លោកគួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ប្តេជ្ញា​ដឹកនាំ​ខេត្ត​ឲ្យបាន​ល្អ​

29-06-2019 11:18 am 591

​លោក គួច ចំរើន អតីត​អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​នេះ បាន​ចូល​កាន់តំណែង​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក​យន្ត មីន បន្ទាប់ពី​បាន​លាលែង​ពី​តំណែង ក្រោយ​កើតមាន​ឧប្បទ្ទវហេតុ បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​រាប់សិប​នាក់​។ ពិធី​ផ្ទេរ និង​ចូល​កាន់តំណែង​នេះ ធ្វើឡើង ក្រោម​វត្តមាន​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក គួច ចំរើន បានបញ្ជាក់​ថា ដើម្បី​ជា​សក្ខីភាព​ឆ្លើយតប​នឹង​ការផ្តល់​នូវ​ការគាំទ្រ និង​ជំនឿ​ជឿជាក់​ប្រកបដោយ​ទំនុកចិត្ត​ពី ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លោក​បាន​ប្តេជ្ញាចិត្ត​ចំនួន​១១​ចំណុច ដូចខាងក្រោម​៖

១៖ ប្តេជ្ញា​ខិតខំ​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​

២៖ ប្តេជ្ញា​គោរព​គាំទ្រ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​

៣៖ ខិតខំ​គោរព និង​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ និង​រាល់​ការផ្តល់​នូវ​អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​នានា​ឱ្យបាន​ល្អ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​ក្នុង​ការបំពេញ​ភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

៤៖ បន្ត​ការខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​នានា​ទាំងឡាយ​ដែល​ធ្វើឱ្យ​ប៉ះពាល់ បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​លើក​កំពស់​ជីវភាព រស់នៅ សុខមាលភាព​ការ​
​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ពិសេស​អនុសាសន៍​លោកនាយក​រដ្ឋមន្ត្រី «​ពង្រឹង​ការអនុវត្ត​ច្បាប់ គ្មាន​ការលើកលែង​»

៥៖ យកចិត្តទុកដាក់​រៀប​ចំ​កសាង និង​អភិវឌ្ឍន៍​លើ​វិស័យ​នានា​ក្នុង​ខេត្ត ពិសេស​ការរៀបចំ​កែលំអរ​សោភ័ណភាព​ទីក្រុង​ឆ្នេរសមុទ្រ និង​ទីប្រជុំជន​ក្នុង​ការចូលរួម​ប្រលងប្រណាំង ទីក្រុង​
​ស្អាត ធានាបាន​នូវ​បរិស្ថាន​ល្អ ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ចសង្គម លើកស្ទួយ​ជីវភាព​រស់នៅ​ប្រកប​ដោយ​វិបុលភាព ផា​សុខភាព​សុខមាលភាព​ជូន​ប្រជាជន​ទូទាំង​ខេត្ត​ប្រកបដោយ​ចីរភាព​និង​បរិយាប័​ន្ន​

៦៖ ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បន្ត​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សា​ស្ថេរភាព​នយោបាយ និង​ភាព​សុខដុម​នីយកម្ម ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត យកចិត្តទុកដាក់ អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​មុត​ស្រួច ជាពិសេស​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដើម្បី​ការអភិវឌ្ឍន៍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​កម្មវិធី​ជាតិ រយៈពេល ១០​ឆ្នាំ ផែនការ​យុទ្ធសាស្ត្រ រយៈពេល ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ក្នុងតំណាក់កាល​បន្ត​ឲ្យទទួល​បាន លទ្ធផល​ជា​វិជ្ជមាន​

៧៖ ពង្រឹង​ថែរក្សា​ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង ជួរ​គណៈ​អភិបាល​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមប្រឹក្សា រួម​ទាំង​ក្រសួង ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូរ​អភិវឌ្ឍ លើក​កំពស់​សមត្ថភាព​មន្ត្រី​រាជកា​រ​ស៊ីវិល មន្ត្រី​ជំនាញ កងកម្លាំងប្រដាប់អាវុធ ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ខេត្ត​អនុវត្ត​មាន​ភាពរលូន ពង្រឹង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​គ្រប់គ្រង​ស្ថិតិ​ជនអន្តោប្រវេសន៍ កម្មករ​ចំណាកស្រុក​ឱ្យ បាន​ច្បាស់លាស់​

៨៖ ចូលរួម​សហ​ប្រត្តិ​ការអនុវត្ត សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មាការ​ត្រួតពិនិត្យ​គុណភាព​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​សំដៅ​ត្រត​ពិនិត្យ​បទដ្ឋាន បច្ចេកទេស បទដ្ឋាន​គតិយុត្តិ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់ ព្រមទាំង​ត្រត​ពិនិត្យ​លក្ខណៈសម្បត្តិ​របស់​ក្រម​ទទួល​ម៉ៅការ​សាងសង់​

៩៖ ដឹកនាំ​មន្ត្រី​រាជការ មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋាន និង​បម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​

១០៖ សម្របសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ និង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​

១១៖ ត្រៀមកម្លាំង​អន្តរាគមន៍ សម្រាប់​ដោះស្រាយ គ្រោះមហន្តរាយ និង​បញ្ហា​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​។​


ព័ត៌មានផ្សេងទៀត