាព​លើ​ការដក​ទណ្ឌកម្ម​។ បន្ទាប់ពី​នោះមក​ទំនាក់ទំនង​រវាង​អាមេរិក​-​កូរ៉េខាងជើង​ហាក់​ឃ្លាត​កាន់តែ​ឆ្ងាយ ដោយ​ទីក្រុង​ព្យុងយ៉ាង​បាន​រិះគន់​អាមេរិក​ជា​ញឹកញយ លើ​គោលជំហរ​អាមេរិក​សព្វ​ថ្ងៃ​។ 

​ប៉ុន្ដែ​កិច្ច​ជំនួប​លើក​ទី​បី​កាលពី​ថ្ងៃទី​៣០​មិថុនា ជា​ការផ្លាស់ប្ដូរ​ដ៏​ភ្ញាក់ផ្អើល​។ ក្នុង​កិច្ចពិភាក្សា​នៅ​តំបន់​ព្រំដែន លោក​ត្រាំ​ក៏​បានលើកឡើង​ពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ទាមទារ​ដោយ​កូរ៉េខាងជើង ហើយ​លោក​នឹង​អញ្ជើញលោក​គីម​ធ្វើ​ទស្សនកិច្ច​នៅ​សេត​វិមាន​។ លោក​ត្រាំ​បាន​ហៅ​លោក​គីម​ថា​ជា​មិត្ដភក្ដិ ដែល​មេដឹកនាំ​ទាំងពីរ​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​យ៉ាង​ល្អ​។ ទំនាក់ទំនង​ល្អ​អាចជា​លទ្ធភាព​នៃ​ការ​ឈ្នះឧ​បគ្គ​ជាច្រើន ឈានទៅ​សម្រេច​លទ្ធផល​ល្អប្រសើរ​៕ 

ព័ត៌មានផ្សេងទៀត