វេ​ណេ​ហ្ស៊ូ​អេ​ឡាដោះលែង​ពលរដ្ឋ​កូ​ឡំប៊ី​៥៩​នាក់ដែល​ចាប់ខ្លួន​៣​ឆ្នាំ​មុន

30-06-2019 10:45 am 241
  ស្តាប់
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិសង្ឃឹមថានឹងមានការដោះលែងអ្នកទោសបន្តបន្ទាប់ទៀត
ស្តាប់ជាសំឡេង

​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ឲ្យដឹងថា រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​ដោះលែង​ពលរដ្ឋ​កូ​ឡំប៊ី​ចំនួន​៥៩​នាក់ កាលពី​ថ្ងៃ​សៅរ៍​។ ពលរដ្ឋ​ទាំងនេះ ត្រូវបាន​រដ្ឋា​ភិបាលវេ​ណេ​ហ្ស៊ូ​អេ​ឡា​ចាប់ឃុំខ្លួន ដោយ​បំពាន​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មកហើយ​។ ពួកគេ​ត្រូវបាន​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង ក្រោម​ស្ថានភាព​អាក្រក់ និង​មិនបាន​អនុវត្តតាម​នីតិវិធី​ត្រឹមត្រូវ​នោះទេ​។ ភ្លាមៗ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា មិនបាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​ដោះ​លែង​ពលរដ្ឋ​កូ​ឡំប៊ី​ទាំង​៥៩​នាក់​នោះ​នៅឡើយ​ទេ​។​

​យ៉ាងណា ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​កោត​សើរ​ចំពោះ​ទង្វើរ​របស់​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡានា​ពេលនេះ និង​ថា ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ នៃ​ការគោរព​សិទ្ធិមនុស្ស​។ ការិយាល័យ​សិទ្ធិមនុស្ស សង្ឃឹមថា នឹងមាន​ការដោះលែង​បន្តបន្ទាប់​ទៀត​ផងដែរ​។

​ការដោះលែង​ពលរដ្ឋ​កូ​ឡំប៊ី ធ្វើឡើង​ក្រោយពី​លោកស្រី Michelle Bachelet ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ជួបពិភាក្សា​ជាមួយ ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា លោក Maduro និង​មេ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា លោក Juan Guaido ក៏ដូចជា​សកម្មជន និង​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​។ ជំនួប​នេះ ធ្វើឡើង​កាលពី​សប្តាហ៍​មុន នៅក្នុង​ទីក្រុង​កា​រ៉ា​កាស ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ 

​ក្រសួងការបរទេស​កូ​ឡំប៊ី ធ្លាប់បាន​ស្នើ​ការិយាល័យ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង​ពលរដ្ឋ​របស់ខ្លួន កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​គ្មាន​លទ្ធផល​។ ទើបតែ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ មាន​ការយល់ព្រម​ដោះលែង និង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​គួរ​ជម្រាបជូន​ដែរថា កូ​ឡំប៊ី​និង​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដែលជា​ប្រទេស​មាន​របង​ជាប់​គ្នា​ផង​នោះ មិនសូវ​ត្រូវរ៉ូវ​គ្នា​ជា​យូរ​មកហើយ​។ ភាព​តានតឹង​រវាង​ភាគី​ទាំងពីរ បាន​ឈានដល់​ការ កាត់​ផ្តាច់ទំនាក់ទំនង​ការទូត ជាមួយគ្នា កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៩​។ លោក Maduro បានសម្រេច​ផ្តាច់ទំនាក់ទំនង ដោយសា​រតែកូ​ឡំប៊ី បានបង្ហាញ​ការគាំទ្រ​ចំពោះ​លោក Guaido ហើយ​លោក​ប្រធានាធិបតី​ម្នាក់នេះ បាន​ចោទកូ​ឡំប៊ី​ជាច្រើនទៀត ពាក់ព័ន្ធ​នឹង​ភាពចលាចល ដែល​បាន​កើតឡើង​ក្នុងប្រទេស​កាលពីពេល​ថ្មីៗ​នេះ​៕

ព័ត៌មានផ្សេងទៀត