លោក​ត្រាំ​និង​លោក​គីមជួបគ្នា​លើក​ទី​៣នៅ​ព្រំដែន​កូរ៉េខាងជើង​និង​ខាងត្បូង​

30-06-2019 2:27 pm 1712
  ស្តាប់
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកគីម ជុងអ៊ុនពេលដើរឆ្លងកាត់ព្រំដែន
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង បាន​ជួប​និង​ចាប់ដៃគ្នា​ហើយ នៅ​តំបន់​គ្មាន​យោធា (DMZ)​ជា​ព្រំដែន​រវាង​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង នា​ថ្ងៃអាទិត្យ​ទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។ ជំនួប​រវាង​លោក​គីម​និង​លោក​ត្រាំ​លើក​ទី​១ នៅ​តំបន់​គ្មាន​យោធា​នេះ ក៏មាន​សកម្មភាព​មិន​សូវ​ខុសពី​ជំនួប​រវាង​លោក​គីម​និងមូន​កាលពីលើក​មុនដែរ​។ លោក​ត្រាំ​ត្រូវបាន​លោក​គីម អញ្ជើញ​ឲ្យ​ដើរ​ឆ្លងកាត់​បន្ទាត់​ព្រំដែន ពី​ប្រទេស​កូរ៉េខាងត្បូង ចូលក្នុង​ប្រទេស​កូរ៉េខាងជើង ដោយ​ដើរ​ប្រហែលជា​១០​ជំហាន រួចហើយ មេ​ដឹក​​នាំ​ទាំងពីរ បាន​ទះដៃ​អបអរសាទរ​រួមគ្នា និង​ចាប់ដៃគ្នា​រលាក់​យ៉ាង​ល្អូកល្អិន​។​

​បន្ទាប់មក​លោក​ត្រាំ​និង​លោក​គីម បាន​បណ្តើរគ្នា​ឆ្លង​ព្រំដែន ពី​ប្រទេស​កូរ៉េខាងជើង​ត្រឡប់មក​ប្រទេស​កូរ៉េខាងត្បូង​វិញ ដោយ​ទទួលបាន​ការស្វាគមន៍​ពី​លោក​មូន​។ លោក​ត្រាំ​និង​លោក​គីម បាន​ឈរ​ក្បែរ​គ្នា ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌​រួម​។ ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ដែល​ដាក់​ជើង​ជាន់​ទឹកដី​កូរ៉េខាងជើង លោក​ត្រាំ​បាន​ថ្លែងថា គាត់​មាន​មោទនភាព ក្នុង​ការឈាន​ជើង​លើ​បន្ទាត់​ព្រំដែន ឆ្លង​ចូលទៅ​ប្រទេស​កូរ៉េខាងជើង ហើយ​គាត់​ពិតជា​រីករាយ​មែនទែន ជាមួយ​លោក​គីម​។ ចំណែក​លោក​គីម បាន​សម្តែង​អារម្មណ៍​រីករាយ ដោយ​និយាយថា វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​ពួកគេ​អាច​ជួបគ្នា​បាន​នៅទីនេះ​។ នេះ​មានន័យថា យើង​អាចមាន​អារម្មណ៍ល្អ​ជាមួយគ្នា​។ ជំនួប​លើក​នេះ ពិតជា​មាន​អត្ថន័យ​ណាស់ ហើយ​លោក​ជឿថា ជំនួប​ថ្ងៃនេះ នឹង​ជះឥទ្ធិពល​វិជ្ជមាន ទៅលើ​ការពិភាក្សា​នានា នៅពេល​អនាគត​ផងដែរ​។ 

​បិទ​បញ្ចប់​សន្និសីទកាសែត​រយៈពេ​ល​ខ្លី ប្រធានាធិបតី​មួយគូ​នេះ បាន​ដើរ​ចូលទៅ​ពិភាក្សាគ្នា​ជា​លក្ខណ​ឯកជន​វិញ​ម្តង នៅ​តំបន់​សន្តិសុខ​រួម (JSA)​។ បញ្ចប់​កិច្ចប្រជុំ​បិទទ្ធារ​រយៈពេល​៥០​នាទី លោក​ត្រាំ​បាន​បន្ត​មក​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា ជាមួយ​លោក​មូន ជែ​អ៊ីន​វិញ​ម្តង​។ លោក​បាន​ប្រាប់​អ្នកកាសែត ដោយ​នៅតែ​អះអាងថា ជំនួប​លើក​ទី​ពីរ​រវាង​គាត់​និង​លោក​គីម នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម គឺ​ទទួលបាន​ជោគជ័យ ហើយ​លោក​បញ្ជាក់ថា អាមេរិក​និង​កូរ៉េខាងជើង​បង្កើត​ក្រុម ដើម្បី​ជួបចរចា​គ្នា នៅ​ចន្លោះពេល​២​ឬ​៣​សប្តាហ៍​ទៀត​។​

​សូមបញ្ជាក់ថា លោក​ត្រាំ​និង​លោក​គីម បាន​ជួបគ្នា​បី​ដង​ទាំង​លើក​នេះ លើកទីមួយ​នៅ​ប្រទេស​សិង្ហ​បុរី លើក​ទី​ពីរ នៅ​ប្រទេស​វៀតណាម​។ ជំនួប​នោះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​ពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕​ ​

 

ព័ត៌មានផ្សេងទៀត