ប្រវត្តិ​​សង្ខេប​នៃ​«​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​»​

28-06-2019 8:40 am 319

​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៨​ខែមិថុនា​នេះ បាន​ប្រារព្ធ​មី​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨​មិថុនា ១៩៥១-២៨ មិថុនា ឆ្នាំ​២០១៩​។​ការ​ប្រារព្ធ​ខួប​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  និង មាន​សមាជិក​ចូលរួម ៣ ម៉ឺន​នាក់​។​ឆ្លៀត​ក្នុងឱកាស​នេះ វិទ្យុវាយោ សូម​រម្លឹក​ពី​ប្រវត្តិ​សង្ខេប​ខ្លះៗ​នៃ​គណបក្សកាន់អំណាច​មួយ​នេះ​៖

​គណបក្ស​ប្រជាជន​កម្ពុជា មានឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​។ គណបក្ស​នេះ​បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ប្រភពពី​ចលនា​តស៊ូ របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម ដើម្បី​ឯករាជ្យ​ជាតិ​។​

​លោក សឺ​ន ង៉ុក​មិញ ហៅ​អាចារ្យ មៀន ដែល​មានឈ្មោះ​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) គឺជា​អ្នក​ផ្តួចផ្តើម​បង្កើត​បក្ស​នេះ​ឡើង ក្នុង​គោលបំណង​បណ្ដេញ​អាណានិគមនិយម​បារាំង ចេញ​ឲ្យអស់​ពី​ភូមិភាគ​ឥណ្ឌូចិន​ទាំងមូល​។ ចលនា​នេះ បានធ្វើ​ការតស៊ូ​ជា​របៀប​ទ័ពព្រៃ​ប្រឆាំង​បារាំង​រហូតដល់​ឆ្នាំ​១៩៥៤​។​

​បន្ទាប់ពី​មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ក្រុង​ហ្សឺ​ណែ​វ នៅ​ខែកក្កដា ឆ្នាំ​១៩៥៤ ដែលជា​សន្ធិសញ្ញា​បញ្ចប់​ជា​ផ្លូវការ នូវ​អាណានិគម​របស់​បារាំង ក្នុង​ភូមិភាគ​ឥណ្ឌូចិន សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏បាន​បែកចេញ​ជា ៣​ក្រុម​។​

​ក្រុមទី​១ ដឹកនាំ​ដោយ លោក សឺ​ន ង៉ុក​មិញ​។ ក្រុម​នេះ​មាន​យុទ្ធជន​ប្រមាណ ២៥០០​នាក់​ចូលរួម ក្នុងនោះ​ក៏មាន លោក ប៉ែន សុវណ្ណ​ផងដែរ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការបណ្តុះបណ្តាល​ផ្នែក​នយោបាយ​។​

​ក្រុមទី​២ ដឹកនាំ​ដោយ លោក ទូ សាមុត លោក នួន ជា និង​លោក សោ ភឹម ជាដើម នៅ​ធ្វើ​ចលនា​នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត នៅក្រោម​ស្លាក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដដែល​។ រីឯ​ក្រុមទី​៣ បាន​ប្រមូលផ្តុំ​គ្នា​បង្កើតជា​គណបក្ស​នយោបាយ​ស្របច្បាប់​មួយ​ឈ្មោះថា គណបក្ស​ប្រជាជន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៥៥​។​

​មុនពេល​រំដោះប្រទេស​បាន​ពី​ពួក​ខ្មែរក្រហម ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា  ដែល​រួមគ្នា​បង្កើត​ដោយ សម​មិត្ត ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម ជាដើម នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ បានធ្វើ​មហាសន្និបាត​បក្ស​ដើម្បី​រៀបចំ​ស្ដារ និង​កសាង​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ឡើងវិញ​។​

​ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវបាន​គេ​ប្រើប្រាស់​ឡើងវិញ​តាំងពី​ខែមករា ឆ្នាំ​១៩៧៩ នោះ មក​រហូតដល់​ឆ្នាំ​១៩៩១ នៅពេលដែល​ឈ្មោះ​នេះ ត្រូវបាន​គេ​ប្ដូរ​ទៅជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​ស្គាល់​រហូតមកទល់​ពេលបច្ចុប្បន្ន​។​

​ក្រោយពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវបាន​គេ​ប្រើប្រាស់​ឡើងវិញ​តាំង​១៩៧៩ វិញ លោក ប៉ែន សុវណ្ណ ត្រូវបាន​គណបក្ស​ជ្រើសតាំង​ជា​អគ្គលេខាធិការ​បក្ស រហូតដល់​ពេល​លោក​ត្រូវបាន​វៀតណាម​ចាប់ខ្លួន​នៅ​ឆ្នាំ​១៩៨១​។ លោក ហេង សំរិន បាន​ដឹកនាំ​បន្ត​ពី​លោក ប៉ែន សុវណ្ណ ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩១​។ ពី​ឆ្នាំ​១៩៩១ លោក ជា ស៊ីម ធ្វើជា​ប្រធាន​គណបក្ស​រហូតដល់​លោក​ទទួលមរណភាព​នៅ ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ លោក ហ៊ុន សែន បានទទួល​តំណែង​ជា​ប្រធាន​បក្ស​នេះ​រហូតមក​បច្ចុប្បន្ននេះ​៕


ព័ត៌មានផ្សេងទៀត