រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​​លើកឡើ​ង​ពី​កំណើន​សេដ្ឋកិច្ចកម្ពុជា​​

29-06-2019 10:14 am 187

​​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម វាយតំម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន ដែល​រៀបចំ​នៅ​សណ្ឋាគារ​សុខា​និង​រ៉េ​ស៊ីដេន រាជធានី​ភ្នំពេញ សម្រេចបាន​លទ្ធផល​គាប់ប្រសើរ នៅក្រោម​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ការលើកឡើង​របស់ លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ សហព័ន្ធ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​អាស៊ាន​លើក​ទី​៤២ និង​កិច្ចប្រជុំ​កំពូល លើក​ទី​៣៩ នា​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា​នេះ ដែលមាន​ការចូលរួម​ពី​លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​កាត់ដេ​រ​នៅ​កម្ពុជា និង​លោក ផុង​សាក់ អាស​សា​កុល ប្រធានកិត្តិយស​សហព័ន្ធ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​អាស៊ាន ព្រមទាំង​សមាជិក​-​សមាជិកា​ជាង ៣០​រូប​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការកសាង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការអនុវត្ត​បញ្ជរ​អាស៊ាន​តែមួយ ដើម្បី​ជំរុញ​ការធ្វើសមាហរណកម្ម​ទំនិញ និង​សេវាកម្ម ចូលទៅក្នុង​បណ្តាញ​ផលិតកម្ម​កម្រិត​តំបន់ និង​ពិភពលោក ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហព័ន្ធ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​អាស៊ាន និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ទាំងមូល​។​

​លោក​រដ្ឋមន្ត្រី បាន​ប្រាប់​ដល់​អង្គពិធី អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទស្សវត្ស​ចុងក្រោយ នៅក្រោម​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​ជួយ​ឱ្យ​កម្ពុជា មាន​ការផ្លាស់ប្តូរ​យ៉ាង​ល្អប្រសើរ ទាំង​ទិដ្ឋភាព​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម ហើយ​ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ ជាពិសេស​ធនាគារពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ចាត់ទុកជា​ខ្លា​ថ្មី​នៅ​អាស៊ី​៕


ព័ត៌មានផ្សេងទៀត