លោក​ដូណាល់ ត្រាំ​​សម្រេច​ផ្អាក​​ដំឡើង​ពន្ធ​​លើ​​ទំនិញ​ចិន​​ទុកពេល​​ចរចា​បន្ដ​

29-06-2019 3:01 pm 650
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកស៊ី ជីនពីងពេលជួបគ្នា

​ប្រធានា​ធិបតិ​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​ហើយ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លោក​ត្រាំ​និង​លោក​ស៊ី បាន​ឯកភាព​បន្ដ​ឲ្យមាន​កិច្ចចរចា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ការខ្វែងគំនិត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​និយាយថា កិច្ចពិភាក្សា​នឹង​បន្ដធ្វើ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ទីក្រុង​ប៉េកាំង​ថា នឹង​ផ្អាក​ផែនការ​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​។ 

​លោក​ត្រាំ​បន្ថែមថា វា​នឹង​ក្លាយជា​រឿង​ប្រវត្ដិសាស្ដ្រ បើ​អាច​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ មិន​ថា​អាមេរិក​ឬក៏​ចិន​ទេ​សុទ្ធតែ​បើកចំហ​លើ​រឿងនេះ ហើយ​លោក​ក៏​ដឹង​ដែរថា តំណាង​របស់​ប្រទេស​ទាំងពីរ​ដែល​ដឹកនាំ​ការចរចា​កន្លងមក ពិតជា​ព្យាយាម​ខ្លាំងណាស់​ដើម្បី​ចង់បាន​កិច្ចព្រមព្រៀង​រួម​។ លោក​ថា​កិច្ច​ជំនួប​ជាមួយ​លោក​ស៊ី​ពិតជា​ទទួលបាន​លទ្ធផល​ល្អ គឺ​ល្អ​លើសពី​ការរំពឹងទុក​ទៅទៀត​។​

​ចំណែក​លោក​ស៊ី​វិញ​និយាយថា ប្រសិនបើ​អាមេរិក​-​ចិន​សហការគ្នា នោះ​នឹង​ត្រឡប់មកវិញ​ជាមួយ​ភាពល្អប្រសើរ ប៉ុន្ដែ​បើ​នៅ​ប្រកួតប្រជែង​គ្នា​នោះ​នឹង​ខាតបង់​។ កិច្ចសហប្រតិបត្ដិការ​និង​កិច្ចចរចា​ពិតជា​ល្អប្រសើរ​ជាង​ការប្រកួតប្រជែង​និង​ការ​ទាស់​គ្នា​។ នៅថ្ងៃនេះ​លោក​បាន​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ត្រាំ ពី​បញ្ហា​ជា​មូលដ្ឋាន​ជុំវិញ​ការអភិវឌ្ឍ​ប្រទេស​ទាំងពីរ​។ លោក​ចង់​លើកកម្ពស់​ទំនាក់ទំនង​ឆ្ពោះទៅរក​ភាព​សុខ​ដុម មាន​កិច្ចសហប្រតិបត្ដិការ​ល្អ និង​មាន​ស្ថិរភាព​៕

ព័ត៌មានផ្សេងទៀត