អាមេរិក​​បញ្ជូន​យន្ដហោះ​​ចម្បាំង​​ទៅ​មជ្ឈិមបូព៌ា​​ខណៈ​តានតឹង​ខ្លាំង​​នឹង​អ៊ីរ៉ង់​

29-06-2019 1:31 pm 4073
  ស្តាប់
​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F-22របស់អាមេរិក
ស្តាប់ជាសំឡេង

​កងកម្លាំង​ជើង​អាកាស​អាមេរិក​បាន​បញ្ជូន​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F-22 ទៅកាន់​ប្រទេស​កាតា ដែល​នេះ​ជា​លើកដំបូង​ខណៈ​អាមេរិក​កំពុង​បង្កើន​កម្លាំង​នៅ​តំបន់​មជ្ឈិមបូព៌ា ក្នុង​គ្រា​ផ្ទុះ​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​អ៊ីរ៉ង់​។ សេចក្ដីថ្លែងការណ៍​និង​រូបភាព​បង្ហាញ​ដោយ​កងកម្លាំង​ជើង​អាកាស​អាមេរិក ឃើញថា​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ទាំងនោះ បាន​ធ្វើដំណើរ​ទៅដល់​មូលដ្ឋាន​ទ័ពអាកាស Al Udeid​ក្នុងប្រទេស​កាតា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ អាមេរិក​មិនបាន​បញ្ជាក់ថា​មាន​យន្ដហោះ​ប៉ុន្មាន​គ្រឿង​ត្រូវបាន​បញ្ជូនទៅ​ទេ ប៉ុន្ដែ​តាម​រូបភាព​ឃើញថា​មាន​យ៉ាងតិចណាស់​៥​គ្រឿង​នៅក្នុង​មូលដ្ឋាន​។ 

​កងទ័ព​ជើង​អាកាស​អាមេរិក​បញ្ជាក់បន្ថែម​ថា យន្ដហោះ​ចម្បាំង​ទាំងនេះ​ត្រូវបាន​ដាក់ពង្រាយ​នៅ​កាតា​ជា​លើកដំបូង ដើម្បី​ការពារ​កងកម្លាំង​និង​ផលប្រយោជន៍​របស់​អាមេរិក នៅក្នុង​តំបន់​ដែល​អាមេរិក​ទទួលខុសត្រូវ​។ ការបញ្ជូន​យន្ដហោះ​F-22​នេះ ធ្វើឡើង​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អ៊ិរ៉ង់ បាន​បាញ់​ទម្លាក់​យន្ដហោះ​ឈ្លប​ការណ៍​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​មួយ​គ្រឿង ដែល​ហោះហើ​រលើ​ច្រក​សមុទ្រ​Hormuz​។ អ៊ីរ៉ង់​ថា​យន្ដហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​ខ្លួន ប៉ុន្ដែ​ទីក្រុង​វ៉ាស៊ីនតោន​ថា​យន្ដហោះ​ឈ្លប​ការណ៍​ហោះហើ​រលើ​ដែនទឹក​អន្ដរជាតិ​ទេ​។​

​អ្នកវិភាគ​ផ្នែក​ការពារជាតិ​លោក​Peter Layton បាន​និយាយថា​បេសកកម្ម​នៃ​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F-22 ក្នុងករណី​ដែលមាន​អរិភាព​ពេញទំហឹង​ជាមួយ​អ៊ីរ៉ង់​បែបនេះ ត្រូវបាន​កំណត់​គោលដៅ​លើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់ ពិសេស​គឺ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-300 ដែលជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ល្អ​បំផុត​របស់​អ៊ីរ៉ង់​។ S-300​នេះ​អាចជា​គោលដៅ​ដំបូង​បំផុត នៃ​ការចេញ​ប្រតិ​បត្ដិកា​រតា​មដែន​អាកាសរប​ស់​អាមេរិកក្រោយ​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្ដហោះ​ឈ្លប​ការណ៍​។ 

​នៅ​ក្នុងន័យនេះ​វត្ដ​មាននៃ​យន្ដហោះ​ចម្បាំង​F-22 ជា​ការរារាំង​យ៉ាង​ខ្លាំងក្លា​ទៅលើ​ភាព​តានតឹង​បន្ថែមទៀត​បង្ក​ឡើយ​ដោយ​អ៊ីរ៉ង់​។ នេះ​បើតាម​សម្ដី​លោក​Carl Schuster អតីត​នាយក​ប្រតិ​ប​ត្ដិ​មជ្ឈមណ្ឌល​ស៊ើបអង្កេត​រួម​នៃ​បញ្ជាការដ្ឋាន​អាមេរិក​។  យន្ដហោះ​F-22​បញ្ជូនទៅ​មជ្ឈិមបូព៌ា បន្ថែម​លើ​កងទ័ព យន្ដហោះ​ទម្លាក់​គ្រាប់​B-52 នាវាចម្បាំង និង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង ដែល​អាមេរិក​បាន​បញ្ជូន​ទៅលើ​ក​មុន​។ សម្រាប់​មូលដ្ឋាន​ទ័ពអាកាស​ក្នុងប្រទេស​កាតា មាន​កងទ័ព​អាមេរិក​ចំនួន​១១,០០០​នាក់​ស្ថិតនៅ ដែល​វា​ជា​មូលដ្ឋានទ័ព​ធំ​បំផុត​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​៕

ព័ត៌មានផ្សេងទៀត