ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី២៩មិថុនានេះថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនក្នុងសប្ដាហ៍នេះ នៅតំបន់គ្មានយោធាជាព្រំដែនរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ ការលើកឡើងនេះខណៈលោកត្រាំ កំពុងចូលរួមកិច្ចប្រជុំG20ក្នុងប្រទេសជប៉ុន ហើយលោកនឹងបន្ដដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីចប់កិច្ចប្រជុំ។ ដូច្នេះប្រសិនបើអាចពេលលោកទៅដល់កូរ៉េខាងត្បូង លោកចង់ជួបលោកគីម។ លោកត្រាំបានបញ្ជាក់នៅលើប្រព័ន្ធធ្វីតទ័រថា ពេលនៅកូរ៉េខាងត្បូងលោកចង់ជួបជាមួយលោកគីមនៅព្រំដែន គ្រាន់តែជួបចាប់ដៃនិងនិយាយសួស្ដីក៏បាន។
សូមបញ្ជាក់ថា បច្ចុប្បន្នអាមេរិកនិងកូរ៉េខាងជើងកំពុងជាប់គាំង លើកិច្ចចរចារំលាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ ក្រោយកិច្ចជំនួបលើកទីពីររវាងលោកគីមនិងលោកត្រាំ នៅវៀតណាមកាលពីចុងខែកុម្ភៈបរាជ័យ មេដឹកនាំទាំងពីរក៏បង្ហាញចេតនាចង់ជួបគ្នាជាលើកទីបី ប៉ុន្ដែមិនទាន់កំណត់ពេលបានដោយសារនៅខ្វែងគំនិតលើបញ្ហាមួយចំនួន ដែលរាំងស្ទះដល់ដំណើរការរៀបចំកិច្ចប្រជុំលើកទីបី។ កូរ៉េខាងជើងធ្លាប់និយាយថាបើអាមេរិកមិនផ្លាស់ប្ដូរឥរិយាបថ កិច្ចជំនួបជាថ្មីរវាងលោកត្រាំនិងលោកគីមក៏មិនអាចកើតឡើងបានដែរ៕