លោក​ហ៊ុន សែន​នឹង​ទៅ​ស្វីស ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ​រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

29-06-2019 2:57 pm 722

​តប​តាម​ការអញ្ជើញ​របស់​លោក រ៉ូបឺតូ អា​ហ្សេ​វេដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃទី​៣ ដល់​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៨ មិថុនា ឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ ដែល​ក្នុង​ឱកាស​នោះ លោក​នឹង​គូសបញ្ជាក់​ពី​បទ​ពិសោធន៍ កិច្ចប្រឹងប្រែង និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​ជម្នះ​ឧបសគ្គ​នានា និង​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​គួរឱ្យ​កោតសរសើរ​ដល់​កម្ពុជា ។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ព្រមទាំង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅក្នុង​កម្មវិធី​សង្គម ដែល​រៀបចំ​ដោយ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ផងដែរ ។​

​ក្រៅពីនេះ លោក​ក៏​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​នឹង​ផ្តល់​សារសំខាន់ និង​ច្បាស់លាស់​មួយ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត