លោក​​ហ៊ុន សែន​​៖«​ការមិន​​ឱនក្បាល​​របស់​យើង​ វា​ជា​កិត្តិយស​​ជាតិ​​»​

28-06-2019 10:06 am 335
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអង្គមី​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា។រូបថតពី FN

​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៨​ខែមិថុនា​នេះ បាន​ប្រារព្ធ​មី​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨​មិថុនា ១៩៥១-២៨ មិថុនា ឆ្នាំ​២០១៩​។​ការ​ប្រារព្ធ​ខួប​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  និង មាន​សមាជិក​ចូលរួម ៣ ម៉ឺន​នាក់​។​ក្នុងឱកាស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​ជាថ្មី​ថា កម្ពុជា​មិន​នៅក្រោម​ការត្រួតត្រា​របស់​ប្រទេស​ណា​នោះទេ ហើយ​មិន​ផ្តល់ឱកាស​ឱ្យ​បរទេស​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។​

​ថ្លែង​នៅក្នុង​អង្គ​មី​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស បានលើកឡើង​ពី​សមិទ្ធិផល​នានា​របស់​គណបក្ស​ក្នុង​ការដឹកនាំ​រយៈពេល​៤០​ឆ្នាំ​កន្លងទៅ​។ រយៈពេល​៤០​ឆ្នាំ​ចុងក្រោយ លោក​ហ៊ុន សែន​បាន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ដោយ​ជោគជ័យ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ មិន​ឆ្វេង មិន​ស្តាំ មិន​បាត់​ម្ចាស់ការ ពោលគឺ​មាន​លក្ខណៈ​ប្រាកដ​ជាក់ស្តែង ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន និង ស្របទៅនឹង​ការវិវត្ត​នៃ​សភាពការណ៍​ជាតិ និង អន្តរជាតិ​។​

​ក្រៅពី​ការ​ការលើកឡើង​ខាងលើ ប្រមុខ​បក្ស​ប្រជាជន​កម្ពុជា​ក៏​យក​ឱកាស​នេះ ដើម្បី​រំលឹក​ឡើងវិញ​ពី​បញ្ហា​ត្រួតត្រា​របស់​បរទេស​។​លោក ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​មិន​នៅក្រោម​ការត្រួតត្រា​របស់​ប្រទេស​ណា​នោះទេ ហើយ​កម្ពុជា​មិន​ផ្តល់ឱកាស​ឱ្យ​បរទេស​ណា មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។​កម្ពុជា​ធ្លាប់​ទទួលរង​រួចមកហើយ​នូវ​ការដាក់ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​ពី​សំណាក់​បរទេស​។​ហើយ​ការមិន​ឱនក្បាល​របស់​កម្ពុជា វា​ជា​កិត្តិ​ជាតិ​របស់​កម្ពុជា​។​

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បណ្តាល​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍ និង សហគមន៍​អន្តរជាតិ​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការ​រស់​ឡើងវិញ និង ការរីកចម្រើន​របស់​កម្ពុជា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ​។​ព្រម​ជាមួយនេះ លោក​មាន​សង្ឃឹមថា ប្រទេស​មួយចំនួន​ដែល​នៅមាន​ទស្សនៈ​ខុសឆ្គង​ចំពោះ​កម្ពុជា នឹង​ទទួលយក​ការពិត​គោរព​អធិបតេយ្យ និង សិទ្ធិ​ស្វ័យ​សម្រេច​របស់​កម្ពុជា​។​

​គួរ​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា មានឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​។ គណបក្ស​នេះ​បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ប្រភពពី​ចលនា​តស៊ូ របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម ដើម្បី​ឯករាជ្យ​ជាតិ​។​ពី​ឆ្នាំ​១៩៩១ លោក ជា ស៊ីម ធ្វើជា​ប្រធាន​គណបក្ស​រហូតដល់​លោក​ទទួលមរណភាព​នៅ ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ លោក ហ៊ុន សែន បានទទួល​តំណែង​ជា​ប្រធាន​បក្ស​នេះ​រហូតមក​បច្ចុប្បន្ននេះ​៕

ព័ត៌មានផ្សេងទៀត