គ្រាន់តែ​​លោក​ត្រាំ​​គំរាម​​ដំឡើង​ពន្ធ​​វៀតណាម​​ស្ទុះស្ទា​​សម្រួល​​ស្ថានការណ៍​ភ្លាម​

29-06-2019 11:26 am 2151
  ស្តាប់
ទង់ជាតិអាមេរិក(ឆ្វេង)​និងទង់ជាតិវៀតណាម
ស្តាប់ជាសំឡេង

​ទីក្រុង​ហាណូយ​បាន​ប្ដេជ្ញា​នឹងធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​យុត្ដិធម៌​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​បាន​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​វៀតណាម ដែលជា​អ្នក​នាំចេញ​ដ៏​ធំ​មួយ​ទៅ​អាមេរិក​។ វៀតណាម​មើលឃើញ​ការកើនឡើង​នៃ​ការនាំចេញ​ទៅ​អាមេរិក​ក្នុងឆ្នាំនេះ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​។ សង្គ្រាម​ពាណិជ្ជកម្ម​បាន​ផ្លាស់ប្ដូរ​សុវត្ថិភាព​នៃ​ជំនួញ​របស់​ចិន ហើយ​ធ្វើឲ្យ​តម្លៃ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន​ថោក​ជាង​វៀតណាម​។​

​លោក​ត្រាំ​បាន​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​រួចហើយ ហើយ​ក្នុង​សប្ដាហ៍​នេះ​លោក​ត្រាំ​ក៏​ចាត់ទុក​វៀតណាម​ជា​ប្រទេស​បង្ក​ការរំលោភបំពាន ដូច្នេះ​លោក​បាន​គំរាម​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចេញ​របស់​វៀតណាម​។ ប៉ុន្ដែ​កាលពី​ថ្ងៃ​សុក្រ​វៀតណាម​បាន​ព្យាយាម​ទប់ទល់​នឹង​ភាព​តានតឹង ដោយ​និយាយថា​ខ្លួន​មាន​ការប្ដេជ្ញាចិត្ដ​ខ្ពស់ ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​និង​ទំនាក់ទំនង​វិនិយោគ ឈរលើ​គោលការណ៍​សេរី​យុត្ដិធម៌ ផ្អែកលើ​មូលដ្ឋាន​ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​វៀត​ណា​ម​។​

​សេចក្ដីថ្លែងការណ៍​បាន​ឲ្យដឹងទៀតថា វៀតណាម​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​លើកកម្ពស់​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​កើនឡើង​ជិត​៤០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ប្រៀបធៀប​ទៅ​ប្រទេស​ចិន​ជិត​៤២០​ពាន់​លាន​ដុល្លារ​។ ក្រសួងការបរទេ​សវៀ​ត​ណា​ម​សង្កត់ធ្ងន់​ដែរថា នឹង​ចាត់វិធានការ​ប្រឆាំង​ក្រុមហ៊ុន​ដែល​នាំចេញ​ទំនិញ​ចិន​ខុសច្បាប់ ក្រោម​ឈ្មោះថា​ផលិត​នៅ​ប្រទេស​វៀតណាម ក្នុង​គោលដៅ​ចៀសវាង​ការដំឡើង​ពន្ធ​ពី​សហរដ្ឋអាមេរិក​។​

​សម្រាប់​លោក​ត្រាំ​បាន​ត្អូញត្អែ​ពី​បញ្ហា​ឱនភាព​ពាណិជ្ជគម្ម​ជាមួយ​ប្រទេ​ស​វៀតណាម ដោយ​ជម្រុញ​ឲ្យ​អតីត​ប្រទេស​ជា​សត្រូវ​មួយ​នេះ ទិញ​អាវុធ​និង​ទំនិញ​របស់​អាមេរិក​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​គម្លាត​ពាណិជ្ជ​កម្ម​។ គួរ​បញ្ជាក់ថា អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​មួយ​របស់​វៀតណាម ដោយ​ការនាំចេញ​បាន​កើនឡើង​រហូតដល់​៤០​ភាគរយ​បី​ខែ​ដំបូង​ឆ្នាំ​២០១៩​នេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត