តំណាង​កម្ពុជា​៖​​អឺរ៉ុប​​កំពុង​យក​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ចំណាត់​ខ្មាំង​ នៅពេល​និយាយ​​ពី​EBA​

01-07-2019 12:01 pm 649
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ថាន​បេសកកម្ម​អចិន្ដៃយ៍​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែ​វ បាន​ប្រតិកម្ម​ទៅនឹង​ប្រតិភូ​នៃ​ប្រទេស​មួយចំនួន និង​សហភាព​អឺរ៉ុប ដែល​បាន​សម្ដែង​ក្តីបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ក្នុងប្រទេសកម្ពុជា ក្នុងអំឡុង​ការជជែក​ពិភាក្សា​ទូទៅ​ផ្ទាល់មាត់ អំពី​បច្ចុប្បន្នភាព ដោយ​ឧត្តមស្នងការ​ស្តីពីស្ថាន​ភាព​សិទ្ធិមនុស្ស​ទូទាំង​ពិភពលោក​។​

​តំណាង​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​លោក​ណី សំអុល ចាត់ទុកថា ជា​រឿង​វង្វេងវង្វាន់​មួយ​ដែល​គណៈប្រតិភូ​ទាំងនោះ​ស្នើសុំ​ឲ្យ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​នៅពេលដែល​កម្ពុជា អនុវត្ត​ច្បាប់ និង​បទបញ្ជា ដើម្បី​ធ្វើតាម​ការស្នើសុំ​នោះ ពួកគេ​បែរជា​ចោទប្រកាន់ថា រដ្ឋាភិបាល បាន​រឹតត្បិត​សេរីភាព​ក្នុង​ការបញ្ចេញមតិ​ទៅវិញ ហើយ​អ្វីដែល​កាន់តែ​ជា​ភាព​អកុសល​ជាងនេះទៅទៀត​នោះ ពួកគេ​បាន​យក​សិទ្ធិមនុស្ស​ធ្វើជា​ចំណាប់ខ្មាំង នៅពេល​និយាយ​ពី​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​។​

​ប្រតិភូ​ប្រទេស ទាំងនោះ​បានបង្ហាញ​ក្តីបារម្ភ ដែល​លោកកឹម សុខា នៅ​បន្ត​ជាប់​ឃុំខ្លួន​ដោយ​មិនមាន​ការជំនុំជម្រះ​។ ពួកគេ​ជំរុញ​កម្ពុជា​ឲ្យ​រក្សា​ការបើក​កិច្ចសន្ទនា​លក្ខណៈ​ស្ថាបនា ជាមួយ​សហភាព​អឺរ៉ុប ស្តីពី​នីតិវិធី​ពាណិជ្ជកម្ម​អនុគ្រោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ (EBA) ដើម្បី​ការពារ​មិន​ឲ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត និង​អំពាវនាវ​ឲ្យ​កម្ពុជា​បើក​លម្ហ​នយោបាយ​របស់ខ្លួន​ឡើងវិញ ហើយ​បន្ត​កិច្ចសហការ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស ឯការ​រឹតបន្តឹង​លម្ហ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ក៏​ជា​ក្តីបារម្ភ​ដែរ​។ ដូច្នេះ អាជ្ញាធរ​កម្ពុជា ត្រូវតែ​ដោះលែង​លោកកឹម សុខា និង​ការផ្តល់​សិទ្ធិ​នយោបាយ​ឡើងវិញ ដល់​សមាជិក​គណបក្ស​ប្រឆាំង​ទាំងអស់​។​

​ប៉ុន្តែ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ កាលពី​ថ្ងៃ​៣០ មិថុនា លោក​ណី សំអុល បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ទូទៅ​ចំណុច​ទី​២ នៅក្នុង​សម័យប្រជុំ​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៥ មិថុនា​កន្លងទៅ បញ្ជាក់ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា ពេលនេះ​ពលរដ្ឋ​កម្ពុជា កំពុង​ទទួលបាន​ការ​ប្រព្រឹត្ត​ស្មើភាព​គ្នា នៅ​ចំពោះមុខ​ច្បាប់​ដោយ​មិន​គិត​អំពី​ស្ថានភាព​នយោបាយ និង​អតីតកាល​របស់​ពួកគេ​។ មនុស្ស​ម្នាក់​ទទួលខុស​ត្រូវ​ផ្នែក​ច្បាប់​មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​ទេ ប៉ុន្តែ​គឺ​ដោយសារ​បទល្មើស​ដែល​ពួកគេ​ប្រព្រឹត្ត តែប៉ុណ្ណោះ​។​

​ឯ​ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា​គម្រោង​អនុគ្រោះ​ពន្ធ EBA តំណាង​កម្ពុជា អះអាងថា កម្ពុជា​ត្រូវការ​ជំនួយ និង​ការជួយ ប៉ុន្តែ​អធិបតេយ្យភាព​របស់​កម្ពុជា មិនអាច​ដោះដូរ​ជាមួយ​ជំនួយ​ឡើយ​។​លោក​ណី សំអុល និយាយថា បញ្ហា​ជំនួយ មិនគួរ​ត្រូវបាន​យកមក​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ជា​ថ្នូរ​ជាមួយ​អធិបតេយ្យភាព​ទេ​។​

សហភាព​អឺរ៉ុប នៅតែ​ចង់​ផ្តល​ឲ្យ​កម្ពុជា នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដោយ​ជំរុញ​ដោយ​ត្រង់​ជាមួយ​ភាគី​កម្ពុជា និង​រំពឹងថា កម្ពុជា នឹង​កែលម្អ​បញ្ហា​ទាំងអស់​ដែលជា​ក្ដីកង្វល់ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​នេះ​។​

​សូមបញ្ជាក់ថា តាម​ការគ្រោងទុក ដំណើរ​បេសកម្ម​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ដែល​ចុះមក​ឃ្លាំមើល និង​ត្រួតពិនិត្យ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បញ្ចប់ទៅ​នៅ​ចុង​ខែសីហា​ខាងមុខនេះ​។​

​ក្រោយ​ចប់​រយៈពេល​នេះ សហភាព​អឺរ៉ុប​នឹង​បង្ហាញ​របាយការណ៍​រក​ឃើញ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​កម្ពុជា មាន​រយៈពេល ១​ខែ ការ​ក្នុង​ឆ្លើយតប​នឹង​របាយការណ៍​នេះ មុននឹង​មាន​ការសម្រេច​ជា​ផ្លូវការ​ថា​តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​ព្យួរ ឬ​រក្សាទុក​ដដែល​សម្រាប់​កម្ពុជា​៕

 ពាក្យគន្លឹះ  អឺរ៉ុបបញ្ហាEBA

ព័ត៌មានផ្សេងទៀត