លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​​ព្រមាន​​ចាប់​ក្រុមប្រឆាំង​​ដាក់ពន្ធនាគារ​

28-06-2019 3:36 pm 329
  ស្តាប់
ប្រធានាធិបតី​ហ្វីលីពីន​​លោករ៉ូឌ្រីហ្គោ ឌុយទែតេ
ស្តាប់ជាសំឡេង

​ប្រធាន​ធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បាន​ព្រមាន​ដល់​ក្រុមប្រឆាំង​ថា នឹង​ចាប់​ពួកគេ​ដាក់ពន្ធនាគារ​ប្រសិនបើ​ព្យាយាម​ដាក់ពាក្យ​ប្ដឹង​លោក​។ ការលើកឡើង​ដូច្នេះ​ត្រូវបាន​មន្ដ្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ និង​ក្រុម​សមាជិកសភា​អាស៊ី​ចាត់ទុកថា ជាការ​ធ្វើទុក្ខបុកម្នេញ​និង​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​។ លោក​ឌុយ​ទែ​តេ​បានបញ្ចេញ​កំហឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចន្លោះពេល​មាន​ការរិះគន់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ចោទប្រកាន់ថា​លោក​ប្រធានាធិបតី កំពុង​ឈរ​នៅ​ខាង​ចិន​ជុំវិញ​ករណី​ទូក​នេសាទ​ចិន​ធ្វើឲ្យ​លិ​ចទូក​នេសាទ​ហ្វីលីពីន​។ 

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០៩​មិថុនា ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ទីក្រុង​ម៉ានីល ដែល​លោក​ឌុយ​ទែ​តេបាន​បញ្ជាក់ថា​ឧបទ្ទវហេតុ​កើតឡើង មិនមែនជា​ចេតនា​របស់​ចិន​ឡើយ​។ លោក​ក៏​អនុញ្ញាតឲ្យ​ទូក​នេសាទ​ចិន​ត្រឡប់ទៅវិញ ក្រោម​ហេតុផល​ប្រទេស​ទាំងពីរ​ជាមិ​ត្ដនឹង​គ្នា​។ ប៉ុន្ដែ​ក្រុម​អ្នក​រិះគន់​ក្នុងនោះ​មាន​មន្ដ្រីជាន់ខ្ពស់​ចៅក្រម និង​អតីត​រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​ផង បានចាត់ទុក​ទង្វើ​លោក​ឌុយ​ទែ​តេជា​ការរំលោភ​រដ្ឋធម្មនុញ្ញ និង​ថា​ត្រឹមត្រូវ​ណាស់​ដែល​គួរ​ចោទប្រកាន់​លោក​ឌុយ​ទែ​តេ​។​

​ទោះជា​យ៉ាងណាក្ដី ដូចដែល​បានដឹងហើយថា​លោក​ឌុយ​ទែ​តេមាន​អត្ដចរិត​យ៉ាងម៉េច​។ លោក​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា “​ជា​រូបខ្ញុំ ដែល​នឹង​ត្រូវគេ​ដាក់ពាក្យ​ប្ដឹង​? ខ្ញុំ​នឹង​ចាប់​ពួកគេ​ដាក់ពន្ធនាគារ​ទាំងអស់​។ សូមកុំ​ព្យាយាម​ធ្វើបែបនេះ​អី មិន​អ៊ីចឹង​ទេ​ខ្ញុំ​នឹងធ្វើ​វា​ដែរ​។ តើ​អ្នក​ពិតជា​ចង់​បង្ខំ​ឲ្យ​ខ្ញុំ​ចាប់​អ្នក​ដាក់ពន្ធនាគារ​ឬ​? បើសិន​ដូច្នេះ​មែន​សូម​អញ្ជើញ​ដាក់ពាក្យ​ប្ដឹង​ខ្ញុំ​ចុះ​។​”  នៅពេល​សាកសួរ​ពី​ការគំរាមកំហែង​របស់​លោក​ឌុយ​ទែ​តេ​រឿង​ចាប់​អ្នកប្រឆាំង​ដាក់ពន្ធនាគារ អ្នកនាំពាក្យ​ប្រធានាធិបតី​និយាយថា លោក​ឌុយ​ទែ​តេ​ពិតជា​ខកចិត្ដ​ខ្លាំងណាស់ ដែល​ប្រជាជន​មិនបាន​មើលឃើញថា​លោក​កំពុង​ធ្វើ​រឿង​ដើម្បី​ប្រយោជន៍​ជាតិ​។ លោក​ក៏​មិន​យល់​ដែរ​ហេតុអ្វី​បានជា​ប្រជាជន​ប្រឆាំង​គោលនយោបាយ​របស់លោក​។​

​របាយការណ៍​ចេញ​ដោយ​សមាជិកសភា​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស បាន​រិះគន់​ដល់​រដ្ឋបាល​លោក​ឌុយ​ទែ​តេ​ថា​បាន​គំរាមកំហែង ឈ្លានពាន និង​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​គូប្រជែង ក្នុង​ចេតនា​លុបបំបាត់​ការរិះគន់ ធ្វើឲ្យ​តុល្យភាព ការត្រួតពិនិត្យ​លើ​សកម្មភាព​រដ្ឋាភិបាល​កាន់តែ​ចុះខ្សោយ​។ ចំណែក​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​លើកឡើងថា​ពិតជា​មាន​ហា​នី​ភ័យ​ខ្ពស់​ណាស់​សម្រាប់​ប្រជាជន​ហ្វីលីពីន​ដែល​ហ៊ាន​និយាយ​ការពិត ដោយសារតែ​រង​ការគំរាមកំហែង​ជា​សាធារណៈ​ពី​មន្ដ្រី​របស់​រដ្ឋ​។ 

​សម្រាប់​អ្នកវិភាគ​មួយចំនួន​និយាយថា ប្រទេស​ចិន​បានផ្ដល់​ផលប្រយោជន៍​ខ្ពស់​ដល់​ហ្វីលីពីន ដូចជា​ផ្ដល់​កម្ចី​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​សន្យា​ជំរុញ​ការវិនិយោគ​កាន់តែ​ធំ​ជាង​មុន​។ ទាំងអស់នេះ​បាន​យកឈ្នះ​ការយល់ព្រម​ពី​លោក​ឌុយ​ទែ​តេ ប៉ុន្ដែ​អ្វីដែល​ចិន​បាន​សន្យា​ភាគច្រើន​ពុំទាន់​លេច​រូបរាង​ឡើង​ទេ ផ្ទុយទៅវិញ​ចិន​មាន​ចេតនា​ចង់​បន្ដ​ពង្រីក​កម្លាំងយោធា​នៅលើ​កោះ​សិប្បនិម្មិត និង​ពង្រឹង​ក្រុម​នេសាទ​របស់គេ​។ ចំពោះ​លោក​ឌុយ​ទែ​តេ​ហាក់​កំពុង​ត្រូវបាន​ចិន​បោកប្រាស់​៕

ព័ត៌មានផ្សេងទៀត