លោក​ត្រាំ​៖​​ខ្ញុំ​ចង់​ជួប​​លោក​គីម​​សប្ដាហ៍​នេះ ត្រឹមតែ​ចាប់ដៃ​​និង​និយាយ​​សួស្ដី​ក៏បាន​

29-06-2019 9:41 am 256
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃទី​២៩​មិថុនា​នេះ​ថា លោក​ចង់​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ក្នុង​សប្ដាហ៍​នេះ នៅ​តំបន់​គ្មាន​យោធា​ជា​ព្រំដែន​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​។ ការលើកឡើង​នេះ​ខណៈ​លោក​ត្រាំ កំពុង​ចូលរួម​កិច្ចប្រជុំ​G20​ក្នុងប្រទេស​ជប៉ុន ហើយ​លោក​នឹង​បន្ដដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​។ ដូច្នេះ​ប្រសិនបើ​អាច​ពេល​លោក​ទៅដល់​កូរ៉េខាងត្បូង លោក​ចង់​ជួប​លោក​គីម​។ លោក​ត្រាំ​បានបញ្ជាក់​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រថា ពេល​នៅ​កូរ៉េខាងត្បូង​លោក​ចង់​ជួប​ជាមួយ​លោក​គីម​នៅ​ព្រំដែន គ្រាន់តែ​ជួប​ចាប់ដៃ​និង​និយាយ​សួស្ដី​ក៏បាន​។ 

​សូមបញ្ជាក់ថា បច្ចុប្បន្ន​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​ជាប់គាំង លើ​កិច្ចចរចា​រំលាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ ក្រោយ​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​គីម​និង​លោក​ត្រាំ នៅ​វៀតណាម​កាលពី​ចុងខែ​កុម្ភៈ​បរាជ័យ មេដឹកនាំ​ទាំងពីរ​ក៏​បង្ហាញ​ចេតនា​ចង់​ជួបគ្នា​ជា​លើក​ទី​បី ប៉ុន្ដែ​មិនទាន់​កំណត់ពេល​បាន​ដោយសារ​នៅ​ខ្វែងគំនិត​លើ​បញ្ហា​មួយចំនួន ដែល​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​បី​។ កូរ៉េខាងជើង​ធ្លាប់​និយាយថា​បើ​អាមេរិក​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ កិច្ច​ជំនួប​ជាថ្មី​រវាង​លោក​ត្រាំ​និង​លោក​គីម​ក៏​មិនអាច​កើតឡើង​បានដែរ​៕

ព័ត៌មានផ្សេងទៀត