លោក​ស ខេង​ បង្ហាញពីបញ្ហា​ដែល​លោក​គួច ចំរើន ត្រូវ​ដោះស្រាយ​បន្ទាន់​

29-06-2019 4:05 pm 338

​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ក្រើនរំលឹក​ថា រាល់​ការ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវតែ​មាន​ច្បាប់ មាន​គុណភាព និង​សុវត្ថិភាព ដើម្បី​បញ្ចៀស​បាន​នូវ​ឧបទ្ទវហេតុ​ផ្សេងៗ​។

​ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់តំណែង​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី នា​ថ្ងៃ​ទី​២៩ ខែ​មិថុនា​នេះ លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា បញ្ហា​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​លោក​ចាប់អារម្មណ៍ និង​ព្រួយបារម្ភ​ខ្លាច​មាន​បញ្ហា តាំងពី​ពេល​មាន​កំណើន​វិនិយោគ​ដំណាក់កាល​ដំបូង​មកម្ល៉េះ​។​

​ដូច្នេះ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​យថាហេតុ ពាក់ព័ន្ធ​នឹង​សំណង់ ក៏ដូចជា​ផ្តល់​ទំនុកចិត្ត​ឡើងវិញ លោក​ស ខេង បាន​ក្រើន​ដាស់តឿន លោក គួច ចំរើន ដែល​ជា​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី រួម​នឹង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់ ត្រូវ​ពិនិត្យ​ពិច្ច័យ​ឱ្យបាន​ល្អិតល្អន់​គ្រប់សំណង់​ទាំងអស់​។ លោក​រដ្ឋមន្ត្រី បាន​រំលឹកថា រាល់​សំណង់​ទាំងអស់​ត្រូវតែ​មាន​ច្បាប់ ត្រូវតែ​មាន​គុណភាព និង​សុវត្ថិភាព​។

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ទៀត​ថា បញ្ហា​បាក់​រលំ​អគារ នា​ពេលកន្លងមក ប៉ះពាល់​ខ្លាំងណាស់​សម្រាប់​ការវិនិយោគ និង​វិស័យ​ទេសចរណ៍​ផង​ដែរ​, អគារ​គ្មាន​គុណភាព​មិន​មាន​នរណា​ចង់​មក​ស្នាក់​នៅ​នោះ​ឡើយ​។​

​សូមបញ្ជាក់​ថា ដើម្បី​ពង្រឹង​គុណភាព​សំណង់ នៅក្នុង​ខេត្ត​ព្រះសីហនុ​ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​ពិសេស​មួយ​មាន​សមាសភាព​ចម្រុះ​មកពី​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ​គ្រប់​សំណង់ នៅក្នុង​ខេត្ត​ព្រះសីហនុ​។

​ក្រៅ​ពី​បញ្ហា​គុណភាព​សំណង លោក​ស ខេង ក៏​បាន​បង្ហាញ​បញ្ហា​ជាច្រើន​ទៀត ដែល​លោក​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី គួរ​ដោះស្រាយ​។ បញ្ហា​ទាំងនោះ​រួមមាន ទំនាស់ និង​ការគ្រប់គ្រង​ដីធ្លី​, សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល​ចំណុះ​ក្រុង​ព្រះសីហនុ​, បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ និង​ការដោះស្រាយ​បញ្ហា​លូ និង​ទឹក​កខ្វក់​៕

ព័ត៌មានផ្សេងទៀត