នៅក្នុងវេទិកាពិភាក្សាអំពីបញ្ហាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិន ក្នុងបរិបទកម្ពុជា នៅ ថ្ងៃទី ២៨ ខែ មិថុនា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានស្នើដល់សហរដ្ឋអាមេរិក និង ចិន ងាកមករកតុចរចា ដើម្បីឈានដល់ការបញ្ចប់ជម្លោះពាណិជ្ជកម្មដែលកំពុងកើនកំដៅនៅពេលបច្ចុប្បន្ន ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព នយោបាយ និង សេដ្ឋកិច្ចទាំងក្នុងតំបន់ និង នៅលើពិភពលោក។
អ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា« ប្រសិនប្រទេសទាំងពីរនៅតែមិនមានការចរចាគ្នាទេនោះ ភាគីទាំងពីរនឹងខាតបង់ផលប្រយោជន៍កាន់តែខ្លាំង តាមរយៈការប្រឈមមុខដាក់គ្នាទៅវិញទៅមក។ម្យ៉ាងវិញទៀតកម្ពុជា មិនចង់ឲ្យប្រទេសណាមួយយកមហិច្ឆតានយោបាយរបស់ខ្លួន ដើម្បីបំផ្លាញពិភពលោកនោះទេ»។
សូមបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ត្រូវបានគេយល់ថាស្ទើរតែធ្លាក់ទៅដល់សង្គ្រាមពាណិជ្ជកម្ម ក្រោយពីប្រទេសទាំងពីរ បានបង្ហាញសាច់ដុំសេដ្ឋកិច្ចដាក់គ្នាក្នុងការកំណត់ដកហូតពន្ធនាំចេញនាំចូលរៀងៗខ្លួន៕