ទូត​អាមេរិក​៖​ការដាក់ទោស​លោក​រ៉ាត់ រត្ន​មុនី ​រឹតតែ​ធ្វើឱ្យ​គេ​អស់​ជំនឿ​លើ​ប្រព័ន្ធតុលាការ​

29-06-2019 11:14 am 482
  ស្តាប់
photo @ reuters
ស្តាប់ជាសំឡេង

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ​បាន​ថ្លែងថា ការសម្រេច​ដាក់ទោស​លើ​លោក រ៉ាត់ រត្ន​មុនី សកម្មជន​ការងារ​កម្ពុជា ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ មិថុនា​នោះ រឹតតែ​ធ្វើឱ្យ​ពលរដ្ឋ​អស់ជំនឿ​ទៅលើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផា​ន បានចាត់ទុក​ការសម្រេច​របស់​តុលាការ គឺជា​រឿង​ត្រឹមត្រូវ ចំណែក​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ា​លីន បានចាត់ទុក​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​នេះ គឺជា​ការជ្រៀតជ្រែក​អំណាច​តុលាការ​របស់​កម្ពុជា ដែល​ជា​ស្ថាប័ន​ឯករាជ្យ ...

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៨ មិថុនា បាន​ថ្លែង​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ស្ថានទូត​មាន​ក្តីកង្វល់​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការដាក់​ទោស​ដោយ​តុលាការ​លើ​លោក រ៉ាត់ រត្ន​មុនី ដែល​ជា​សកម្មជន​ការងារ​កម្ពុជា ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ចំពោះ​ការ​ដែល​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ ស្តីពី​ការជួញដូរ​ផ្លូវភេទ ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ថា របាយកាណ៍​ពី​សវនាការ​របស់លោក មុនី បង្ហាញថា លោក​មិន​បាន​ទទួល​បាន​ការធានា​លើ​សវនាការ​ប្រកបដោយ​យុត្តិធម៌​ទេ ។ ការដាក់ទោស​លោក រឹតតែ​ធ្វើឱ្យ​គេ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ថែមទៀត ។​

​ស្ថានទូត​ថា សហរដ្ឋអាមេរិក គាំទ្រ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅ​ទូទាំង​ពិភពលោក ដោយ​ចាត់ទុក វា​ជា​ផ្នែក​សំខាន់​មួយ នៃ​អភិបាលកិច្ច​តាម​លទ្ធិប្រជាធិបតេយ្យ ។ 

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​ថា ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​នេះ គឺ​មិន​បាន​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា មិន​មាន​សក្ខីកម្ម​ផ្នែក​ច្បាប់​ណាមួយ​មក​ភ្ជាប់​ជាមួយ​ទេ ។ លោក​បាន​ចាត់ទុក​ការលើកឡើង​នេះ គឺជា​ការជ្រៀតជ្រែក​អំណាច​តុលាការ​របស់​កម្ពុជា ដែល​ជា​ស្ថាប័ន​ឯករាជ្យ​…

សំឡេង​លោក ជិន ម៉ា​លីន ៖

​លោក​ថ្លែងបន្តថា ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​នេះ ហាក់បីដូច​ជា​រឿង​មួយ​ចម្លែក និង​កម្រ​មាន នៅក្នុង​នយោបាយ​ការទូត ក៏ដូចជា ទំនាក់ទំនង​ការទូត តាម​ច្បាប់​អន្តរជាតិ ដែល​ស្ថានទូត​មួយ ធ្វើការ​អត្ថាធិប្បាយ​ក្នុងន័យ​បន្តុះបង្អាប់​ស្ថាប័នរដ្ឋ​មួយ ។​

​ដោយឡែក ជុំវិញ​ករណី​ការសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ ដោយ​ដាក់ទោស​លើ​ករណី លោក រ៉ាត់ រត្ន​មុនី នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផា​ន បាន​ថ្លែង​បញ្ជាក់ថា គឺជា​រឿង​ត្រឹមត្រូវ ។ 

​ខ្លឹមសារ​ដើម​នៃ​សំណេរ​របស់លោក លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន នៅ​ថ្ងៃ​ទី​២៧ មិថុនា បានបញ្ជាក់​ថា «​ការផ្តន្ទាទោស លោក រ៉ាត់ រត្ន​មុនី ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​សារ​មួយ មិន​ត្រឹមតែ​ក្នុងករណី ពី​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ជា​សារ​ប្រឆាំង​នឹង​ការ​បំភ្លៃ​ព័ត៌មាន facek news ដែរ ។​»

​លោក រ៉ាត់ រត្ន​មុនី ក៏​ជា​អតីតមន្ត្រី​សហជីព​ផង​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​បញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ។​

