ទីក្រុង​ចំនួន​២១​​នៅ​ឥណ្ឌា​​នឹង​ត្រូវ​អស់​ទឹក​ក្រោម​ដី​​នៅ​ឆ្នាំ​២០២០

29-06-2019 7:26 am 287
រូបភាព​តំបន់ដែលជួបគ្រោះរាំងស្ងួតនៅឥណ្ឌា

​សព្វថ្ងៃ​នេះ​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ទី​ពីរ​ក្នុង​លោក កំពុងតែ​ប្រឈម​បញ្ហា​ខ្វះខាត​ទឹក​ជាខ្លាំង​។ ប្រជាជន​ប្រមាណ​១០០​លាន​នាក់​ទូទាំង​ប្រទេស​ឥណ្ឌា កំពុង​តែ​ស្ថិតនៅ​ជួរ​មុខ​នៃ​ប្រជាជន​ដែល​ជួប​វិបត្ដិ​ទឹក​ខ្លាំង​បំផុត​ទូទាំង​ពិភពលោក​។ មាន​ទីក្រុង​សរុប​ចំនួន​២១​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ប្រឈម​នឹង​ការ​អស់​ទឹក​នៅ​ក្រោម​ដី​នា​ឆ្នាំក្រោយ​។ នេះ​បើ​តាម​របាយការណ៍​ឆ្នាំ​២០១៨ ចេញ​ដោយ​ក្រុម​អ្នកជំនាញ​រដ្ឋាភិបាល​ឥណ្ឌា​។ 

​ភ្លៀង​នា​រដូវ​មូសុង​ដែល​កំពុង​ត្រូវការ​ចាំបាច់​បំផុត កើតមានឡើង​ក្នុង​តំបន់​មួយចំនួន​ប៉ុណ្ណោះ ខណៈ​ដែល​រលក​កម្ដៅ​បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​១៣៧​នាក់​ហើយ​ក្នុង​រដូវក្ដៅ​នេះ​។ ទឹក​នៅ​ក្រោម​ដី​ដែល​កំពុង​ថយចុះ​យ៉ាង​គំហុក​ជាច្រើន​ឆ្នាំ​មកហើយ​នោះ មាន​ចំនួន​៤០​ភាគរយ​នៃ​ការផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ឥណ្ឌា​។ ប៉ុន្ដែ​គណៈកម្មការ​គ្រប់គ្រង​ទឹក​បានឲ្យដឹងថា ប្រភព​ផ្គត់ផ្គង់​ទឹក​ផ្សេងទៀត​ក៏​កំពុង​រីងស្ងួត​ដែរ​។ ស្ទើរតែ​ពីរភាគបី​នៃ​អាង​ស្ដុក​ទឹក​នៅ​ឥណ្ឌា ទឹក​កំពុង​ធ្លាក់​ក្រោម​កម្រិត​ធម្មតា​។​

​សូមបញ្ជាក់​ថា បើ​តាម​ការបញ្ជាក់​ពី​របាយការណ៍​របស់​ក្រុម​ជំនាញ មាន​ប្រជាជន​៦០០​លាន​នាក់​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​។ ក្រៅពី​នេះ​ក្នុង​មួយឆ្នាំៗ​មាន​ប្រជាជន​ចំនួន​២០​ម៉ឺន​នាក់​បាន​ស្លាប់ ដោយសារ​តែ​ការផ្គត់ផ្គង់​ទឹក​មិន​គ្រប់គ្រាន់ និង​ដោយសារ​ទឹក​គ្មាន​សុវត្ថិភាព​៕

 ពាក្យគន្លឹះ  ឥណ្ឌាវិបត្ដិទឹក

ព័ត៌មានផ្សេងទៀត