​លោក​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ឫទ្ធី សម្រេច​ឃុំខ្លួន នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ប៉ុន្តែ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកស្រី ឡុង គីម​ហ៊ាង ភរិយា​របស់​លោក រ៉ាត់ រត្ន​មុនី ធ្លាប់បាន​អះអាង​ថា ស្វាមី​របស់​អ្នកស្រី គ្រាន់តែ​ជា​អ្នក​ប្រែភាសា​តែប៉ុណ្ណោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែ​វីដេអូ​នោះឡើយ ។​

​កន្លងមក ទាំង​អ្នកស្រី ឡុង គីម​ហ៊ាង ទាំង​ពលរដ្ឋ​សកម្មជន​មួយចំនួន​ផ្សេងទៀត ធ្លាប់​បាន​ខិតខំ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ជួយ​ដែរ តែ​មិន​ទទួលបាន​លទ្ធផល​ឡើយ ។​

​កាលពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា តុលាការក្រុង​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស លោក រ៉ាត់ រត្ន​មុនី ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ គ្មាន​ការបន្ធូរបន្ថយ និង​សងជំងឺចិត្ត​ជា​ប្រាក់​ចំនួន​២៥​លាន​រៀល​ក្នុង​ម្នាក់ ទៅឱ្យ​២​នាក់​បងប្អូន ដែល​ជា​ដើមបណ្តឹង ។​

​លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​ញុះញង់​ឱ្យ​មាន​ការរើសអើង​» បន្ទាប់ពី​លោក បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ ស្តីពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ឱ្យ​សារព័ត៌មាន RT របស់​រុស្ស៊ី ។​

​អាជ្ញាធរ​បាន​អះអាង​ថា ភាពយន្ត «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ដែល​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​វ័យក្មេង​៣​នាក់ ត្រូវ​បាន​លក់​ឱ្យ​បម្រើសេវា​ផ្លូវភេទ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ ជា​វីដេអូ​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា ។​

​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​កាលពី​ថ្ងៃ​ទី​២៧ មិថុនា បាន​ឱ្យ​បង្ហាញ​អំពី​របាយការណ៍​របស់​អង្គការ Freedom House ដែល​និយាយ​អំពី «​សេរីភាព​នៅក្នុង​ពិភពលោក ឆ្នាំ​២០១៩» ដោយ​ក្នុង​នោះ របាយការណ៍​បានបញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​ដល់​លេខ​២៦ ក្នុងចំណោម​ប្រទេស​ចំនួន​១០០ នៅ​ទូទាំង​សាកលលោក ជាមួយនឹង​ប្រទេស​អាហ្កានីស្ថាន Djibouti និង​ប្រទេស Gabon ។​

​ស្ថានទូត​អាមេរិក បានបង្ហាញ​ក្តីសោកស្តាយ ដែល​សេរីភាព​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា កំពុង​មាន​ការធ្លាក់ចុះ ដោយ​រួម​ទាំង​កង្វះ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ការដើរថយក្រោយ​យ៉ាង​គំហ៊ុក នៃ​ផ្នែក​សារព័ត៌មាន​ឯករាជ្យ បាន​ធ្វើឱ្យ​កម្ពុជា​ស្ថិតនៅ​លើ​គន្លង​ធ្លាក់ចុះ​យ៉ាង​ចោទ ។​

​ក៏ប៉ុន្តែ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផា​ន ប្រាប់​វិទ្យុ​វាយោ​ថា រដ្ឋាភិបាល​មិន​ឱ្យ​តម្លៃ​ទៅលើ​របាយការណ៍​របស់​អង្គការ Freedom house ទេ ដោយហេតុ​ថា របាយការណ៍​នោះ មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​នៅ​កម្ពុជា ម្យ៉ាងទៀត រាជរដ្ឋាភិបាល​ក៏​មិន​បាន​យកចិត្តទុកដាក់ ឬ​ទទួល​ស្គាល់​ទៅលើ​របាយការណ៍​ទាំងនោះ​ដែរ​…

សំឡេង​លោក ផៃ ស៊ីផា​ន ៖

​យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បានចាត់ទុក​របាយការណ៍​នោះ គឺជា​ការដាក់បន្ទុក​ម​កលើ​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​ថា របាយការណ៍​នោះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង ហើយ​ស្ថានទូត​អាមេរិក បាន​លើកយក​តែ​របាយការណ៍​មួយ​ចំហៀង​មក​បង្ហាញ …

​សំឡេង​លោក ជិន ម៉ា​លីន ៖

ព័ត៌មានផ្សេងទៀត